​ពលរដ្ឋ​នៅ​សៀមរាប​ថា ទាហាន​យោធភូមិភាគ​ទី​៤​បំផ្លាញ​ដំណាំ និង​រារាំង​មិនឲ្យ​ពួកគេ​បង្កបង្កើនផល​​

ដោយ៖​ បូ សាវី​ | ថ្ងៃអង្គារ ទី11 សីហា 2015, 04:48 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ប្រជាពលរដ្ឋ​នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ក្នុង​ខេត្ត​សៀមរាប​អះអាងថា ទាហាន​យោធភូមិភាគ​ទី​៤ ប្រចាំការ​នៅ​ចំណុច​អូរ​ទី​៤​ក្នុង​ស្រុក​ស្វាយ​លើ​គំរាមកំហែង និង​រារាំង​ពួកគាត់​មិនឲ្យ​ធ្វើ​ស្រែចម្ការ ខណៈ​ដល់​រដូវវស្សា​បង្កបង្កើន​ផល​។​

​តំណាង​ពលរដ្ឋ​លោក ស្វាយ ជុំ ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​យោធា​នៃ​យោធភូមិ​ភាគ​ទី​៤ ប្រចាំការ​នៅ​អូរ​ទី​៤​ក្នុង​ស្រុក​ស្វាយ​លើ ប្រមាណ​១០​នាក់​ប្រដាប់​ដោយ​អាវុធ ដែល​លោក​អះអាង​ថា​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ ទេព រួន និង​ឈ្មោះ ហូ​វ ហឺ​យ បាន​ដើរ​បោះបង្គោល និង​បាញ់ថ្នាំ​ពណ៌​ក្រហម​លើ​ដី​ពួកគាត់ ដោយ​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​យោធា​។ លោក ស្វាយ ជុំ បន្ដថា ក្រុម​យោធា​ទាំងនោះ ក៏​បាន​បំផ្លាញ​ដំណាំ និង​គំរាមកំហែង​ពួកគាត់​មិនឲ្យ​ធ្វើ​ស្រែ​ចម្ការ​ផង​ដែរ នៅ​ក្នុង​រដូវវស្សា​នេះ​។

​មេភូមិ​សែន​ជ័យ លោក ខាន់ ផល ឲ្យដឹងថា ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​បាន​ដាក់​ពាក្យបណ្ដឹង ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យជួយ​ដោះស្រាយ​ជា​ថ្មី​ទៀត បន្ទាប់ពី​ពួកគាត់​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​មួយចំនួន​នៅតែ​មិន​មាន​ដំណោះស្រាយ​។ លោក​ថា អ្នកភូមិ​ទាំងនោះ​នឹង​ប្រឈម​ការខ្វះខាត​ស្បៀងអាហារ​នៅពេល​ខាងមុខ បើសិន​ក្រុម​កងទ័ព​នៅតែ​បន្ដ​ហាមឃាត់​ពួកគាត់​។ 

​លោក ខាន់ ផល បន្ថែមថា ប្រជាពលរដ្ឋ​បាន​រស់នៅ​ទីនោះ​តាំងពី​មុន​ឆ្នាំ​២០០៦​មក​ម្លេះ ខណៈ​លោក​ថា យោធា​ទើប​ទៅ​កាន់កាប់​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ​។ សំឡេង​៖
VOD មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ ទេព រួន ដែល​ពលរដ្ឋ​ចោទថា​បាន​ដឹកនាំ​យោធា​ទៅ​បំផ្លាញ​ដំណាំ​ពួកគាត់​ទេ ដោយ​លោក​ផ្ដាច់​ទូរស័ព្ទ បន្ទាប់​ពី​សួរ​សំណួរ​រឿង​ពលរដ្ឋ​នៅ​ភូមិ​សែន​ជ័យ​។

​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ដ​សៀមរាប​អ្នកស្រី ឈុយ វណ្ណ​ថា មានប្រសាសន៍ថា អ្នកស្រី​ធ្លាប់បាន​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​។ អ្នកស្រី​ថា អាជ្ញាធរ​គួរ​មាន​វិធានការ​ដោយ​ផ្អាក​សកម្មភាព​យោធា​ជា​បណ្ដោះអាសន្ន និង​រក​ដំណោះស្រាយ​សមស្រប​ជូន​ពួកគាត់ ជៀសវាង​ជម្លោះ​កាន់តែ​អូសបន្លាយ​។

​គួររំឭកថា កាលពីដើមឆ្នាំ​២០១៥  តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កែ សុវណ្ណ​រតន៍ បាន​ស្នើ​ទៅ​ប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យ​អន្ដរាគមន៍​ទៅ​ក្រសួង​ការពារ​ជាតិ​ឲ្យ​បញ្ឈប់​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ទំនប់​ទឹក​កាត់​អូរ​ទី​៤ នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ដែល​ពលរដ្ឋ​៧៥​គ្រួសារ​អះអាងថា ការធ្វើ​ទំ​បន់​ទឹក​នេះ​បណ្ដាល​ឲ្យ​ទឹកជន់​លិច​លំនៅឋាន និង​ដំណាំ​កសិផល​របស់​ពួកគេ​។​

​នៅ​ដើម​ខែ​មេសា រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​ចេញ​លិខិត​បកស្រាយ​មួយ​ច្បាប់​ដោយ​បដិសេធ​មិន​ដោះស្រាយ​ជម្លោះ​នេះ ដោយ​អះអាង​ថា ការ​ចោទ​យោធា​ធ្វើ​ទុក​បុក​ម្នេញ​លើ​ពលរដ្ឋ​នោះ​ជា​រឿង​មិន​ពិត​។ លិខិត​នោះ​អះអាងថា ករណី​វិវាទ​ទាំង​ពីរ​ភាគី​នេះ មិនមែន​ជា​រឿង​ឯកជន​ទេ​។ លោក ទា បាញ់ អះអាង​នៅក្នុង​លិខិត​របស់​លោក​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ជា​ជន​ចំណាកស្រុក​មក​ពី​ខេត្ដ​ផ្សេងៗ ទើប​ចូល​ទៅ​រស់នៅ​ឆ្នាំ​២០១២​ប៉ុណ្ណោះ ។ លិខិត​ដដែល​បន្ថែមថា យោធា​ភូមិភាគ​ទី​៤​បាន​អញ្ជើញ​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ចូលខ្លួន​ដោះស្រាយ​ជាច្រើនលើក ប៉ុន្ដែ​ពួកគេ​មិន​ចូល​ខ្លួន​ដោះស្រាយ​ឡើយ​៕

សរ​សេរ​មក​លោក បូ សាវី តាម​រយៈ savy@vodhotnews.com

What Next?

Recent Articles