ដោយ៖ យ៉ា រសាត់ | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com
មេធាវីការពារក្ដីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ១១រូបឲ្យដឹងថា ខ្លួនបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យកូនក្ដីរបស់ខ្លួនទាំង១១រូបជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។
កាលពីថ្ងៃទី២១ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្ម នាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
តំណាងមេធាវីការពារក្ដីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូបលោក ជួង ជូងី បានប្រាប់វីអូឌី (VOD)នៅថ្ងៃអង្គារនេះថា លោកបានដាក់ពាក្យប្ដឹងឧទ្ធរណ៍កាលពីចុងខែកក្កដា ឆ្នាំ២០១៥ រួចរាល់ហើយ ដោយជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងដែលលោកថា បានកាត់ក្ដីមិនត្រឹមត្រូវតាមនីតិវិធីច្បាប់លើកូនក្ដីរបស់លោកទាំង១១រូប។
លោក ជួង ជូងី បន្ដថា លោកបានដាក់ពាក្យបណ្ដឹងពីរ ដោយទីមួយលោកជាមេធាវីតំណាងឲ្យសកម្មជនសង្គ្រោះជាតិទាំង១១រូប ប្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូង និងបណ្ដឹងទីពីរ លោកប្ដឹងក្នុងនាមមេធាវីការពារឲ្យជនត្រូវចោទ បដិសេធចំពោះដំណើរការសវនាការកាលពីថ្ងៃទី២១ ខែកក្កដាដោយលោកចាត់ទុកថា ធ្វើឡើងដោយបំពាននីតិវិធីច្បាប់។
លោក ជួង ជូងី មានប្រសាសន៍ថា “យើងប្ដឹងពីរ ទីមួយយើងប្ដឹងឧទ្ធរណ៍ករណីក្ដីហ្នឹងយើងយល់ថាអយុត្តិធម៌ ករណីទីពីរយើងប្ដឹងមោឃភាពនីតិវិធីគឺបានន័យថាយើងប្ដឹងបដិសេធនីតិវិធីសវនាការថ្ងៃ២១ខែកក្កដាឆ្នាំ២០១៥ ពីព្រោះយើងសង្កេតឃើញថា សវនការថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៥ហ្នឹងគឺធ្វើបំពាននីតិវិធី អញ្ចឹងយើងប្ដឹងមោឃភាពនីតិវិធី”។
វីអូឌី (VOD)ទាន់មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី ផាន់ណា បាននៅឡើយទេ ដោយលោកអះអាងថាលោកកំពុងប្រជុំ។
ក្រោយកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក សក់ សេដ្ឋា បានមានប្រសាសន៍ថា គណបក្សជាប់ឆ្នោតទាំងពីរ បានឯកភាពគ្នាថា នឹងជួយផ្តល់គំនិតគ្នាទៅវិញទៅមករកដំណោះស្រាយរួមគ្នា ចំពោះករណីសកម្មជនបក្សប្រឆាំងដែលជាប់ឃុំនោះ។ តែលោកបញ្ជាក់ថា ទោះជាមានការជួយផ្តល់គំនិតគ្នាទៅវិញទៅមកក៏ដោយ ក៏ការផ្តល់យោបល់នោះ នឹងមិនប៉ះពាល់ដល់នីតិវិធីច្បាប់ និងមិនប៉ះពាល់ដល់សមត្ថកិច្ចរបស់តុលាការឡើយ។ យ៉ាងនេះក្តី លោកសង្កត់ធ្ងន់ថា ការឃុំខ្លួនសកម្មជនគណបក្សប្រឆាំងទាំង១១នាក់នោះ ជាសមត្ថកិច្ចរបស់តុលាការ ហើយភាគីទាំងពីរមិនអាចជ្រៀតជ្រែកប្រព័ន្ធតុលាការបានទេ។
ការកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិនាពេលថ្មីៗនេះ ធ្វើឡើងស្របពេលដែលស្ថានភាពនយោបាយឡើងកម្ដៅ បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំងចុះពិនិត្យព្រំដែនជាមួយប្រទេសវៀ់តណាម។ ចំណាត់ការតក់ក្រហល់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នកវិភាគនយោបាយផងនោះ ចាត់ទុកថាជារឿងនយោបាយ ដើម្បីគំរាមដល់គណបក្សប្រឆាំងកុំឲ្យចុះពិនិត្យព្រំដែនកម្ពុជា-វៀតណាម ៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com