ជួប​ជាមួយ​ជាង​សុខ ច្នៃ​ម៉ូតូ​ម៉ូបូឡែត (Mobylette) លក់​ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ

លោក ឡាយ សុខ ជិះ​ម៉ូតូ មូបូឡែត ដែល​បាន​កែច្នៃ។

លោក ឡាយ សុខ ជិះ​ម៉ូតូ មូបូឡែត ដែល​បាន​កែច្នៃ។


ភ្នំពេញប៉ុស្តិ៍

ដោយ​មាន​ចំណង់​ចំណូល​ចិត្ត​បូករួម និង​ក្តីស្រឡាញ់​ម៉ូតូ និង​ទេពកោសល្យ​ដែល​មាន​តាំងពី​តូច​ព្រម​ទាំង​មាន​គំនិត​ច្នៃប្រឌិត​តាម​ការ​មើល​វីដេអូ​លើ​បណ្តាញ​អ៊ីនធឺណិត​ខ្លះៗ​ទៀត​បាន​ជំរុញ​ឲ្យ​លោក លាយ សុខ មានគំនិត កែ​ច្នៃ​ម៉ូតូ​គ្រប់​ម៉ាក​គ្រប់​ស៊េរី​មាន​តាំង​ពី​ម៉ូតូ​ម៉ូបូឡែត( Mobylette) វែសស្ប៉ា (Vespa) ជាដើម។

ស្ថិត​ក្នុង​វ័យ ៦៥ ឆ្នាំ លោក សុខ ជា​ជាង​ជួសជុល​ម៉ូតូ​នៅ​ខាង​ជើង​ផ្សារ​ទួល​ទំពូង​តាំងពី​ឆ្នាំ ១៩៨០ មក។ លោក សុខ បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​កែច្នៃ​ម៉ូតូ​នេះ​ថា៖ «ខ្ញុំ​ស្រឡាញ់ និង​ចូលចិត្ត​ម៉ូតូ​អ្វី​ដែល​ប្លែក​ខុស​ពី​គេ។ ពាក្យ​ដែល​ថា​កែច្នៃ​ម៉ូតូ​នេះ​ គឺ​បើ​និយាយ​ទៅ​យើង​ធ្វើការ​ផ្លាស់ប្តូរ​រូបរាង​ឲ្យ​ម៉ូតូ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​មាន​ភាព​ទាក់ទាញ​ប្លែក​ភ្នែក​ចំពោះ​មនុស្ស​គ្រប់​គ្នា»។

ម៉ូតូ​ដែល​លោក​បាន​កែច្នៃ​ដំបូង​គេ​បង្អស់​គឺ​ម៉ូតូ​ម៉ូបូឡែត​ដែល​លោក​បាន​កែច្នៃ​កាលពី​ឆ្នាំ ២០១៣ ហើយ​លោក​បាន​លក់​ទៅ​ឲ្យ​ជនជាតិ​បារាំង​ម្នាក់​ក្នុង​តម្លៃ​ប្រហែល ៣ ពាន់​ដុល្លារ​អាមេរិក។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា អតិថិជន​របស់​លោក​គឺ​ភាគច្រើន​ជា​ក្មេង​ជំទង់​ដែល​ចូលចិត្ត​ម៉ូតូ​ណា​បែប​ប្លែក​ពី​គេ​ហើយ​ក៏​មាន​ជនជាតិ​ថៃ​ផង​ដែរ។

លោក​បាន​បន្ត​ថា​ចាប់ពី​អំឡុង​ឆ្នាំ ២០១៣ មក​លោក​បាន​ទទួល​កែច្នៃ​ម៉ូត​ច្រើន​ហើយ​ការ​កែច្នៃ​សុទ្ធ​តែ​មាន​កុងត្រា​រៀងៗ​ខ្លួន​ហើយ​ការ​កែច្នៃ​ត្រូវ​ប្រើ​រយៈពេល​ប្រហែល ៣ សប្តាហ៍​ទើប​រួចរាល់។


ម៉ូតូ មូបូឡែត ដែល​បាន​កែច្នៃ។

ម៉ូតូ មូបូឡែត ដែល​បាន​កែច្នៃ។

ចំពោះ​ការ​កែច្នៃ​ម៉ូតូ​ភាគ​ច្រើន​លោក​ធ្វើ​តែ​ម្នាក់​ឯង​ទេ​ជួន​កាល​លោក​ត្រូវ​ការ​កូន​ជាង​ម្នាក់​ដើម្បី​ជួយ​លោក និង កូន​ប្រុស​លោក​ម្នាក់​ទៀត។ លោក​មិន​មាន​ឧបករណ៏​បច្ចេកទេស​ណា​ទំនើបៗ​មក​ជួយ​ឡើយ​គឺ​ធ្វើ​ដោយ​ដៃ​ និង​ឧបករណ៍​មួយ​ចំនួន​ដែល​សាមញ្ញៗ​ដូចជា​រណា​មួយ​ម៉ូទ័រ​កាត់​មួយ​ទេ និង​ឧបករណ៍​ផ្សេងៗ ដែល​វា​មិនមែន​ជា​ឧបករណ៍​ទំនើប​ក្នុង​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​ទេ​ព្រោះ​តូប​របស់​លោក​នៅ​តូច​នៅ​ឡើយ។

លោក​បាន​បន្ត​ដោយ​ទឹក​មុខ​ញញឹម​ថា៖ «លោក​មិន​ចាំបាច់​គូស​ម៉ូត​អី​ទេ​មុន​ពេល​កែច្នៃ គឺ​រូបភាព​នៃ​ម៉ូតូ​នោះ​បាន​លេច​ចេញ​មក​ភ្លាមៗ​តែ​ម្តង​ហើយ​រាល់​ម៉ូតូ​កែច្នៃ​របស់​ខ្ញុំ​គឺ​មាន​គេ​ពេញចិត្ត​រហូត។ ការ​កែច្នៃ​ម៉ូតូ​ត្រូវ​មាន​ការ​អត់ធន់​រួម​ផ្សំ​ជាមួយ​នឹង​អារម្មណ៍​ត្រូវតែ​ល្អ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ទើប​ម៉ូតូ​ដែល​យើង​ធ្វើ​ចេញ​មក​វា​មាន​ភាព​ទាក់ទាញ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​លោក​មិន​ត្រឹម​តែ​កែច្នៃ​ម៉ូតូ​ម៉ូបូ​ឡែត​តែ​មួយ​មុខ​ទេ គឺ​លោក​កែច្នៃ​ម៉ូតូ​គ្រប់​ប្រភេទ​ដែល​អតិថិជន​កុម្ម៉ង់។ ម៉ូតូ​ដែល​លោក​កែច្នៃ​គឺ​ភាគ​ច្រើន​លោក​បាន​ទិញ​មក​ពី​ឃ្លាំង។ ដូច្នេះ​អតិថិជន​ចូលចិត្ត​មក​កុម្ម៉ង់​ឲ្យ​លោក​ធ្វើ​ព្រោះ​គេ​ដឹង​ថា​នៅពេល​ដែល​ម៉ូតូ​ដែល​យក​មក​ពី​ឃ្លាំង​មាន​គុណភាព​ល្អ ម៉ាស៊ីន​នៅ​ល្អ​ដូចនេះ​កែ​តែ​រូបរាង​ទៅ​គឺ​អាច​ជិះ​បាន​ដោយ​មិន​ខ្លាច​ឆាប់​ខូច​ម៉ាស៊ីន។

លោក​ សុខ​ ពោល​ថា៖ «មក​ទល់​និង​សព្វថ្ងៃ​លោក​បាន​លក់ និង​កែច្នៃ​ម៉ូតូ​សរុប​ប្រហែល ២០ គ្រឿង​ហើយ»។ បើ​តាម ​លោក​ខុស​តម្លៃ​ម៉ូតូ​កែច្នៃ​គឺ​ស្ថិត​នៅលើ​ការ​កម្មង់​របស់​អតិថិជន។ ប្រសិន​បើ​អតិថិជន​ត្រូវការ​កម្មង់​ឲ្យ​ដាក់​គ្រឿង​តុបតែង​ច្រើន​ដែល​មាន​តម្លៃ​ថ្លៃ ឬ​តម្រូវ​ឲ្យ​លោក​កែច្នៃ​ច្រើន​តម្លៃ​គឺ​ទៅ​តាម​ហ្នឹង​ដែរ។

លោក​ថា​ ​ដូចជា​ម៉ូតូ​ជា​វេស្ប៉ា​ដែល​មាន​តម្លៃ​ថ្លៃ​ស្រាប់​នៅពេល​កែច្នៃ​រួច​តម្លៃ​វា​នឹង​កើនឡើង។ ដូច្នេះ​តម្លៃ​អាច​មាន​ដល់​ទៅ ៥ ពាន់ ឬ​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ៕

អត្ថបទដោយ ចាន់ ជីវ៉ា


What Next?

Recent Articles