កុមារខ្មែរ៨នាក់សុំទាននៅថៃត្រូវបានជួយសង្រ្គោះ​

ដោយ៖​ មាឃ ចាន់​ | ថ្ងៃពុធ ទី12 សីហា 2015, 06:02 PM​
http://vodhotnews.com


ស្រ្តីដែលសុំ​ទាន​នៅ​ក្រុងបាងកក នៃ​ប្រទេស​ថៃ​ កាលពីកន្លងទៅ ​(រូបថតដោយ​ ណុល ដារ៉ា)


កុមារខ្មែរចំនួន៨នាក់ត្រូវបានស្ថានឯកអគ្គរាជទូតកកម្ពុជានិងក្រសួងអភិវឌ្ឍន៍សង្គមនៃប្រទេសថៃជួយសង្រ្គោះ ក្រោយពីពួកគេត្រូវបានឪពុកម្តាយឲ្យទៅធ្វើជាអ្នកសុំទាននៅប្រទេសថៃ។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថាកុមារទាំង៨នាក់ អាយុពី០៧-១៣ឆ្នាំ នឹងត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥ វេលាម៉ោង១១:៣០ នាទីថ្ងៃត្រង់។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រសាសន៍ថា៖ “ខ្ញុំសូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរពិសេសអាណាព្យាបាលទាំងឡាយដែលមានកូនតូចៗក្នុងបន្ទុក សូមគិតគូរឲ្យបានម៉ត់ចត់កុំបណ្តែតបណ្តោយឲ្យកុមារទាំងនោះទៅធ្វើជាអ្នកសុំទានមិនថានៅក្នុងឬនៅក្រៅប្រទេសនិងប្រើប្រាស់ពលកម្មកុមារ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ពីព្រោះកុមារគឺជាជនងាយរងគ្រោះនិងជាជនងាយប្រឈមនឹងការជួញដូរ មនុស្ស។ គួរផ្តល់ឱកាសឲ្យកុមារទាំងនោះ បានទៅសាលាដើម្បីរៀនសូត្រប្រសើរជាង”

អ្នកសារព័ត៌មាននិង​ជា​អ្នកស្រាវជ្រាវ​សង្គម​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សារព័ត៌មានប្រះ​ឆា​ថៃ លោក Kongpob Areerat ធ្លាប់​ប្រាប់​វីអូឌី​(VOD)ថា​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​លោក​នៅ​សាកលវិទ្យាល័យ Mahidol អ្នកសុំទាន​ខ្មែរដែល​មក​សុំទាន​នៅ​ប្រទេស​ថៃ​មាន​ពីរ​ប្រភេទ ទី​១ គឺ​អ្នក​មក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តែ​ដោយ​មិន​មាន​ការងារ​ធ្វើ ពួកគេ​ក៏​សម្រេចចិត្ត​សុំទាន ហើយ​ទី​២គឺ​អ្នក​ដែល​មក​សុំទាន​តាមរយៈ​ការជួញ​ដូរ​មនុស្ស។ លោក​មាន​ប្រសាសន៍ថា​៖ “​ខ្ញុំ​គិតថាមាន​ពលរដ្ឋ​ថៃ​មួយចំនួន​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​កម្ពុជា ហើយ​គេ​បង់​ប្រាក់​ឲ្យ​អាជ្ញាធរ ឲ្យ​នគរបាលដើម្បី​រត់ពន្ធ​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​កម្ពុជាឲ្យ​យក​ទៅ​សុំទាន​នៅ​ប្រទេស​ថៃ​រយៈពេល​មួយ​ខែឬ​ពីរ​ខែ ហើយ​នៅ​ចុងបញ្ចប់នៅពេលដែល​ពួកគេ​បាន​ទទួល​ប្រាក់កម្រៃ​ហើយ​នោះ ពួក​គេ​បញ្ជូន​អ្នក​សុំទាន​ទាំង​នោះ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​” ។​

របាយការណ៍របស់អាមេរិកប្រចាំឆ្នាំ២០១៥ស្តីពីការជួញដូរមនុស្សបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់មួយដែលមិនទាន់គោរពតាមស្តង់ដារអប្បបរមានៃច្បាប់ការពារជនរងគ្រោះដោយការជួញដូរ(TVPA)ដោយលើកឡើងថាកម្ពុជានៅមានជនរងគ្រោះច្រើននៃការជួញដូរ។ របាយការណ៍របស់អាមេរិកឲ្យដឹងថាកម្ពុជាជាប្រភពនិងកន្លែងដែលបុរស ស្រ្តី និងក្មេងបានរងគ្រោះនៃពលកម្មដោយបង្ខំនិងការជួញដូរមនុស្ស។ របាយការណ៍ក៏បានរៀបរាប់ពីការចំណាកស្រុករបស់មនុស្សពេញវ័យនិងក្មេងៗដែលងាយរងគ្រោះនឹងការរំលោភបំពានផ្លូវភេទនិងពលកម្មដោយបង្ខំជាដើម។

គួរ​បញ្ជាក់​ថា កាលពីដើមខែកក្កដា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាក្នុងចំណោម​ប្រជាពលរដ្ឋខ្មែរប្រមាណ១លាននាក់ដែលទៅធ្វើការនៅក្រៅប្រទេស៧០ភាគរយកំពុងបានទទួលរងការប្រថុយប្រថានធ្វើការងារគ្មានច្បាប់អនុញ្ញាត ការកេងប្រវ័ញ្ចនិងអំពើជួញដូរមនុស្ស។ លោកបានស្នើឲ្យអាជ្ញាធរថ្នាក់ខេត្តនិង​អ្នកពាក់ព័ន្ធនានានៅថ្នាក់មូលដ្ឋានត្រូវរួមគ្នាចូលរួមអប់រំណែនាំប្រជាពលរដ្ឋនិងទប់ស្កាត់អំពើជួញដូរមនុស្ស៕

សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com                                                  

What Next?

Recent Articles