សកម្មភាព​លួច​ជីក​រ៉ែ​ត្បូង​ខុស​ច្បាប់​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ

សកម្មភាព​លួចលាក់​ជីក​រ៉ែ​ត្បូង​នៅ​ខេត្ដ​រតនគិរី​ដែល​មាន​ទាំង​ជនជាតិ​ខ្មែរ និង​វៀតណាម។ រូបថត អាដហុក

សកម្មភាព​លួចលាក់​ជីក​រ៉ែ​ត្បូង​នៅ​ខេត្ដ​រតនគិរី​ដែល​មាន​ទាំង​ជនជាតិ​ខ្មែរ និង​វៀតណាម។ រូបថត អាដហុក



ភ្នំពេញប៉ុស្តិ៍

រនតគិរីៈ ពលរដ្ឋ​ខ្មែរ​ និង​វៀតណាម​ប្រមាណ​ជា​ ១០០ នាក់​បាន​និង​កំពុង​​ជីក​រ៉ែ​ត្បូង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ដីសម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន​នៅ​ស្រុក​បកែវ​ខេត្ត​រតនគិរី​អស់​រយៈពេល ១ ខែ​មក​ហើយ​ក្រោម​ការផ្គត់ផ្គង់ និង​ដឹកនាំ​ដោយ​ថៅកែ​ត្បូង​ខុស​ច្បាប់​មួយ​ក្រុម។

បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​សកម្មភាព​ជីក​រ៉ែ​ត្បូង​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន​ឈ្មោះ​ស្វីហ្វរ៉ាប់ប៊ឺរលីមីធីត​ (Swift Rubber) ក្នុង​ភូមិ​ត្រុំ ឃុំ​ឡាមិញ​បាន​កើតឡើង​សាជាថ្មី​ទៀត។ ប៉ុន្តែ​ម្តង​នេះ​មាន​ទាំង​វត្តមាន​ជនជាតិ​វៀតណាម​ប្រមាណ​ជា ២០ នាក់​ថែម​ទៀត​ផង​ហើយ​​ក្រុម​ជីក​ត្បូង​ទាំង​នោះ​បាន​នាំគ្នា​ប្រក់​តង់​នៅ​រណ្តៅ​ដែល​ពួកគេ​កំពុង​ជីក​ប្រមាណ​ ៥០ រណ្តៅ​នៅលើ​ផ្ទៃ​ដី​ប្រមាណ​ជា ៣០ ​ហិកតា។ នេះ​បើ​យោង​តាម​អង្គការ​អាដហុក​ខេត្ត​រតនគិរី​កាលពី​ម្សិលមិញ​ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​រៀបចំ​ផែនការ​ចុះ​បង្ក្រាប​បទល្មើស​នេះ។

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​លោក ឆាយ ធី​ បាន​បញ្ជាក់​ថា៖ «គេ​ជីក​ប្រហែល ១ ខែ​មក​ហើយ​ទាំង​ខ្មែរ និង​វៀតណាម​ចូល ១០០ នាក់​ឯណោះ។ ពួកគេ​បោះតង់​ក្នុង​ព្រៃ​ជីក​នៅ​ដី​ក្រុមហ៊ុន​ចិន​តែ​ម្តង​ដោយ​គ្មាន​អ្នក​ទប់ស្កាត់​នោះ​ទេ»។ សកម្មជន​សិទ្ធិ​មនុស្ស​​រូប​នេះ​បាន​ហៅ​អ្នក​ជីក​ត្បូង​ទាំង​នោះ​ថា​ជា «ក្រុម​អនាធិបតេយ្យ» ហើយ​ថា​អ្នក​ជីក​រ៉ែ​ត្បូង​ទាំងនោះ​មិនមែន​ធ្វើ​ឡើង​ដោយ​ខ្លួនឯង​នោះ​ទេ​ប៉ុន្តែ​មាន​ពួក​ឈ្មួញ (កុងសែ) ជា​អ្នក​ផ្គត់ផ្គង់ និង​ដឹកនាំ​ហើយ​ចាំ​ទទួល​ទិញ​រ៉ែ​ត្បូង​ពី​ពួកគេ​វិញ​ផ្តាច់​មុខ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

លោក ឆាយ ធី បាន​បញ្ជាក់​ថា៖ «ក្រុម​អ្នក​ជីក​ត្បូង​ទាំង​នេះ​មាន​កុងសែ​នៅ​ពី​ក្រោយ​ខ្នង​ហើយ​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ក៏​បាន​បណ្តែត​បណ្តោយ​ឲ្យ​ជីក​ដែរ។ យើង​សង្ស័យ​ថា​គេ​ត្រូវរ៉ូវ​គ្នា។ ក្រុមហ៊ុន​ក៏​មាន​ចំណែក​​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ​ដែរ»។
ទោះ​ជា​យ៉ាង​ណា​អាដហុក​មិន​ទាន់​​បាន​ដឹង​ទេ​ថា​តើ​ក្រុម​កុងសែ​​នោះ​ជា​អ្នក​ណា​ទេ។

ប៉ុន្តែ​បាន​សង្កេត​ឃើញ​ថា​ពួកគេ​នោះ​ជា​ក្រុម​អ្នកមាន​ហើយ​ហ៊ាន​ទិញ​ ឬ​ជួល​ដី​គេ​នៅ​កន្លែង​មាន​រ៉ែ​ត្បូង​តម្លៃ​រហូត​ដល់​ទៅ​ ១ ម៉ឺន​ដុល្លា​ក្នុង ១ ​ហិកតា​ទៀត​ផង​ដើម្បី​ឲ្យ​កម្មករ​ជីក​យ៉ាង​អនាធិបតេយ្យ។ ប៉ុន្តែ​ពួកគេ​មិន​ដែល​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចាប់​បាន​ម្តង​ណា​ទេ​ដោយសារ​តែ​ពួកគេ​ដូច​មាន​ត្រចៀក​ទិព្វ ឬ​មាន​អ្នក​ផ្តល់​ព័ត៌មាន​ឲ្យ​មុន​សមត្ថកិច្ច​ចុះ​បង្ក្រាប។

លោក​ថា​ តំបន់​នោះ​គ្មាន​អ្នក​ចេញ​ចូល​ក្រៅពី​អ្នក​ជីក​ត្បូង​ទេ​ហើយ​វា​ជា​កន្លែង​គ្រោះថ្នាក់​សម្រាប់​អ្នក​ដែល​ហ៊ាន​រាយការណ៍​ពី​សកម្មភាព​ខុស​ច្បាប់​ដែល​កើតឡើង​ដដែលៗ​នេះ។

លោក​ថា៖ «ពួក​អ្នក​ឆ្មក់​ជីក​លួច​លាក់​ហើយ​ដូច​ដឹង​មុន​ព្រោះ​សមត្ថកិច្ច​ទៅ​គេ​រត់​បាត់​អស់។ នៅពេល​សមត្ថកិច្ច​ត្រឡប់​ទៅវិញ​ពួកគេ​មក​ជីក​ដដែល។ គេ​មាន​បណ្តាញ​គេ​ប្រាប់។ ព្រៃ​នោះ​វា​គ្រោះថ្នាក់​ណាស់។ ​មុខរបរ​គេ​គឺ​ជីក​ខុស​ច្បាប់។ អ៊ីចឹង​បើ​យើង​ចង់​ឲ្យ​គេ​ឈប់​គេ​មិន​សប្បាយ​ចិត្ត​ទេ និង​បង្ក​បញ្ហា​ដល់​អ្នក​ចង់​ឲ្យ​ឈប់​ទៀត​ផង»។

លោក ងិន បូរិន តំណាង​ក្រុមហ៊ុន​ស្វីហ្វរ៉ាប់ប៊ឺរលីមីធីត​បាន​បដិសេធ​ថា​ក្រុមហ៊ុន​មិន​បាន​ដឹង និង​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ជីក​ត្បូង​ខុស​ច្បាប់​នោះ​ទេ​ដោយសារ​តែ​អាជ្ញាធរ​បាន​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ក្នុង​តំបន់​នោះ​ជិត ១ ឆ្នាំ​មក​ហើយ​បន្ទាប់ពី​មាន​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ក្រុម​សាមគ្គី។ កន្លែង​ដែល​កំពុង​កើត​មាន​សកម្មភាព​ជីក​ត្បូង​ខុស​ច្បាប់​នេះ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​ផង​ដែរ​កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៤។

ប៉ុន្តែ​អ្នក​ជីក​ប្រមាណ​ជា ២០០ នាក់​នា​ពេល​នោះ​មិន​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ទេ។

លោក ហេង ប៊ុននី អភិបាល​ស្រុក​បកែវ​បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​បាន​ដឹង​ពី​សកម្មភាព​ជីក​ត្បូង​នោះ​ហើយ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​មួយ​រួច​ហើយ​ដែរ។

លោក​បាន​ថ្លែង​ថា៖ «អ្នក​ជីករ៉ែ​ក្នុង​ដី​ក្រុមហ៊ុន​នោះ​អត់​មាន​ច្បាប់​ទេ។ យើង​កំពុង​រៀបចំ​ចាត់​វិធានការ​ក្តៅ​ហើយ​សូម​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ផង និង​កុំ​ស្រែក​ពេល​យើង​ចាប់​ពលរដ្ឋ»។

ក្រសួង​រ៉ែ និង​ថាមពល​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ពី​បញ្ហា​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​នោះ​ហើយ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ហើយ​ងាក​ទៅ​រក​សុំ​ច្បាប់​ធ្វើ​ដោយ​ស្រប​ច្បាប់​វិញ។

លោក ម៉េង សក្តិធារ៉ា អ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនគិរី​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​នា​ពេល​កន្លង​មក​ថា​ជំហាន​ដំបូង​អាជ្ញាធរ​ក៏​ដូចជា​ក្រសួង​បាន​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​នោះ​សិន​ហើយ​ឲ្យ​ទៅ​សុំ​ច្បាប់​វិញ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ពួកគេ​មិន​ស្តាប់​នោះ​វិធានការ​ច្បាប់​នឹង​ត្រូវ​បាន​អនុវត្ត​ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់៕


What Next?

Recent Articles