ដោយ៖ យ៉ា រសាត់ | ថ្ងៃពុធ ទី12 សីហា 2015, 05:40 PM
http://vodhotnews.com
សមាគមរោងចក្រកាត់កាត់ដេរកម្ពុជា (GMAC) បានឲ្យដឹងថាតាមរយៈការស្ទង់មតិ បណ្ដារោងចក្រជាច្រើនក្នុងប្រទេសកម្ពុជាមិនចង់ដំឡើងប្រាក់ខែគោលអប្បបរមាឲ្យកម្មករសម្រាប់ឆ្នាំ២០១៦។
អគ្គលេខាធិការGMAC លោក ខេន លូ ប្រាប់វីអូឌី(VOD)នៅថ្ងៃពុធនេះថាសមាគមរោងចក្រកាត់ដេរកម្ពុជាតំណាងឲ្យរោងចក្រនាំចេញផលិតផលកាត់ដេរចំនួន៥៦០និងរោងចក្រស្បែកជើងចំនួន៥៦ បានស្ទង់មតិក្នុងចំណោមរោងចក្រជាង២០០អំពីការដំឡើងប្រាក់ឈ្នួលឲ្យកម្មករនៅឆ្នាំ២០១៦លើសពីប្រាក់ឈ្នួលគោលបច្ចុប្បន្ន១២៨ដុល្លារ។ លោកបន្តថាជាលទ្ធផល មានរោងចក្រជាង៦០ភាគរយបញ្ជាក់ថាពួកគេគ្មានលទ្ធភាពដំឡើងប្រាក់ខែឲ្យកម្មករនោះទេ ប៉ុន្ដែមានរោងចក្រ២៦ភាគរយ ឯកភាពដំឡើងប្រាក់ឈ្នួលឲ្យកម្មករចាប់ពី១ដុល្លារដល់៥ដុល្លារសម្រាប់ឆ្នាំ២០១៦។
លោកមានប្រសាសន៍ថា៖“ មានរោងក្រជាង៦០ភាគរយ គេមិនអាចដំឡើងប្រាក់ខែឲ្យកម្មករនៅឆ្នាំ២០១៦នោះទេ ដោយសារគេ(ម្ចាស់រោងចក្រ)ថាអត់មានលទ្ធភាព ទំនិញ(ផលិតបាន)អត់កើនឡើង អត់មានចំណូលណាទៅដំឡើងប្រាក់ខែឲ្យកម្មករ”។
លោក ខេន លូ បន្ដថាសមាគមរោងចក្រកាត់ដេរនឹងយកលទ្ធផលដែលខ្លួនរកឃើញនេះ ចងក្រងជារបាយការណ៍ដាក់ទៅរដ្ឋាភិបាលនិងសហជីព ដើម្បីធ្វើការពិចារណាក្នុងកិច្ចប្រជុំត្រីភាគីក្នុងខែកញ្ញាខាងមុខ អំពីការដំឡើងប្រាក់ឈ្នួលគោលឲ្យកម្មករនៅឆ្នាំ២០១៦ខាងមុខ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានបញ្ជាក់ថាការលើកឡើងរបស់សមាគមរោងចក្រកាត់ដេរគ្រាន់តែ”ល្បិចបញ្ឆោតរបស់ថៅកែរោងចក្រ” ដែលលោកថាពួកគេទាំងនោះមិនចង់ដំឡើងប្រាក់ឈ្នួលគោលឲ្យកម្មករ នៅខណៈពេលដែលការចរចាត្រីភាគីលើប្រាក់ឈ្នួលនៅឆ្នាំ២០១៦ខិតជិតមកដល់។
លោក អាត់ ធន់ មានប្រសាសន៍ថា “នេះគ្រាន់តែជាយុទ្ធសាស្ត្ររបស់ខាងសមាគមនិយោជក ដែលគាត់មិនចង់ឲ្យការដំឡើងប្រាក់ឈ្នួលហ្នឹងខ្ពស់ពេក។ ជាទូទៅគឺវាមានន័យថាឡើងកម្រិតទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ប្រសិនបើគាត់និយាយមធ្យមវាអាចនឹងឡើងដល់កម្រិតខ្ពស់ អញ្ចឹងគាត់និយាយកម្រិតសូន្យដើម្បីឲ្យឡើងខ្ពស់បំផុតត្រឹមមធ្យមអីចឹងទៅនេះជាយុទ្ធសាស្ត្រ។ ហើយខ្ញុំមិនដែលឃើញGMACចង់ឡើងប្រាក់ខែកម្មករទេតាំងពីឆ្នាំ២០០០មក ទោះបីថាកម្មករគាត់ធ្វើការដួលសន្លប់ហត់ហេវឬក៏មានអ្នកឈឺដោយសារតែការងារច្រើនយ៉ាងណាក៏ដោយ គាត់ដែលនិយាយថាគាត់ចំណេញអី គឺគាត់ចង់គិតគូរពីកម្មករប៉ុណ្ណឹង”។
លោក អាត់ ធន់ បន្ដថា ក្នុងជំនួបត្រីភាគីនៅខែកញ្ញាខាងមុខនេះ សហជីពនឹងស្នើសុំឲ្យភាគីរោងចក្រដំឡើងប្រាក់ខែកម្មករអប្បបរមាចំនួន១៧៧ដុល្លារ ដើម្បីឲ្យកម្មករទាំងអស់អាចទទួលបានស្ថានភាពរស់នៅសមរម្យ។
គួររំឭកថា កាលពីថ្ងៃទី០៣ ខែសីហា កន្លងទៅ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយដោយអះអាងថាវិស័យឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងជួបប្រទះការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដោយសារតែផលិតភាពទាប ចលាចលការងារនិងសម្ពាធប្រាក់ឈ្នួល។ សមាគមក៏បានអះអាងថាកត្តាសំខាន់ៗដែលរាំងខ្ទប់ដល់ផលិតភាពឧស្សាហកម្មកាត់ដេរកម្ពុជានោះគឺកត្តាចំនួនថ្ងៃឈប់សម្រាកច្រើននិងតម្លៃថាមពលអគ្គិសនីខ្ពស់។ សមាគមបន្តថាការចំណាយលើថ្លៃថាមពលអគ្គិសនីសម្រាប់រោងចក្រនៅកម្ពុជាខ្ពស់ជាងវៀតណាមនិងឥណ្ឌូនេស៊ី១៥០ភាគរយនិងខ្ពស់ជាងបង់ក្លាដេស៣៣ភាគរយ៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
