អ្នក​បឹងកក់​រំឭក​ការ​ឈឺចាប់ និង​ក្ដី​សង្ឃឹម​ក្នុង​ខួប ៤ ឆ្នាំ​នៃ​អនុក្រឹត្យ

អ្នក​ភូមិ​បឹងកក់​ក្នុង​ថ្ងៃ​រំឭក​ខួប ៤ ឆ្នាំ​នៃ​ការ​ចេញ​អនុក្រឹត្យ​កាត់ដី​ជូន​ពួកគាត់​ពី​ម្សិលមិញ ។ រូបថត សុភចរិយា

អ្នក​ភូមិ​បឹងកក់​ក្នុង​ថ្ងៃ​រំឭក​ខួប ៤ ឆ្នាំ​នៃ​ការ​ចេញ​អនុក្រឹត្យ​កាត់ដី​ជូន​ពួកគាត់​ពី​ម្សិលមិញ ។ រូបថត សុភចរិយា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ «អនុក្រឹត្យ​លេខ​ ១៨៣ បាន​ផ្ដល់​នូវ​ក្ដីសង្ឃឹម និង​ការ​ឈឺចាប់​ខ្លោច​ផ្សា​ច្រើន​រាប់​មិន​អស់​សម្រាប់​យើង​ខ្ញុំ​ទាំងអស់​គ្នា​នៅ​តំបន់​បឹងកក់»។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នកស្រី ទេព វន្នី តំណាង​ពលរដ្ឋ​រងគ្រោះ​ក្នុង​តំបន់​បឹងកក់​ក្នុង​ពិធី​ប្រារព្ធ​ខួប​បួន​ឆ្នាំ​នៃ​ការ​ចេញ​អនុក្រឹត្យ​លេខ​ ១៨៣​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​ ១១ ខែ​សីហា ឆ្នាំ ២០១១ ដែល​បាន​ផ្ដល់​ដី​ទំហំ​ ១២,៤៤ ​ហិកតា​ដល់​ពួកគាត់​ប្រមាណ​ជាង​ ៧០០ ​គ្រួសារ​ដែល​នៅ​សល់​ពី​ការ​បណ្ដេញ​ចេញ។

អ្នកស្រី​បន្ត​ថា​ក្នុង​រយៈពេល​បួន​ឆ្នាំ​មក​នេះ​អ្នក​បឹងកក់​មិន​ភ្លេច​នូវ​គុណូបការៈ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ណា​ឡើយ​ដែល​គិតគូរ​​អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​បឹងកក់​ដោយ​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ដើម្បី​​បញ្ចប់​ទំនាស់​ដីធ្លី​ក្នុង​តំបន់​នេះ​ឲ្យ​បាន​ឆាប់​មាន​តម្លាភាព​ និង​ប្រសិទ្ធភាព។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «អនុក្រឹត្យ​លេខ ១៨៣ ​នេះ​បាន​ផ្ដល់​ក្តីសង្ឃឹម និង​ទំនុក​ចិត្ត​ជា​ខ្លាំង​ដល់​សហគមន៍​បឹងកក់​យើង​ខ្ញុំ។ តាមរយៈ​អនុក្រឹត្យ​នេះ​មាន​អ្នក​បឹងកក់​​ប្រមាណ​ជាង​ ៦០០ ​គ្រួសារ​ហើយ​ដែល​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពី​រដ្ឋ​បើ​ទោះ​ជា​គ្រួសារ​ខ្លះ​ទទួល​មិន​បាន​​គ្រប់​ទៅ​តាម​ទំហំ​ដី​ជាក់ស្ដែង​ដែល​ខ្លួន​មាន​ក៏ដោយ»។

ទោះ​ជា​បែប​ណា​ក្ដី​អ្នកស្រី​ ទេព វន្នី ដែល​ជា​ម្ចាស់​ពាន​រង្វាន់​សន្តិភាព​ផ្នែក​តស៊ូ​មតិ​ដើម្បី​សេរីភាព​ និង​សិទ្ធិ​មនុស្ស​នៃ​កម្មវិធី​វឺត្យូលវ៉យ (Virtual Voice )ឆ្នាំ​ ២០១៣ កន្លង​មក​នេះ​បាន​ថ្លៃង​រំឭក​ពី​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ភាព​អយុត្តិធម៌​សង្គម​ដែល​បាន​កើត​មាន​ចំពោះ​ស្ត្រី​ និង​កុមារ​ក្នុង​សហគមន៍​បឹងកក់​ក្រោយពី​អនុក្រឹត្យ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​អតីត​អភិបាល​រាជធានី​ភ្នំពេញ​លោក កែប ជុតិមា។

អ្នកស្រី​ថ្លែង​ថា​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​អនុក្រឹត្យ​នេះ​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​នៅក្នុង​ភូមិ​ ១, ភូមិ​ ៦, ភូមិ​ ២២ និង ភូមិ​មួយ​ចំនួន​ទៀត​ដែល​មាន​លំនៅឋាន​ជាប់​មាត់​បឹង និង​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បូម​ខ្សាច់​កប់​ពន្លិច និង​វាយ​កម្ទេច​ផ្ទះ​ចោល​ត្រូវ​បាន​គេ​ប្រកាស​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ចំណែក​ដី​នៃ​អនុក្រឹត្យ​នេះ​ទៅ​វិញ។ ព្រោះ​តែ​ដូច្នោះ​ស្ត្រី​ជា​ច្រើន​បាន​ចេញ​មុខ​តវ៉ា​ជាថ្មី​ដើម្បី​ការពារ​សិទ្ធិ​លំនៅឋាន​ និង​ការពារ​​អនុក្រឹត្យ​ដ៏​មាន​តម្លៃរ​បស់​ប្រមុខ​រដ្ឋាភិបាល​ប៉ុន្តែ​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​បំផុត​នោះ​ស្ត្រី​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជាពិសេស​ក្រុម​សន្តិសុខ​​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ​ដែល​ត្រូវ​បាន​ជួល​ដោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​រាជធានី​ភ្នំពេញ​រួម​ទាំង​ក្រុមហ៊ុន ស៊ូកាគូអ៊ីន វាយ​ដំ​ច្រំ​ធាក់​រហូត​ដល់​រលូត​កូន ខ្លះ​បែក​ក្បាល បាក់​និង​ថ្លោះ​គ្រេច​ជើង ដៃ​ និង​ខ្លះ​ទៀត​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​លើក​ក្នុង​នោះ​រួម​ទាំង​អ្នកស្រី​ផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា៖ «ការពិត​ដំណោះ​ស្រាយ​ដីធ្លី​នៅ​បឹងកក់​ត្រូវ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​តាំងពី​ឆ្នាំ ២០១២ មក​ម្ល៉េះ​ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​អនុវត្ត​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នោះ។»
អ្នកស្រី​បាន​ហៅ​ទង្វើ​មិន​គោរព​ និង​អនុវត្ត​អនុក្រឹត្យ​ថា​ជា​ការ​ «ជាន់​ឈ្លី​ និង​ប្រមាថ​មើល​ងាយ» ដល់​នាយករដ្ឋមន្ត្រី​។

ជាមួយ​គ្នា​នេះ​ក្រុម​អ្នក​ចូលរួម​បាន​នាំ​គ្នា​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ឃ្លាំ​មើល​ការ​អនុវត្ត​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​កណ្ដាល​ដោយ​ក្រុម​អ្នក​ភូមិ​អះអាង​ថា​ការ​យឺតយ៉ាវ​មិនមែន​បង្ក​ឡើង​ដោយសារ​ពួកគាត់​តវ៉ា​នោះ​ទេ​ប៉ុន្តែ​មកពី​មន្ត្រី​អាជ្ញាធរ​មួយ​ចំនួន​មិន​គោរព​អនុវត្ត​អនុក្រឹត្យ​​តែ​ម្តង។

អ្នកស្រី ផាន់ ឈុនរ៉េត តំណាង​គ្រួសារ​មួយ​​ក្នុង​ចំណោម​ ២៧ ​គ្រួសារ​ដែល​​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​និយាយ​ថា៖ «គិត​មក​ត្រឹម​ថ្ងៃ​ទី​ ១១ ខែ សីហា​ឆ្នាំ​នេះ​គឺ​មាន​រយៈពេល​បួន​ឆ្នាំ​ហើយ​តាំងពី​អនុក្រឹត្យ​នេះ​ចេញ​មក​ប៉ុន្តែ​គ្រួសារ​ខ្ញុំ​នៅ​មិន​ទាន់​បាន​ប្លង់​ដី​ពី​រដ្ឋ​ទេ»។

ពាក់ពន្ធ​នឹង​បញ្ហា​ទាំងនេះ​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​បើ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​នោះ​ម្ល៉េះ​មិន​មាន​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជាង​ ៦៥០ ​ប័ណ្ណ​នោះ​ទេ​ហើយ​ក៏​នឹង​មិន​បើក​ចំហ​រក​ដំណោះស្រាយ​ជាមួយ​អ្នក​នៅ​សេសសល់​ទៀត​ដែរ។

លោក ឡុង ឌីម៉ង់ ថ្លែង​ថា៖ «យើង​​មិន​អាច​ផ្ដល់​ដំណោះស្រាយ​តាម​ការ​ទាមទារ​ចង់​បាន​នោះ​ទេ​ពោល​គឺ​មិន​អាច​ដោះស្រាយ​តាម​របៀប​ដំរី​ជុះ ជុះ​តាម​ដំរី​នោះ​ទេ»៕


What Next?

Recent Articles