ដោយ៖ សាន សែល | ថ្ងៃពុធ ទី12 សីហា 2015, 05:21 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សហគមន៍ដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ បានថ្លែងថា ពួកគាត់មានការលំបាកក្នុងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយសារជួបប្រទះនឹងគ្រោះរាំងស្ងួត ធ្វើស្រែចម្ការមិនបានផល ជាហេតុបង្ខំឱ្យពួកគាត់ដើរស៊ីឈ្នួលគេ និងធ្វើចំណាកស្រុក។
តំណាងសហគមន៍ជីអោក ក្នុងខេត្តព្រះវិហារ លោក ចាន់ ភូន បានរៀបរាប់ប្រាប់ថា ក្រោយពីមានការកាប់ឈើនៅក្នុងតំបន់អភិរក្សបឹងពែរ ប្រជាជននៅក្នុងភូមិគាត់មួយចំនួនដែលធ្លាប់ចូលព្រៃ រកអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត បានបង្ខំចិត្តធ្វើជាកម្មករសម្អាតស្មៅក្នុងចម្ការកៅស៊ូ។ លោកថា៖ “ភាគច្រើនពីដើមមក មានឈើយើងរកជ័រ រកវល្លិ៍ដងជ័រ ប្រកបអាជីវកម្មតែក្នុងព្រៃ ប៉ុន្តែឥឡូវមានអី រកស៊ីឈ្នួលគេ ពិបាកដែរ បើថាយើងវាយតម្លៃទៅ មិនដឹងខុសឬត្រូវ ប៉ុន្តែពីដើមយើងសម្បូរដោយព្រៃឈើ ប៉ុន្តែឥឡូវព្រៃឈើបាត់បង់ មិនថានិយាយក្នុងប្រទេសខ្មែរ មិនមែនតែភូមិខ្ញុំ វាចង់ទូទៅរាល់ថ្ងៃហ្នឹង”។
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ឆ្នាំ២០១៤ថា ប្រទេសដែលមានចំណូលទាប ដូចជាកម្ពុជា នឹងទទួលរងគ្រោះអាក្រក់បំផុត ដោយសារបម្រែបម្រួលអាកាសមានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការខ្វះខាតស្បៀងអាហារ និងទិន្នផលកសិកម្មចុះថយ។
ប៉ុន្តែវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល NGO Forum, GermanWatch, UNDP និងបណ្តាញអង្គការមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម កំពុងជួបជជែកគ្នា ស្តីពីការផ្តល់មូលនិធិសម្រាប់បន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុនេះ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងថា ប្រជាជនដែលរស់នៅ ពឹងលើព្រៃឈើ ជួបប្រទះនឹងបញ្ហាមួយចំនួន ដែលមិនអាចឱ្យពួកគាត់សម្របខ្លួននឹងបម្រែបម្រួលអាកាសធាតុបានឆាប់រហ័ស។ លោកពន្យល់ថា ចំណេះដឹងរបស់ប្រជាជនទាំងនោះនៅមានកម្រិត ហើយកង្វះថវិកា និងមិនបានទទួលព័ត៌មានច្រើន ពីការបន្ស៉ាំនឹងបម្រែបម្រួលអាកាសធាតុ។ លោកបញ្ជាក់ថា៖ “ខ្ញុំឃើញថា ទី១ សមត្ថភាពនៅមានកម្រិត ទី២ ទាក់ទងនឹងធនធាន ទាំងធនធានថវិកា ធនធានមនុស្សយើងក៏នៅមានកម្រិត ចំនុចទី៣ ទាក់ទងនឹងព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ ការទំនាក់ទំនងគ្នាពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ក៏នៅមានកម្រិតដែរ វាអត់មានលំហូរឲ្យបានគ្រប់ជ្រុងជ្រោយ ឲ្យបានច្បាស់ទាន់ពេលវេលា”។
អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លោក ទិន ពន្លក បានពន្យល់ថា ប្រជាសហគមន៍គួរត្រៀមលក្ខណៈមួយចំនួន ដើម្បីបន្ស៉ាំនឹងបម្រែបម្រួលអាកាសធាតុដូចជា ប្រជាជនគួររៀនជំនាញចិញ្ចឹមសត្វ ដាំដំណាំកសិកម្ម។
បើទោះជាមានការកាប់ព្រៃឈើ លោក ពន្លក បញ្ជាក់ថាមិនមានការប៉ះពាល់ព្រៃសហគមន៍ ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងពិនិត្យ និងកែលម្អគម្រោងដីសម្បទានសេដ្ឋកិច្ចឡើងវិញ។ លោកបន្ថែមថា៖ “ទី១ ព្រៃសហគមន៍ហ្នឹង គឺយើងអត់មានប៉ះពាល់គាត់ទេ សហគមន៍ហ្នឹងគឺគាត់ដីរបស់គាត់ គាត់មានសិទ្ធិក្នុងការគ្រប់គ្រងអនុផលព្រៃឈើ មានសិទ្ធិក្នុងការដកទាញអនុផលព្រៃឈើនេះតាមលក្ខន្តិករបស់គាត់ គាត់មានសិទ្ធិក្នុងការគ្រប់គ្រងហ្នឹង”។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ ស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។
បើយោងតាមក្រសួងបរិស្ថាន ទឹកប្រាក់ប្រមាណ២៥០លានដុល្លារ ត្រូវបានប្រើប្រាស់ក្នុងរយៈពេលពីរបីឆ្នាំកន្លងទៅ ដើម្បីគាំទ្រគម្រោងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ៕
សូមសរសេរមកលោក សាន សែល តាមរយៈ sel@vodhotnews.com
