យ៉ាងតិចមនុស្ស​១២នាក់ស្លាប់​ដោយ​សារគ្រោះថ្នាក់ចរាចរណ៍នៅឧត្តរមានជ័យ​

ដោយ៖​ សេង វណ្ណៈ​ | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com

សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​ឲ្យ​ដឹង​ថា​មនុស្ស​យ៉ាងតិច១២នាក់បានស្លាប់និងជាង​២០នាក់ទៀត​បាន​រង​របួស​ ដោយ​សារ​ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ​ដែល​កើត​ឡើង​នៅ​វេលាម៉ោង​ប្រមាណ​១១និង​៣០នាទីក្នុង​ស្រុក​អន្លង់វែង​។

ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក ម៉ែន លី​ ប្រាប់​វីអូឌី​(VOD)ថាហេតុការណ៍គ្រោះ​ថា្នក់ចរា​ចរណ៍នោះ​បា​ន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២នាក់​និង​រងរបួស​​២៤នាក់។ លោក​បន្ត​ថា​រថយន្តដែលរងគ្រោះថ្នាក់នោះជា​រថយន្តដឹកអ្នក​ដំណើរ​របស់ឯក​ជនមួយ។​ លោក​បញ្ជាក់​ថា​រថយន្ត​នោះ​បាន​បើ​ក​បរ​ហួស​ល្បឿននៅ​​ត្រង់ផ្លូវ​បំបែក។

បើតាម​ស្នង​ការ​ខេត្ត រថយន្តនោះ​ធ្វើ​ដំណើរ​ពីរាជធានីភ្នំពេញ​ ហើយ​ជួបប្រទះគ្រោះថ្នាក់ត្រង់​ផ្លូវ​បំបែក​ឡើង​ទៅ​ច្រកជាំ ក្នុង​ភូមិ​ជើងភ្នំ ឃុំត្រពាំងប្រិយ៍​​ ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ។ លោក ម៉ែន លី ​បន្ត​ថា​អ្នក​របួស​ធ្ងន់ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅក្នុង​ខេត្ត​សៀមរាប។ លោក​បន្ថែម​ថា​អ្នក​បើក​បរថយន្តនោះ​​បាន​រងរបួសធ្ងន់​។​

មេឃុំត្រពាំងប្រិយ៍ លោក ស៊ូ ណាត ប្រាប់វីអូឌីថារថយន្តគ្រោះថ្នាក់ជារថយន្តឈ្នួល៣៥កៅអី ម៉ាកហ៊ីយ៉ុនដាយពណ៌លឿង ស្លាកលេខ ភព.៣C៤៦១៣ ដែលរថយន្តនោះធ្វើដំណើរពីរាជធានីភ្នំពេញ ហើយជួបប្រទះគ្រោះថ្នាក់ចរាចរណ៍​នៅម្ដុំព្រៃស។ លោកបន្តថារថយន្តមានអ្នកដំណើរសរុប៣៥នាក់ ក្នុងនោះស្លាប់១៦នាក់ របួស១៩នាក់។

បើតាម​វេបសាយ​របស់អគ្គស្នង​ការ​ដ្ឋាននគរបាលជាតិដែលបាន​ដកស្រង់សម្តីសមត្ថកិច្ច​ជំនាញ រថយន្ត​ដែល​ជួបគ្រោះថ្នាក់ចរាចរណ៍នោះ​បានដឹកអ្នកដំណើរមកពីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយ​​បំណងហែទៀនវស្សាទៅកាន់វត្តប្រាសាទតាមាន់នៅថ្ងៃ​ទី១៤ខែសីហា។ វេបសាយបន្ត​ថា​រ​ថយន្តបានដឹកអ្នកដំណើរទាំងនោះទៅលេងនៅច្រកជ្រាំស្រងុំា តាមព្រំដែនថៃ ហើយពេលធ្វើដំណើរត្រឡប់មកវិញក៏បានក្រឡាប់ធ្លាក់ពីលើភ្នំ។​

បើ​តាម​របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ បណ្តាលឲ្យម​នុស្ស​​ស្លា​ប់ជា​ង២០០០នាក់ កើនលើសឆ្នាំ២០១៣ជាង២០០នាក់។ អ្នកជំនាញខាងចរាចរណ៍អះអាងថាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន​បណ្តាល​មក​ពីអ្នកបើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍និងបើកបរដោយ​មា​នជាតិ​ស្រវឹង៕

សរសេរមកកាន់លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com

What Next?

Recent Articles