សហគមន៍​ព្នង​គ្រោង​ដាក់​ញត្តិ​ស្នើសុំ​ដក​តំណែង​អភិបាល​ខេត្ត​មណ្ឌលគិរី

ដោយ រដ្ឋា វិសាល
2015-08-13
RFA

ជនជាតិ​ដើម​ភាគ​តិច មណ្ឌលគិរី ៦២០
ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​លើក​ទី​២១ នៅ​ស្រុក​ពេជ្រាដា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៥។ Adhoc Photo


ជនជាតិ​ដើម​ភាគ​តិច​ព្នង ២៥​សហគមន៍​នៅ​ស្រុក និង​ក្រុង​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី កំពុង​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ សុំ​ដក​តំណែង​អភិបាល​ខេត្ត បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ដាក់​កង​កម្លាំង​រារាំង​មិន​ឲ្យ​សហគមន៍ សង់​វេទិកា​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក និង​គំរាម​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហគមន៍ ដែល​ដឹក​នាំ​ប្រារព្ធ​ពិធី​នេះ​ដោយ​សំអាង​ថា សហគមន៍​ប្រារព្ធ​ពិធី​គ្មាន​សុំ​ច្បាប់​អនុញ្ញាត។

តំណាង​សហគមន៍​ព្នង ខេត្ត​មណ្ឌលគិរី អះអាង​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា អ្នក​ភូមិ​កំពុង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​រួច​រាល់​នៅ​ចុង​ខែ​សីហា ដើម្បី​ធ្វើ​ញត្តិ​ជូន​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ មាន​ព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​ពាក់ព័ន្ធ មាន​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ សុំ​ដក​តំណែង​អភិបាល​ខេត្ត។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​ដាក់​កង​កម្លាំង​រារាំង​មិន​ឲ្យ​តំណាង​សហគមន៍​មក​ពី​ស្រុក និង​ក្រុង​ក្នុង​ខេត្ត​មណ្ឌលគិរី សង់​វេទិកា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា។ បន្ទាប់​មក លោក​អភិបាល​ខេត្ត​បាន​ព្រមាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហគមន៍ បន្ទាប់​ពី​សកម្មជន​រូប​នេះ បាន​បន្ត​ប្រារព្ធ​ពិធី​របស់​ខ្លួន​ក្រោម​កម្ដៅ​ថ្ងៃ ដោយ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដែល​តម្រូវ​ឲ្យ​សហគមន៍​សុំ​ច្បាប់​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគ​តិច​នេះ។

តំណាង​សហគមន៍ លោក ក្រើង តុលា កត់​សម្គាល់​ថា សហគមន៍​ធ្វើ​លិខិត​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ ស្ដីពី​ការ​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ពិភពលោក ស្រប​ទៅ​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​ដែល​ក្រសួង​មហាផ្ទៃ បាន​កំណត់ ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​រំលោភ​សិទ្ធិ​ស្រប​ច្បាប់​របស់​សហគមន៍ និង​ប្រមាថ​លើ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម ដែល​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ទទួល​ស្គាល់។ បន្ថែម​លើ​នេះ​ទៀត អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ឲ្យ​សហគមន៍​អស់​ជំនឿ​លើ​ការ​ដឹក​នាំ ដែល​មិន​អនុលោម​តាម​លទ្ធិប្រជាធិបតេយ្យ និង​មិន​បាន​បម្រើ​រាស្ត្រ​ពិត​ប្រាកដ​នោះ​ឡើយ៖ «លទ្ធិប្រជាធិបតេយ្យ​ថ្ងៃ​ខាង​មុខ នឹង​ធ្លាក់​ចុះ​ជា​មិន​ខាន​នៅ​ខេត្ត​មណ្ឌលគិរី នេះ គោលការណ៍​របស់​ប្រជាពលរដ្ឋ។ កន្លង​មក គាត់​ធ្លាប់​រំលោភ​ប្រជាពលរដ្ឋ​អាច​ទ្រាំ​បាន ប៉ុន្តែ​ដល់​ពេល​រំលោភ​ដល់​សិទ្ធិ​ហ្នឹង គាត់​ទ្រាំ​លែង​បាន​ហើយ ដោយសារ​គាត់​ឃើញ​ទង្វើ​អភិបាល​ខេត្ត​គាត់​ធ្វើ​អ៊ីចឹង​ណា»

សហគមន៍​ព្នង ខេត្ត​រតនគិរី រាប់​រយ​នាក់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា គ្រោង​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី​២១ ខណៈ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌលគិរី បាន​ប្រារព្ធ​ពិធី​នេះ​ជា​លើក​ទី​៥។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី ជុំវិញ​ការ​អះអាង​របស់​សហគមន៍​បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ដោយសារ​តែ​លោក​រវល់​ប្រជុំ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​សហគមន៍ ថា​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​អាជ្ញាធរ​ខេត្ត​មិន​បាន​បំពេញ​តួនាទី​សមស្រប​ក្នុង​ឋានៈ​ជា​មន្ត្រី​មូលដ្ឋាន តាម​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ។ លោក​ថា ការ​រារាំង និង​ព្រមាន​ចាប់​ខ្លួន​សហគមន៍ ទាក់ទិន​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​អំពើ​រំលោភ​ច្បាប់ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច៖ «តាម​ពិត​ជា​សិទ្ធិ​របស់​ពួក​គាត់​ដែល​មាន​សិទ្ធិ​ធ្វើ​ញត្តិ ឬ​ដាក់​ពាក្យ​ប្ដឹង ក៏​អាច​ធ្វើ​បាន​ដែរ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ។ ណា​មួយ​ដោយសារ​ប្រទេស​យើង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច គាត់​មាន​សិទ្ធិ​ជ្រើស​រើស​អ្នក​ណា​ដែល​គ្រប់គ្រង​ពួក​គាត់​បាន​ត្រឹមត្រូវ គោរព​ច្បាប់​ត្រឹមត្រូវ ស្រឡាញ់​ពួក​គាត់​យល់​ដឹង​ពី​ទុក្ខ​លំបាក​ជីវភាព​រស់នៅ និង​ការ​ស្វែងរក​ការ​គោរព​សិទ្ធិ​ពួក​គាត់​ឲ្យ​បាន​លទ្ធភាព​ដែល​ច្បាប់​បាន​កំណត់»

ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០០៨ បាន​ចេញ​លិខិត​ណែនាំ​ស្ដីពី​ការ​ធ្វើ​វេទិកា​សម្ដែង​មតិ​នៅ​បណ្ដា​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​សិទ្ធិ​ប្រជាពលរដ្ឋ ឆ្លើយ​តប​បាន​ត្រឹមត្រូវ​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ដោយឡែក​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា មាត្រា​៤១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ។ ក្រសួង​មហាផ្ទៃ បាន​ផ្តល់​អនុសាសន៍​ជូន​អាជ្ញាធរ​ខេត្ត​ក្រុង ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​លិខិត​ជូន​ដំណឹង​មក​អាជ្ញាធរ​ខេត្ត​ក្រុង ដោយ​ភ្ជាប់​ប្រធានបទ និង​ទីកន្លែង​ច្បាស់លាស់​ស្ដីពី​ការ​រៀបចំ​វេទិកា។

ចំណែក​អាជ្ញាធរ ត្រូវ​សហការ​ការពារ​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ដល់​វេទិកា​សម្ដែង​មតិ។ ក្នុង​ករណី​មាន​ការ​ហែ​ក្បួន ត្រូវ​អនុវត្ត​តាម​ច្បាប់​បាតុកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles