សង្គម​ស៊ីវិល​សាទរ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​ជុំវិញ​មាត់បឹង​ព្រែកទប់

ដោយ ដែន អយុធ្យា
2015-08-28
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ព្រែក​ទប់ ខេត្ត​ព្រះសីហនុ ៦២០
បឹង​ព្រែកទប់ ឬ​បឹង​ទឹកសាប ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​៣ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​គេ​ចាក់​ដី​រំលោភ​យក​បរិវេណ​បឹង​ធ្វើ​ជា​កម្មសិទ្ធិ​កន្លង​មក។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៤ RFA/Den Ayuthyea


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​សង់​​​​​​សំណង់​រឹងមាំ​ និង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​ជុំវិញ​មាត់​បឹង​ព្រែកទប់ ដែល​ជា​ប្រភព​ស្តុក​ទឹក​​​សាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​។

​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា កន្លង​មក​ដី​ចំណី​មាត់​បឹង​ព្រែកទប់ ត្រូវ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច បន្ត​សកម្មភាព​ចាក់​ដី​ចូល​មាត់​បឹង​ធម្មជាតិ​មួយ​នេះ ធ្វើ​កម្មសិទ្ធិ និង​មាន​មន្ត្រី​មាន​អំណាច​ខ្លះ​បាន​សង់​វិឡា​ធំ​ស្កឹមស្កៃ​នៅ​ជាប់​មាត់​បឹង​ព្រែកទប់ ប៉ុន្តែ​​គ្មាន​អាជ្ញាធរ​ទប់​ស្កាត់​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បច្ចុប្បន្ន​នេះ ឈ្មួញ និង​មន្ត្រី​មាន​អំណាច​នៅ​បន្ត​មាន​មហិច្ឆតា​ទន្ទ្រាន​រំលោភ​កាន់កាប់​ដី​ចំណី​មាត់​បឹង​ព្រែកទប់ ដែល​ជា​បឹង​ស្តុក​ទឹក​សាប​ដ៏​សំខាន់​ទុក​សម្រាប់​ប្រើប្រាស់​ទូទាំង​ខេត្ត​ព្រះសីហនុ នៅ​ឡើយ​ទេ។

សព្វ​ថ្ងៃ​នេះ មាត់​បឹង​ព្រែកទប់ ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​បាន​បន្ត​ដឹក​ដី ឬ​សំរាម​តាម​រថយន្ត​ដឹក​ចាក់​ចូល​មាត់​បឹង​ព្រែកទប់ និង​មាន​សកម្មភាព​សង់​វិឡា​រឹងមាំ​ធំ​ស្កឹមស្កៃ​ជាដើម។ ទំនង​អាច​ផ្តើម​ពី​បញ្ហា​នេះ ទើប​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ជំរុញ​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​សាងសង់​សំណង់​ផ្សេងៗ និង​ពន្យារ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​បឹង​ព្រែកទប់ ដើម្បី​ពិនិត្យ​ដោះស្រាយ ការពារ ថែរក្សា​នូវ​បរិស្ថាន និង​ប្រភព​ទឹកសាប​សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ នា​ខេត្ត​ព្រះសីហនុ ឲ្យ​ស្រប​តាម​គោលការណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​ពេល​កន្លង​មក។

លិខិត​ដដែល​ក៏​បាន​គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​អនុវត្ត​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្តល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​បឹង​ព្រែកទប់ ស្ថិត​នៅ​ភូមិ១ សង្កាត់៣ ក្រុង​ព្រះសីហនុ ដូច​មាន​ចែង​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ អំពី​របាយការណ៍​ដោះស្រាយ​សំណើ​របស់​ប្រជាពលរដ្ឋ ៥១​គ្រួសារ រស់​នៅ​តំបន់​បឹង​ព្រែកទប់ ដែល​ស្នើ​សុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​ដីធ្លី។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ផ្ដល់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ដើម្បី​កាន់កាប់ និង​អាច​សង់​សំណង់​ផ្សេងៗ នៅ​តំបន់​នេះ បច្ចុប្បន្ន​ក៏​បាន​កើត​មាន​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​បាន​កើត​មាន​នៅ​តំបន់​បឹង​ព្រែកទប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ទឹកសាប​បឹង​ព្រែកទប់ សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។

​លិខិត​អន្តរាគមន៍​នេះ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ ដោយ​យោង​តាម​របាយការណ៍​របស់​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា ការ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល របស់​អាជ្ញាធរ​ខេត្ត​នេះ មិនទាន់​អនុវត្ត​បាន​ពេញលេញ និង​មិន​ទាន់​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់​បាន​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណជន និង​ផលប្រយោជន៍​សង្គមជាតិ​ទេ។

លិខិត​មាន​ចុះ​ហត្ថលេខា លោក ចម ប្រសិទ្ធ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ដី​នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែកទប់ កំពុង​កើត​មាន​រូបភាព​សង់​សំណង់​រឹងមាំ​ផ្សេងៗ ដែល​មិន​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ត្រឹមត្រូវ នាំ​ឲ្យ​ហូរ​ទឹក​សំណល់​មិន​ល្អ​ចូល​ក្នុង​បឹង ដោយ​មិន​បាន​កសាង​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ដែល​អាច​ធានា​ការពារ​ប្រព័ន្ធ​ទឹក​ស្អាត​នៃ​បឹង​ព្រែកទប់ ដូច​មាន​ចែង​ក្នុង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​រក្សា​បឹង​ព្រែកទប់ ជា​ប្រភព​ទឹក​សាប​ទេ។ រក្សា​សិទ្ធិ​រស់នៅ និង​កាន់កាប់​ដីធ្លី​ជាក់ស្តែង​កន្លងមក របស់​ប្រជាពលរដ្ឋ​ស្ថិតនៅ​តំបន់​បឹង​ព្រែក​ទប់​។ ជាង​នេះ​ក៏​តម្រូវ​ឲ្យ​អ្នក​កាន់​កាប់​ដីធ្លី​នៅ​តំបន់​នោះ ត្រូវ​ធ្វើ​កិច្ចសន្យា​មិន​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​បឹង និង​ត្រូវ​បង្កើត​ក្រុមការងារ​ចម្រុះ​តាមដាន​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​ព្រែកទប់ ដោយ​ធានា​ឲ្យ​រាល់​ការ​សាងសង់​លំនៅឋាន​ផ្សេងៗ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផ្ទៃ​ទឹក​បឹង​ព្រែកទប់ ជាដើម។

ទោះ​យ៉ាង​ណា​បច្ចុប្បន្ន​នេះ ផ្ទៃ​រង់​ទឹក​ភ្លៀង ឬ​ដី​មាត់បឹង​ព្រែកទប់ គេ​សង្កេត​ឃើញ​រមាន​របង​ថ្ម​ហ៊ុមព័ទ្ធ​ធ្វើ​កម្មសិទ្ធិ ឬ​មាន​សកម្មភាព​ចាក់​ដី​លុប​ចូល​មាត់​បឹង​ជា​បន្តបន្ទាប់ និង​មាន​សំណង់​ផ្ទះ​វិឡា​ធំ​ស្កឹមស្កៃ កំពុង​សាងសង់​នៅ​ជាប់​មាត់​បឹង​ព្រែកទប់ ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ទេ។

សំណង់​វិឡា​ធំ​ស្កឹមស្កៃ​ដែល​កំពុង​សង់​នៅ​ជាប់​មាត់​បឹង​ព្រែកទប់ រាល់​ថ្ងៃ​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​សាលា​ខេត្ត​ព្រះសីហនុ អះអាង​ថា ជា​កម្មសិទ្ធិ​របស់​លោក តាក់ វណ្ណថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​សំណង់​នេះ មន្ត្រី​ខេត្ត​ព្រះសីហនុ ថ្លែង​ថា មាន​ប្លង់​កម្មសិទ្ធិ និង​មាន​ច្បាប់​សាងសង់​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​នេះ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ ថ្លែង​ថា មិន​គួរ​ឲ្យ​មាន​សំណង់​រឹងមាំ​សង់​នៅ​ជាប់​មាត់បឹង​ព្រែកទប់ ដែល​ជា​បឹង​ស្តុក​ទឹក​សាប​ទុក​សម្រាប់​ប្រាស់​នៅ​ទូទាំង​ខេត្ត​នេះ​ទេ។ លោក​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​មាន​នីតិវិធី​តាម​ផ្លូវ​ច្បាប់ ឈាន​ដល់​លុប​ចោល​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដីធ្លី​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ដែល​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ​ផ្ដល់​កម្មសិទ្ធិ​ជូន​ឯកជន​កាន់​កាប់​នៅ​ពេល​កន្លង​មក ដើម្បី​រក្សា​ផ្ទៃ​បឹង​ឲ្យ​បាន​ធំ​ដូច​ពេល​មុន។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ព្រួយ​បារម្ភ​ខ្លាច​ខេត្ត​ព្រះសីហនុ អាច​ខ្វះ​ទឹក​សាប​ប្រើប្រាស់​នា​ថ្ងៃ​អនាគត ប្រសិនបើ​អាជ្ញាធរ​ខេត្ត​នេះ មិន​អាច​ទប់ស្កាត់​សកម្មភាព​ចាក់​ដី​រំលោភ​មាត់​បឹង​ព្រែក​ទប់ ឬ​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​សង់​សំណង់ផ្ទះ​វិឡា និង​សំណង់​រឹងមាំ​ផ្សេងៗ ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ដូច​សព្វថ្ងៃ​នេះ៖ «ថ្មីៗ​នេះ​មាន​សកម្មភាព​ចាក់​ដី​លុប​មាត់បឹង​ព្រែក​ទប់ និង​សង់​សំណង់​ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ​នៅ​ជាប់​មាត់បឹង​ព្រែក​ទប់។ បញ្ហា​នេះ គួរ​តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចាត់​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជៀសវាង​មន្ត្រី​មាន​អំណាច​អាច​សង់​សំណង់​រឹងមាំ​បាន​ស្រេច​តែ​ចិត្ត ហើយ​ពលរដ្ឋ​ខ្សត់​អំណាច​មិន​អាច​សង់​សំណង់​រឹងមាំ​នៅ​តំបន់​បឹង​ព្រែកទប់ មិន​បាន គឺ​មិន​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»

​ចំណែក​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ បាន​សាទរ​ចំពោះ​លិខិត​អន្តរាគមន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ដែល​អន្តរាគមន៍​ស្នើ​ឲ្យ​ផ្អាក​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ឬ​សង់​សំណង់​ផ្សេងៗ នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់ ថ្មីៗ​នេះ។ ជាង​នេះ លោក​ក៏​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជួយ​ពិចារណា ឬ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ ឬ​បុគ្គល​លោភលន់​មួយ​ចំនួន រំលោភ​យក​ដី​បរិវេណ​មាត់បឹង​ព្រែក​ទប់​នា​ពេល​កន្លង​មក​ឲ្យ​បាន​ធ្ងន់ធ្ងរ៖ «ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រក្សាទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាពិសេស​ដី​ដែន​អភិរក្ស​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់ ដែល​ជា​ប្រភព​ស្តុក​ទឹក​ស្អាត​ឲ្យ​បាន​គង់វង្ស ព្រោះ​បច្ចុប្បន្ន​នេះ កំពុង​ប្រឈម​នឹង​ការ​បាត់បង់។ ដូច្នេះ​សូម​ឲ្យ​រាជរដ្ឋាភិបាល​មាន​វិធានការ​តាម​ដាន​លើ​រឿង​នេះ​ឲ្យ​បាន​ក្តៅ និង​ជា​ប្រចាំ ព្រោះ​បើ​មិន​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទេ ដី​នៅ​ជុំវិញ​បរិវេណ​តំបន់​បឹង​ព្រែក​ទប់ នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​មាន​អំណាច និង​មាន​ទ្រព្យ​អស់​គ្មាន​សល់​ជា​មិន​ខាន»

លោក សុខ សុខុម បន្ត​ថា បឹង​ព្រែក​ទប់​មិន​គួរ​អាជ្ញាធរ ពិសេស​រដ្ឋាភិបាល ទុក​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​សង់ផ្ទះ​វិឡា​ធំ​ស្កឹមស្កៃ​នៅ​មាត់បឹង ឬ​មាន​សកម្មភាព​រថយន្ត​ដឹក​ដី​ចាក់​លុប​មាត់​បឹង និង​មាន​របង​ថ្ម​ហ៊ុមព័ទ្ធ​ធ្វើ​កម្មសិទ្ធិ​បន្ត​កើត​មាន​ដូច​សព្វថ្ងៃ​នេះ​ទៀត​ទេ។

​ស្រដៀង​គ្នា​ដែរ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់​មន្ត្រី​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​ខ្លះ នា​ខេត្ត​ទេសចរណ៍​មួយ​នេះ ដែល​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ឯកជន​នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែកទប់​ នៅ​ពេល​កន្លង​មក។

អ្នកស្រី​ចាត់​ទុក​ការ​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​រថយន្ត​ដឹក​ដី ឬ​សំរាម​ចាក់​លុប​មាត់បឹង​ព្រែកទប់ និង​សកម្មភាព​សង់​សំណង់​វិឡា​ធំ​ស្កឹមស្កៃ ឬ​សំណង់​រឹងមាំ​ផ្សេងៗ​ដែល​អាច​ធ្វើ​សកម្មភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អាច​ទំនង​ជា​មាន​ការ​ឃុបឃិត​មាន​លក្ខណៈ​ជា​ប្រព័ន្ធ៖ «ប្រធាន​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នា​មូលដ្ឋាន​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ពិតជា​មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ពេល​កន្លង​មក»

​ទោះ​យ៉ាង​ណា មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​គាំទ្រ​ចំណាត់​ការ​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ ដែល​ចេញ​មុខ​អន្តរាគមន៍​ផ្អាក​សកម្មភាព​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី និង​សង់​សំណង់​ផ្សេងៗ នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់​ថ្មីៗ​នេះ។

រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា បាន​កំណត់​ថា ដី​ភ្នំ បឹងបួ ទន្លេ ព្រែក អូរ សមុទ្រ ឆ្នេរ និង​កោះ​ជាដើម គឺ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដោយ​មិន​អាច​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​រំលោភ​បាន និង​ត្រូវ​រួម​គ្នា​ការពារ​ឲ្យ​បាន​គង់វង្ស។ ទោះ​ជា​បែប​នេះ​ក្តី នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដី​ភ្នំ បឹង​ធម្មជាតិ ដី​ឆ្នេរ និង​ដី​កោះ ជាដើម ត្រូវ​ឈ្មួញ​មាន​ទ្រព្យធន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​កំពុង​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​សកម្មភាព​នេះ អាជ្ញាធរ​ឆ្លើយ​ថា មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

តាម​របាយការណ៍​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា បច្ចុប្បន្ន​នេះ បឹង​ព្រែកទប់ មាន​ផ្ទៃ​សរុប​ជាង ១៥​ហិកតារ និង​អាច​ស្តុក​ទឹកបាន​ប្រមាណ ៥០​ម៉ឺន​ម៉ែត្រ​គូប។

ទាក់ទង​បឹង​ព្រែកទប់​នេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ពិធី​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៥ កាល​ពី​​ខែ​ឧសភា ឆ្នាំ​២០១៤ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ ត្រូវ​រួម​គ្នា​ថែរក្សា​បឹង​ព្រែកទប់ និង​ព្រៃ​ជុំវិញ​មាត់​បឹង​នេះ​ឲ្យ​បាន​គង់វង្ស ដើម្បី​បង្ការ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នា​មូលដ្ឋាន​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles