​មន្ត្រី​ថៃ​សន្យា​ម្តងទៀត​ថា ឈប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​​ឆ្លង​ដែន​ខុសច្បាប់​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃសៅរ៍ ទី29 សីហា 2015
http://vodhotnews.com


​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ​លើក​ទី​៥ (រូបភាពពីអគ្គស្នងការនគរបាលជាតិ)


​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ បាន​ឯកភាព ជាមួយ​កម្ពុជា​ម្តង​ទៀត​ថា នឹង​ទប់ស្កាត់​លំហូរ​ឆ្លងដែន​ខុសច្បាប់ ដោយ​អនុ​ឡោម តាម​បទដ្ឋាន ដែល​ទទួលស្គាល់ ដោយ​អន្តរជាតិ ផ្អែក​ទៅតាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ធម៌​នៃ​ប្រទេស​ទាំង​ពីរ​។​

​ការសម្រេច​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៥ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ រវាង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក ស ខេង និង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ​លោក អនុ​ពង្ស ផៅ​ចិន្តា​។​

​កាលពី​ឆ្នាំ​២០១៤​ ពលករ​ខ្មែរ​ជាង​២០​ម៉ឺន​នាក់ ត្រូវ​មេដឹកនាំ​យោធា​ថៃ​ចាប់​បញ្ជូន​ទាំង​តក់ក្រហល់ មក​ទម្លាក់​ចោល នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ហេតុផល​ពង្រឹង​ផ្ទៃក្នុង ។​

​ជាងនេះទៅទៀត ពលរដ្ឋ​ខ្មែរ​មួយចំនួន ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ក្រៅច្បាប់ ជា​រៀលរាល់​ឆ្នាំ ពេល​ពួកគេ ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ។​ បើទោះបី​មន្ត្រីជាន់ខ្ពស់​ថៃ ធ្លាប់បាន សន្យា​និង​ពេលខ្លះ មន្ត្រី​ជាន់ខ្ពស់​ថៃ ធ្លាប់​បាន​សុំទោស កម្ពុជា​ជា​សាធារណៈ ពី​ការ​សម្លាប់​ក្រៅ​ច្បាប់​នេះ​ក៏ដោយ​។​

​តាម​ការចុះផ្សាយ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ លោក អនុ​ពង្ស ផៅ​ចិន្តា​បាន​ឯកភាព ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង ក្នុង​កិច្ចប្រជុំ​នោះ​ថា នឹង​ជួយ​សម្រួល​ដល់​ពលករ​នៃ​ប្រទេស​ទាំង​ពីរ ឲ្យប្រើ​ប្រា​ស់ប័ណ្ណ​ព្រំដែន​សម្រាប់​ឆ្លងកាត់​ព្រំដែន​ដើម្បី​ធ្វើការ​ប្រចាំថ្ងៃ និង​តាម​រដូវ​កាល ។ 

​គេហទំព័រ​ដដែល បន្តថា ភាគី​ទាំងពីរ ក៏​បាន​ឯកភាពគ្នា​ថា នឹង​រំឭក​ទៅ​អាជ្ញាធរ មាន​សមត្ថកិច្ច​ទាំង​អស់​នៅ ជាប់​ព្រំដែន ត្រូវ​បង្កើន​ការអនុវត្ត​តាម​ខ្លឹមសារ កំណត់ហេតុ​នៃ​កិច្ចប្រជុំ  ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ធ្វើឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​តាម​ព្រំដែន មាន​ភាពល្អប្រសើរ​។​

​ក្រៅពីនេះ ភាគី​ទាំងពីរ ក៏​បាន​ឯកភាពគ្នា ថា​នឹង​បន្ត​លើកកម្ពស់​ក្នុង​ការរក្សា​សន្តិភាព ស្ថេរភាព សន្តិសុខ និង​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការសម្របសម្រួល​ដល់​ការចេញចូល​ឆ្លងកាត់​ព្រំដែន  ការផ្លាស់ប្តូ​ទំនិញ កសិផល  ការធ្វើ​ពាណិជ្ជកម្ម  និង​ការធ្វើ​វិនិយោគទុន​តាម​តំបន់​ព្រំដែន​ផង​ដែរ​។  

​កាលពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៥ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែងថា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​១​លាន​នាក់​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​៧០​ភាគរយ​កំពុង​បាន​ទទួល​រង​ការប្រថុយប្រថាន​ធ្វើ​ការងារ​គ្មាន​ច្បាប់​អនុញ្ញាត ការកេងប្រវ័ញ្ច​និង​អំពើ​ជួញដូរ​មនុស្ស​។​

​សង្គម​ស៊ីវិល​យល់ថា ដើម្បី​ទប់ស្កាត់​ចំណាកស្រុក​ខុសច្បាប់ រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ការងារ​នៅក្នុង​ស្រុក ឲ្យមាន​ប្រាក់​ឈ្នួល​ក្នុង​កម្រិត​ខ្ពស់ ប្រហាក់ប្រហែល​ប្រទេស​ជិតខាង និង​បង្ក​ភាពងាយស្រួល លើ​ការ​បំពេញបែបបទ ពី​សេវា​ផ្តល់​លិខិតឆ្លងដែន​ជាដើម​៕

សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com 

What Next?

Recent Articles