ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី31 សីហា 2015, 03:44 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ ព្រមានចាត់វិធានការជាថ្មី លើអ្នកដែលលួចចម្លងពីសិទ្ធិអ្នកនិពន្ធ ដោយចាត់ទុកថាការលួចចម្លងនោះ ធ្វើឲ្យប៉ះពាល់ដល់អ្នកដែលខិតខំបង្កើតស្នាដៃថ្មី និងប៉ះពាល់ដល់សង្គម។
ការព្រមាននេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៣១ ខែសីហានេះ។
អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ លោក គង់ កន្តារ៉ា ថ្លែងថា អ្នកដែលលួចចម្លងសិទ្ធិអ្នកនិពន្ធ នឹងប្រឈមចំពោះមុខច្បាប់។ លោកបន្តថា បច្ចុប្បន្នក្រសួងវប្បធម៌មានគណៈកម្មការអន្តរក្រសួងមួយ ដើម្បីបង្ក្រាបបទល្មើសនៃការលួចចម្លងសិទ្ធិអ្នកនិពន្ធ។ លោកសង្កត់ធ្ងនថា ការលួចចម្លងនោះពិតជាធ្វើឲ្យប៉ះពាល់ដល់គំនិតប្រាជ្ញា និងប៉ះពាល់ដល់ថវិការបស់អ្នកនិពន្ធថែមទៀត ពោលអ្នកនិពន្ធចំណាយពេលវេលាច្រើន និងថវិកាក្នុងបង្កើតសស្នាដៃថ្មី។ លោកថា៖ “ការចម្លង ច្បាប់យើងមានចែងរួចអស់ហើយ ហើយបើសិនណាអ្នកលួចចម្លងស្នាដៃរបស់គេ គាត់ត្រូវមានទោស ហើយចំពោះការលួចចម្លងនេះ ក្រសួងវប្បធម៌យើងមានគណៈកម្មការអន្តរក្រសួងមួយ ដើម្បីបង្ក្រាបបទល្មើសហ្នឹង។ កន្លងមក ដូចអស់លោកអ្នកកាសែតបានជ្រាបស្រាប់ហើយថា គណៈកម្មការអន្តរក្រសួងចុះទៅបង្ក្រាបការលួចចម្លងរបស់គេហ្នឹង”។
យ៉ាងណាក៏ដោយ លោកលើកទឹកចិត្តដល់អ្នកដែលមានគំនិតបង្កើតស្នាដៃនិពន្ធ ព្រមទាំងបង្កើតច្បាប់ការពារអ្នកទាំងនោះទៀតផង។ បើតាមលោក គង់ កន្តារ៉ា តាំងពីឆ្នាំ២០០០ រហូតមកទល់បច្ចុប្បន្នមានការបង្ក្រាបបទល្មើសអ្នកលួចចម្លងជាច្រើន តែលោកមិនអាចបញ្ជាក់ទិន្នន័យបានទេ។
អ្នកនិពន្ធប្រលោមលោក និងរឿងនិទានកុមារ លោកស្រី កែម លីហៀង ដែលចូលរួមក្នុងសន្និសីទនោះ មានប្រសាសន៍ថា ក្រសួងគួរតែចាត់វិធានការឲ្យមានប្រសិទ្ធភាព និងតឹងរឹងលើអ្នកចម្លងពីគេដោយពិន័យជាទឹកប្រាក់ ឬត្រូវប្រឈមចំពោះមុខច្បាប់។ លោកស្រីឲ្យដឹងទៀតថា ការលួចចម្លងពីគេធ្វើឲ្យចំណេញពេលវាលា និងថវិកា។ ប៉ុន្តែចំណុចអាក្រក់ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ជាពិសេសវប្បធម៌លួចចម្លងនៅតែកើតមានក្នុងសង្គមខ្មែរ ដែលធ្វើឲ្យយុវជនជំនាន់ក្រោយយកគំរូតាម។ លោកស្រីបញ្ជាក់ថា៖ “យើងត្រូវតែដាក់ទោស ពីព្រោះប្រសិនជាយើងពិន័យគាត់ មិនដាក់ទោសគាត់ទេ វប្បធម៌ហ្នឹងនៅតែមានជាដដែលៗ ហើយបងជឿថា ខ្មែរយើងគឺមានចរិតមួយអាចកែប្រែបាន ប្រសិនបើច្បាប់តឹង។ បងយល់ថា ប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរ មិនមែនរឹងទទឹងរហូតដល់ពិបាកក្នុងការអប់រំនោះទេ ងាយនឹងអប់រំ ប៉ុន្តែសួរថា តើអ្នកអប់រំហ្នឹង អប់រំត្រូវចំនុចឬអត់ ដូចឪពុកម្តាយអប់រំកូនអ៊ីចឹង។ ពេលខ្លះដឹងថា កូនខុស យកកូនមកវ៉ៃ យកកូនមកស្តី អត់បានប្រាប់ពីកំហុសថា ប៉ាវ៉ៃកូនឯង ឬស្តីបន្ទោសកូនឯងដោយសារកំហុសមួយនេះ។ អ៊ីចឹងរដ្ឋាភិបាល ក៏ដូចជាក្រសួងក៏ដូចគ្នាដែរ ប្រសិនបើយើងបន្ទោសទៅលើបុគ្គល Copy ឬលួចចម្លងស្នាដៃគេអ៊ីចឹង យើងបញ្ជាក់ប្រាប់គាត់ យើងពិន័យគាត់ក្នុងស្នាដៃមួយប៉ុន្មានរៀល ប៉ុន្មានដុល្លារ”។
នាយិកាផ្នែកអភិវឌ្ឍន៍សិទ្ធិអ្នកនិពន្ធនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) លោកស្រី កៅ ហាំង មានប្រសាសន៍តាមរយៈបកប្រែថា សិទ្ធិអ្នកនិពន្ធមានសារៈសំខាន់ក្នុងការរួមចំណែក ដល់ការរីកចម្រើនចំណូលដុលរបស់ប្រជាជនម្នាក់ៗក្នុង១ឆ្នាំ (GDP)និងផ្តល់ការងារធ្វើផងដែរ។ លោកស្រីថ្លែងថា៖ “នៅក្នុងប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ ប្រព័ន្ធសិទ្ធិអ្នកនិពន្ធត្រូវបានប្រើប្រាស់ជាឧបករណ៍មួយ ដើម្បីផ្តល់ និងការពារការសម្តែងផ្នែកវប្បធម៌ដែលប្រទេសទាំងអស់បានធ្វើកន្លងមក”។
ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ក្នុងមាត្រា៦៤ ចែងថា ការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធតាមរយៈការផលិតឡើងវិញ ឬសម្តែងឡើងវិញត្រូវពិន័យជាប្រាក់ពី៥លានរៀល ទៅ២៥លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ១ឆ្នាំ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ក្រសួងវប្បធម៌ព្រមានចាត់វិធានការលើអ្នកលួចចម្លងស្នាដៃសិទ្ធិអ្នកនិពន្ធ (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃចន្ទ ទី31 សីហា 2015, 05:44 PM
http://vodhotnews.com
ក្រសួងវប្បធម៌ព្រមានចាត់វិធានការលើអ្នកលួចចម្លងស្នាដៃសិទ្ធិអ្នកនិពន្ធ
