ពលរដ្ឋ​ខេត្ត​កោះកុង​បន្ត​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​មាតាធម្មជាតិ​​

ដោយ៖​ មាឃ ចាន់​ | ថ្ងៃចន្ទ ទី31 សីហា 2015, 03:19 PM
http://vodhotnews.com


ប្រជា​ពលរដ្ឋ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​មាត្រា​ធម្មជាតិ​ (រូបថត​ដោយ​ Gigi Nuary)


ប្រជាពលរដ្ឋនិងក្រុមយុវជនប្រមាណ៥០នាក់នៅព្រឹកថ្ងៃចន្ទនេះ នៅតែបន្តនាំគ្នាតវ៉ាខាងមុខសាលាដំបូងខេត្តកោះកុង និង​ដើរ​ដង្ហែជា​ក្បួន​​ ដោយស្នើដោះលែងយុវជននៃចលនាមាតាធម្មជាតិ៣នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីពេលកន្លងទៅ។

សកម្មជននៃក្រុមចលនាមាតាធម្មជាតិមួយរូប លោក ម៉ូត គឹមរី បានឱ្យដឹងថានា​ព្រឹកថ្ងៃចន្ទនេះក្រុមយុវជន និងអ្នកភូមិ  រួមទាំងក្រុមអ្នកភូមិបឹងកក់ដែលមកពីភ្នំពេញ បានបន្តតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង និងមានការដើរហែរក្បួននៅក្នុងក្រុងខេមរៈភូមិន្ទ ដើម្បីសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសកម្មជនទាំង៣នាក់ឱ្យមានសេរីភាពវិញ។ សកម្មជន​ទាំងនោះ​រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង។

ប្រជា​ពលរដ្ឋ​បាន​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ទាំងនោះ​ចាប់តាំងពីថ្ងៃ​ទី​១៩ខែសីហា ឆ្នាំ​២០១៥។​

អ្នកសម្របសម្រួលបច្ចេកទេសនៃអង្កការលីកាដូ លោក អំ សំអាត បានឱ្យវីអូឌីដឹងដែរថាកាលពីថ្ងៃពុធសប្តាហ៍មុន មេធាវីការពារមក​ពីអង្គការ​លីកាដូ​បានដាក់លិខិតដាក់ទៅតុលាការ ដើម្បីស្នើសុំឱ្យយុវជនទាំង៣នាក់ស្ថិតនៅក្រៅឃុំ។ លោក​បន្ត​ថា​រហូត​មកទល់ពេលនេះខាងមេធាវីកំពុងរង់ចាំការឆ្លើយតបពីតុលាការ។ ប្រភពដដែលបានបន្តថានៅថ្ងៃអង្គារ ទី០៨ សប្តាហ៍ក្រោយ ចៅក្រុមស៊ើបសួរនឹងបន្តការសាកសួរយុវជន២នាក់គឺលោក សាន់ ម៉ាឡានិងលោក ទ្រី សុវិគា។

កន្លងទៅយុវជនដែលត្រូវ​បានចាប់ខ្លួន លោក សាន់ ម៉ាឡា ធ្លាប់​​ប្រាប់​វីអូឌី(VOD)ថាលោក​​យល់ថាចំណាត់​ការ​តាម​ប្រព័ន្ធតុលាការនេះ គ្រាន់តែ​ជា​ការគំរាមកំហែង ដើម្បីឲ្យ​យុវជន​បញ្ឈប់យុទ្ធនាការបណ្តេញ​សាឡង់​បូមខ្សាច់តែប៉ុណ្ណោះ។

គួររំឮកផងដែរថាយុវជនទាំង៣នាក់ត្រូវបាន​ចោទពីបទគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាតរបស់អ្វីមួយ តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ ។ យុវជន​អាច​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ៤លានរៀល៕

សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com

What Next?

Recent Articles