មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បង្រៀន​ភាសា​បរទេស​ដល់​អ្នក​ភូមិ​បណ្ដែត​ទឹក

ដោយ ហង្ស សាវយុត
2015-08-31
RFA

យុវជន​ខេត្ត​សៀមរាប ៦២០
ក្រុម​អ្នក​អុំ​ទូក​ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត​តាម​ព្រៃ​លិច​ទឹក​របស់​សហគមន៍ ទទួល​ការ​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ជី.អូ.អេន (GON) នា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។ រូបថត​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប


ខេត្ត​សៀមរាប គឺ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ និង​អេកូ​ទេសចរណ៍​នៅ​បឹង​ទន្លេសាប​ច្រើន​លាន​នាក់​ក្នុង ១​ឆ្នាំ ក៏ប៉ុន្តែ​ជាច្រើន​ឆ្នាំ​មក​ហើយ ចំណូល​ដែល​ស្រូប​បាន​ពី​វិស័យ​ទេសចរណ៍ គឺ​ធ្លាក់​ទៅ​លើ​ដៃ​ទីភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន មិន​សូវ​ធ្លាក់​ទៅ​លើ​ដៃ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ប្រាសាទ​បុរាណ និង​សហគមន៍​រស់នៅ​ក្នុង​បឹង​ទន្លេសាប​ទេ។

ដោយសារ​តែ​បញ្ហា​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍ មិន​សូវ​ធ្លាក់​មក​លើ​ដៃ​ប្រជាពលរដ្ឋ​នេះ គឺ​ក្រុមហ៊ុន​កូរ៉េ បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ហើយ​ចាប់​ផ្ដើម​ជួយ​ដល់​សហគមន៍​ប្រជាពលរដ្ឋ​នៅ​ក្នុង​បឹង​ទន្លេសាប ឲ្យ​អាច​ទទួល​បាន​កម្រៃ​យ៉ាង​ប្រសើរ​ពី​វិស័យ​ទេសចរណ៍​នៅ​ពេល​អនាគត។

មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ផ្ដើម​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ និង​ជំនាញ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ដល់​យុវជន​ដែល​ជា​អ្នក​អុំ​ទូក​ជាច្រើន​នាក់ រស់នៅ​ក្នុង​សហគមន៍​បឹង​ទន្លេសាប​នៃ​សង្កាត់​ចុងឃ្នៀស កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​សីហា។

ការ​បង្រៀន​ឲ្យ​ចេះ​និយាយ​ភាសា​អង់គ្លេស និង​កូរ៉េ នៅ​ពេល​អនាគត​នេះ គឺ​បំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​បឹង​ទន្លេសាប អាច​ទទួល​បាន​កម្រៃ​ពី​វិស័យ​ទេសចរណ៍​យ៉ាង​សមរម្យ នៅ​ស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​តំបន់​អង្គរ និង​បឹង​ទន្លេសាប ចេះ​តែ​កើន​ឡើង ហើយ​ទីភ្នាក់ងារ និង​ក្រុមហ៊ុន​ជាច្រើន កំពុង​តែ​ទទួល​បាន​កម្រៃ​យ៉ាង​ក្រាស់ក្រែល​ដែរ​នោះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​សីហា ថា រូប​លោក និង​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន ជី.អូ.អេន (GON) កូរ៉េ បាន​ចាប់​ផ្ដើម​បង្រៀន​ក្រុម​អ្នក​អុំ​ទូក ដែល​រស់នៅ​ក្នុង​សហគមន៍​នៃ​បឹង​ទន្លេសាប​ចំនួន​ជិត ១០០​នាក់ ចាប់​ពី​ពេល​នេះ​ត​ទៅ។ លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា ជំនាញ​ដែល​យក​ទៅ​បង្រៀន​អ្នក​អុំ​ទូក​ដែល​ភាគ​ច្រើន​ជា​យុវជន​ទាំង​នោះ មាន​ពីរ​ភាសា គឺ​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ។ ជំនាញ​ទាំង​នោះ​រួម​មាន បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ជំនា​ញ​សង្គ្រោះ​បន្ទាន់​នៅ​ពេល​មាន​គ្រោះថ្នាក់ ព្រម​ទាំង​ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​សហគមន៍ ជាដើម។ ការ​បង្រៀន​ជំនាញ​ទាំង​នេះ ក្នុង​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ចុងឃ្នៀស អាច​ទទួល​បាន​កម្រៃ​ពី​វិស័យ​ទេសចរណ៍​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ៖ «ភ្ញៀវ​ភាគ​ច្រើន​ជិះ​កាណូត​ធំ​មក​ទស្សនា​បឹង​ទន្លេសាប ហើយ​ក៏​ចង់​ជិះ​កាណូត​តូច ដើម្បី​បាន​ទស្សនា​ទេសភាព​នៅ​តាម​សហគមន៍​ដែរ។ អ៊ីចឹង​កាណូត​តូច​ត្រូវ​ការ​សេវាកម្ម​ច្រើន ដូចជា​អ្នក​នៅ​សហគមន៍​របស់​គាត់​ហ្នឹង ត្រូវ​ការ​រៀបរាប់​ជូន​ភ្ញៀវ។ ដូច្នេះ​ទាល់​តែ​គាត់​ចេះ​ភាសា»

បច្ចុប្បន្ន​នៅ​បឹង​ទន្លេសាប​តំបន់​ចុងឃ្នៀស គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​រយ​នាក់ តែង​ទៅ​ទស្សនា​អេកូ​ទេសចរណ៍ ហើយ​ភាគ​ច្រើន​នៃ​ភ្ញៀវ​ទេសចរ​ទាំង​នោះ គឺ​ជនជាតិ​កូរ៉េ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​មន្ទីរ​ទេសចរណ៍ ចាប់​ផ្ដើម​សហការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ដើម្បី​បង្រៀន​ភាសា​កូរ៉េ និង​ភាសា​អង់គ្លេស ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​អុំ​ទូក​ទេសចរណ៍។

លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​បន្ថែម​ថា ក្រុមហ៊ុន​កូរ៉េ ជី.អូ.អេន មិន​ត្រឹម​តែ​ជួយ​បង្រៀន​ភាសា​កូរ៉េ និង​អង់គ្លេស ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​អុំ​ទូក​ប៉ុណ្ណោះ​ទេ គឺ​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០០​ដុល្លារ​សម្រាប់​ម្នាក់ៗ​ក្នុង ១​ខែ​ថែម​ទៀត សម្រាប់​ឲ្យ​ពួក​គេ​ជួយ​ការពារ​ព្រៃ​លិច​ទឹក​ឲ្យ​បាន​គង់វង្ស សម្រាប់​ធ្វើ​ជា​តំបន់​ទេសចរណ៍​សហគមន៍។

ចៅ​សង្កាត់​ចុងឃ្នៀស លោក ឯម ម៉ាន ចាត់​ទុក​ការ​ដែល​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប និង​ក្រុមហ៊ុន​កូរ៉េ ជួយ​បង្ហាត់​បង្រៀន​ភាសា​អង់គ្លេស និង​កូរ៉េ ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​កម្រៃ​ពី​ទេសចរណ៍​នោះ ថា​ជា​ការ​ល្អ​ប្រសើរ​បន្ថែម​ទៅ​លើ​ជីវភាព​នេសាទ​ត្រី​របស់​ប្រជា​សហគមន៍ ក៏ប៉ុន្តែ​លោក​យល់​ថា ទោះ​យ៉ាង​ណា គឺ​មាន​តែ​អ្នក​ភូមិ​តិចតួច​ទេ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​នេះ៖ «ប្រហែល​ជា ៣០% អី​ប៉ុណ្ណឹង​ទេ ដែល​បាន​ទទួល​ពី​ទេសចរណ៍ ដូច​ជា​ម្ចាស់​ទូក ម្ចាស់​កាណូត ហើយ​អ្នក​បើកបរ​កាណូត​ទៅ​លក់​ដូរ​តិចតួច​ប៉ុណ្ណឹង»

លោក​ចៅ​សង្កាត់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​បឹង​ទន្លេសាប​នៃ​សង្កាត់​ចុងឃ្នៀស ទាំង​មូល គឺ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ១.៣០០​គ្រួសារ ប៉ុន្តែ​អ្នក​ដែល​មាន​ចំណេះ​ដឹង​អាច​រៀន​ភាសា​អង់គ្លេស ឬ​ក៏​កូរ៉េ ដើម្បី​ទទួល​បាន​កម្រៃ​ពី​ទេសចរ គឺ​មាន​ចំនួន​តិចតួច ឯ​ភាគ​ច្រើន គឺ​មិន​ទាំង​ចេះ​អក្សរ​ខ្មែរ​ផង បាន​ត្រឹម​តែ​ធ្វើ​ជា​អ្នក​នេសាទ​ត្រី កម្មករ​លី​សែង ឬ​ក៏​ជាង​ជួសជុល​ទូក​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles