ដោយ ប្រាជ្ញ ចេវ
2015-08-31
RFA

ក្រុមអាជ្ញាធរចុះរុះរើផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវជាតិលេខ៥ ឋិតនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥។ RFA/Brach Chev
ក្រុមសមត្ថកិច្ចចម្រុះរបស់សាលារាជធានីភ្នំពេញ ចុះរុះរើផ្ទះពលរដ្ឋ ២ខ្នងនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រសៀលថ្ងៃទី៣១ ខែសីហា។ ការរុះរើនេះ ព្រោះអាជ្ញាធរអះអាងថា ផ្ទះពីរខ្នងនេះប៉ះពាល់ការពង្រីកផ្លូវជាតិលេខ៥។ ទោះបីជាយ៉ាងនេះក្ដី ជនរងគ្រោះ និងសង្គមស៊ីវិល ហៅទង្វើនេះថាជារឿងអយុត្តិធម៌ ព្រោះសាមីខ្លួនរងផលប៉ះពាល់មិនទាន់យល់ព្រមទទួលសំណងនៅឡើយ។
កងកម្លាំងចម្រុះរបស់សាលាខណ្ឌព្រែកព្នៅ អ្នកកាន់អាវុធឈរការពារ បង្ការម្ចាស់ផ្ទះតដៃ និងជនស៊ីវិលមានពូថៅ និងញញួរក្នុងដៃ ឡើងរុះរើផ្ទះយ៉ាងសកម្ម ដោយមិនខ្វល់ពីសំឡេងយំសោករបស់ម្ចាស់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់ផ្សារព្រែកព្នៅ នោះទេ។ មិនយូរប៉ុន្មាន គ្រឿងចក្រចូលមកកាយផ្ទះមួយខ្នងទៀត នៅក្បែរនោះដែរ ដែលគេអះអាងថា ផ្ទះទាំងនោះប៉ះពាល់ការពង្រីកផ្លូវ។
ស្ត្រីម្ចាស់ផ្ទះដែលត្រូវសមត្ថកិច្ចរុះរើផ្ទះ លោកស្រី ស៊ូ ស្រីនាង និយាយទាំងសំឡេងខ្សាវៗថា នេះជាទង្វើមិនសម និងជារឿងអយុត្តិធម៌ចំពោះលោកស្រី ព្រោះលោកស្រីមិនទាន់យល់ព្រមទទួលសំណងពីសាលារាជធានីភ្នំពេញនៅឡើយ។ ជាស្ត្រីមេម៉ាយ ត្រូវចិញ្ចឹមកូននឹងរបរលក់ជ័រទឹកបិទទូក លោកស្រី ស៊ូ ស្រីនាង ថាការរុះរើផ្ទះសម្បែងរបស់លោកស្រី ហាក់ដូចជាសម្លាប់លោកស្រីទាំងរស់៖ «ជារឿងមិនសមរម្យចំពោះរូបខ្ញុំ ព្រោះខ្ញុំមិនទាន់យល់ព្រមផង ខ្ញុំមិនរឹងទទឹងឯណា គ្រាន់តែសុំឲ្យបន្ថែមប្រាក់សំណងតើ!»។
សកម្មភាពអាជ្ញាធរនៅពេលនេះ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ផ្ញើលិខិតមួយច្បាប់ចុះកាលពីថ្ងៃទី១៤ ខែសីហា ជូន លោកស្រី ស៊ូ ស្រីនាង ដោយបញ្ជាក់ថា សាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ នឹងរុះរើផ្ទះ លោកស្រី ស៊ូ ស្រីនាង និងលោកស្រី ឃាង ធីតា ដែលជាចំណុចរងផលប៉ះពាល់ ព្រោះសាលារាជធានីភ្នំពេញ បានទុកឱកាស និងលទ្ធភាពឲ្យអ្នកទាំងពីរគ្រួសារពិចារណា និងសម្រេចចិត្តជាយូរមកហើយ។
បុរសម្នាក់ពាក់ម៉ាស់បិទមុខ ដែលដឹកនាំការរុះរើនេះ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះរបស់លោកឲ្យអ្នកសារព័ត៌មានដឹងនោះទេ។ លោកបញ្ជាក់ថា ពលរដ្ឋដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវនៅសង្កាត់ព្រែកព្នៅ ចំនួន ៥១៥គ្រួសារ យល់ព្រមទទួលយកសំណងរបស់សាលារាជធានីភ្នំពេញ ប៉ុន្តែពលរដ្ឋចំនួន ២គ្រួសារនេះ មិនយល់ព្រមទទួលយកសំណងដែលរដ្ឋផ្តល់ឲ្យ និងបដិសេធមិនចាកចេញ។ មន្ត្រីសាលារាជធានីភ្នំពេញរូបនេះ និយាយថា សកម្មភាពក្រុមលោកធ្វើ គឺស្របទៅនឹងច្បាប់ ហើយក្នុងពេលដែលប្រទេសកម្ពុជា ត្រូវការអភិវឌ្ឍ៖ «ផ្ទះនៅលើដីចំណីផ្លូវ នៅពេលរដ្ឋត្រូវការ រដ្ឋមានសិទ្ធិដកហូត លុយផ្តល់គ្រប់ ឬមិនគ្រប់ ជារឿងរបស់គាត់ទេ»។
ទាក់ទងរឿងនេះដែរ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលតាមដានដំណើររឿងនេះ មិនយល់ស្របការអភិវឌ្ឍបែបនេះទេ។ លោកស្នើឲ្យអាជ្ញាធរ ផ្តល់សំណងសមស្របជាមុនសិន មុននឹងអាជ្ញាធរសម្រេចចិត្តបណ្ដេញពួកគាត់ចេញ៖ «ទោះបីប្រជាពលរដ្ឋមួយគ្រួសារ ឬពីរគ្រួសារ ក៏គាត់ជាមនុស្ស។ ហេតុអីគាត់មិនទទួលយកសំណង ព្រោះមិនសមរម្យនឹងការបាត់បង់។ គិតមើល គាត់បាត់បង់ផ្ទះសម្បែង មុខរបរឲ្យគាត់រស់នៅយ៉ាងណា»។
មន្ត្រីដែលដឹកនាំការរុះរើនេះដដែល ឲ្យដឹងទៀតថា គ្រួសាររបស់ លោកស្រី ស៊ូ ស្រីនាង ដែលមានផ្ទះឈើកម្ពស់ពីរជាន់ ទំហំទទឹង ៥ម៉ែត្រ និងបណ្ដោយ ៨ម៉ែត្រ សាលារាជធានីភ្នំពេញផ្តល់សំណង ៤ពាន់ដុល្លារ។ ចំណែកផ្ទះរបស់ លោកស្រី ឃាង ធីតា ដែលប៉ះពាល់ជាផ្ទះឈើដែរនោះ ត្រូវទទួលសំណង ៣ពាន់ដុល្លារ។ អ្នកទាំងពីរ ត្រូវជាម្តាយ និងកូន។ ពលរដ្ឋទាំងពីរគ្រួសារ ទាមទារសំណងជាង ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីយកប្រាក់នោះទិញផ្ទះនៅកន្លែងផ្សេងនៅក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងរាស្ត្រគ្រោងស្នើក្រសួងមហាផ្ទៃបញ្ឈប់គម្រោងសាងសង់ប៉ុស្តិ៍ប៉ូលិសនៅខេត្តព្រៃវែង
- ពលរដ្ឋ៣៧គ្រួសារនៅខេត្តសៀមរាបទាមទារពន្លឿនការដោះស្រាយជម្លោះដីធ្លី
- ពលរដ្ឋខេត្តកំពង់ធំចោទអាជ្ញាធរឃុំនិងស្រុកថាឃុបឃិតគ្នារំលោភយកដីសមូហភាព
- នាយករដ្ឋមន្ត្រីចាត់ឲ្យរដ្ឋមន្ត្រីក្រសួងដែនដីឆ្លើយបំភ្លឺនៅសភាតាមសំណើបក្សប្រឆាំង
- អតីតអ្នកបុរីកីឡានៅភ្នំបាតរៀបរាប់ពីជីវិតក្រលំបាក
- សង្គមស៊ីវិលសាទររដ្ឋាភិបាលទប់ស្កាត់ការចេញប្លង់កម្មសិទ្ធិដីធ្លីនៅជុំវិញមាត់បឹងព្រែកទប់
- អាជ្ញាធរបង្ខំបណ្ដេញពលរដ្ឋ១គ្រួសារពីផ្ទះដែលប៉ះពាល់គម្រោងពង្រីកស្ពានព្រែកក្ដាម
- លោក ស ខេង បញ្ជាឲ្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីអនុក្រឹត្យនៅខេត្តព្រះសីហនុ
- អាជ្ញាធរមិនទាន់អនុវត្តរុះរើផ្ទះនិងដំណាំពលរដ្ឋ១គ្រួសារនៅខេត្តត្បូងឃ្មុំ