ដោយ៖ ទូច សុខា | ថ្ងៃចន្ទ ទី31 សីហា 2015, 05:09 PM
http://vodhotnews.com
រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ថា កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជានៅតែប្រព្រឹត្តទៅជាធម្មតា មិនមែនត្រូវបានបញ្ចប់ដូចការចុះផ្សាយរបស់ការសែតក្នុងស្រុកនោះទេ។
កាលពីថ្ងៃអាទិត្យកាសែត The Cambodian Daily បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ យកមកចុះផ្សាយថា៖ “យើង(រដ្ឋាភិបាលកម្ពុជា)មិនមានគម្រោងនាំយកជនភៀសខ្លួនពីកោះណៅរូ (Nauru)មកកម្ពុជាបន្ថែមទៀតទេ។ ខ្ញុំគិតថា យើងទទួលកាន់តែតិចកាន់តែប្រសើរ”។
អ្នកនាំពាក្យម្នាក់របស់នាយកដ្ឋានអន្តោប្រវេសន៍ និងការពារព្រំដែនរបស់អូស្ត្រាលីបានឲ្យវីអូឌី (VOD)ដឹងតាមអ៊ីមែលថា រដ្ឋាភិបាលអូស្ត្រាលីនៅតែបន្តធ្វើការជាមួយកម្ពុជា និងដៃគូផ្សេងទៀត រួមទាំងប្រទេសដើមកំណើតរបស់ជនភៀសខ្លួនទាំងនោះផងដែរ ដើម្បីសម្របសម្រួលឲ្យមានការបញ្ជូនពួកគេត្រឡប់ទៅវិញ ឬតាំងទីលំនៅថ្មីឲ្យជនភៀសខ្លួននៅលើកោះណៅរូ(Nauru)និងកោះម៉ានូស (Manus)។ អ្នកនាំពាក្យរូបនោះបញ្ជាក់ថា៖ “រដ្ឋាភិបាល(អូស្ត្រាលី)គឺច្បាស់លាស់តាំងពីដំបូងថា អ្នក(ជនភៀសខ្លួន) ដែលបានមកដល់ដោយខុសច្បាប់តាមទូកនឹងមិនត្រូវបានតាំងទីលំនៅនៅអូស្ត្រាលីនោះទេ”។
បណ្ដាញផ្សាយព័ត៌មានBBCក៏បានចុះផ្សាយនៅថ្ងៃចន្ទនេះ ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott ផងដែរថា កិច្ចព្រមព្រៀងជនភៀសខ្លួនជាមួយកម្ពុជានៅតែបន្ត ហើយលោកចាត់ទុកថាជាកិច្ចព្រមព្រៀងសំខាន់មួយ។ BBCក៏បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop មានប្រសាសន៍ថា ការចុះផ្សាយរបស់កាសែត The Cambodia Daily នោះគឺ “យោងតែលើការលើកឡើងរបស់មន្ត្រីម្នាក់ប៉ុណ្ណោះ”។ អ្នកស្រីបន្ថែមថា ថ្មីៗនេះ អ្នកស្រីបានពិភាក្សាជាមួយភាគីកម្ពុជាស្តីពីការបញ្ជូនជនភៀសនេះ “ប្រកបដោយលទ្ធផលផ្លែផ្កា”។
ចំណែករដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក Peter Dutton ត្រូវបានBBCដកស្រង់សម្ដីថា ភាគីអូស្ត្រាលីមានទំនុកចិត្តខ្ពស់ទៅលើកិច្ចព្រមព្រៀងជាមួយកម្ពុជា ហើយលោកថា អូស្ត្រាលីសង្ឃឹមថានឹងមានជនភៀសខ្លួនច្រើនទៀតនឹងយល់ព្រមមកកម្ពុជា បន្ទាប់ពីជនភៀសខ្លួន៤នាក់ដែលបានមកដល់កម្ពុជាកាលពីខែមិថុនាកន្លងទៅ។
វីអូឌី(VOD)មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេ ដោយទូរស័ព្ទចូលតែលោកចុចបិទ។ វីអូឌី (VOD) ក៏មិនអាចសុំការអត្ថាធិប្បាយពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក សុខ ផល បានផងដែរ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
កាលពីខែមិថុនា ឆ្នាំ២០១៥នេះ ជនភៀសខ្លួនមកពីអូស្ត្រាលីដំបូងគេចំនួន៤នាក់បានស្ម័គ្រចិត្តមករស់នៅកម្ពុជា។ រដ្ឋាភិបាលអះអាងថា សព្វថ្ងៃពួកគេកំពុងស្នាក់នៅផ្ទះវីឡា ក្នុងខណ្ឌច្បារអំពៅ ទីក្រុងភ្នំពេញ ក្រោមការឧបត្ថមពីរដ្ឋាភិបាលអូស្ត្រាលី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីអូស្ត្រាលីមករស់នៅប្រទេសកម្ពុជាតាមគោលការណ៍ស្ម័គ្រចិត្ត ដោយអូស្ត្រាលីបានផ្តល់ជំនួយជាទឹកប្រាក់ប្រហែលជា៣១លានដុល្លារអាមេរិក ។ ក្រោយមកទៀត អូស្ត្រាលីក៏បានផ្តល់ជំនួយបន្ថែមប្រហែល១២លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់សេវាសុខភាព ការអប់រំ និងការបណ្តុះបណ្តាលជំនាញ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានរិះគន់កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួននេះថាជា ការជួញដូរមនុស្ស និងលើកឡើងថា កម្ពុជាជាប្រទេសរំលោភសិទ្ធិមនុស្ស មិនអាចផ្តល់សេចក្តីសុខឲ្យជនភៀសខ្លួនតាំងនោះបានទេ តែដ្ឋាភិបាលកម្ពុជាបានអះអាងថាការសម្រេចទទួលយកជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីនេះស្របតាមអនុក្រឹត្យ និងអនុសញ្ញាអន្តរជាតិ ដែលតម្រូវឲ្យកម្ពុជាមានកាតព្វកិច្ចអនុវត្តការទទួលជនភៀសខ្លួន៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com
