ដោយ ខែ សុណង
2015-09-01
RFA

សកម្មភាពប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដាក់ចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។ Photo: RFA
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុក ដែលជួបនូវការលំបាក និងហានិភ័យផ្សេងៗ អាចទំនាក់ទំនងជាមួយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសចំនួន៣ ដើម្បីទទួលបានការជួយអន្តរាគមន៍។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា បានផ្សព្វផ្សាយថា ដើម្បីបង្កើនថែមទៀតនូវប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងការជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះ ដែលបានទៅធ្វើការនៅក្រៅប្រទេស ហើយនិងស្ត្រីខ្មែរដែលបានរៀបការជាមួយជនបរទេសទាំងក្នុងករណីស្របច្បាប់ និងមិនស្របច្បាប់ នៅក្នុងប្រទេសសំខាន់ចំនួន៣ គឺប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសចិន នោះ ក្រសួងមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី មានប្រសាសន៍ថា ថ្វីត្បិតតែស្ថានតំណាងបានជួយសង្គ្រោះ និងបានជួយរៀបចំឲ្យពលករពលការិនី និងស្ត្រីខ្មែររងគ្រោះរាប់រយនាក់ បានវិលត្រឡប់មកកម្ពុជា វិញក្ដី ប៉ុន្តែការប្រកាសលេខទំនាក់ទំនងនៅពេលនេះ គឺជាវិធីមួយទៀតដើម្បីបង្កើនភាពងាយស្រួល ឲ្យមានការជួយអន្តរាគមន៍ទាន់ពេល៖ «កន្លងមកមានករណីខ្លះ អ្នកដែលជួបបញ្ហាជួបការលំបាករងគ្រោះ ហើយបានទំនាក់ទំនងទៅស្ថានទូត ហើយស្ថានទូតក៏បានជួយដោះស្រាយទៅ។ មានករណីខ្លះគាត់ទាក់ទងមកខាងក្រសួងការបរទេស នៅភ្នំពេញវិញ ហើយក្រសួងត្រូវបញ្ជូនព័ត៌មានហ្នឹងទៅឲ្យស្ថានបណ្ដាញយើងនៅក្រៅប្រទេសមានបញ្ហាហ្នឹង បានក្រសួងបញ្ជាក់ពីលេខទូរស័ព្ទ កាលណាមានបញ្ហា គាត់ទាក់ទងទៅតាមលេខអស់ហ្នឹង ដើម្បីឲ្យគាត់មានលក្ខណៈងាយស្រួលកុំឲ្យគាត់ពិបាក»។
ក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់នៅប្រទេសម៉ាឡេស៊ី ថា ពលការិនីខ្មែរទៅបម្រើការជាអ្នកបម្រើតាមផ្ទះ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករនៅកម្ពុជា និងនៅម៉ាឡេស៊ី ក៏ដូចជាតាមរយៈការធ្វើដំណើរទៅតាមការរៀបចំរបស់មេខ្យល់ បានជួបការលំបាក និងបញ្ហារួមមាន ការបង្ខំឲ្យធ្វើការគ្មានពេលកំណត់ ហូបមិនឆ្អែត បើកប្រាក់បៀវត្សមិនទៀងទាត់ និងមិនមានកិច្ចសន្យា ហើយក៏មានករណីជាប់ពន្ធនាគារដោយការស្នាក់នៅមិនស្របច្បាប់ ជាដើម។
ចំណែកប្រទេសថៃ វិញ ពលរដ្ឋខ្មែរទៅរកការងារធ្វើដោយលួចឆ្លងដែនខុសច្បាប់ និងតាមរយៈមេខ្យល់ បានជួបបញ្ហាមួយចំនួនដូចជា ការបង្ខំឲ្យធ្វើការធ្ងន់គ្មានពេលកំណត់ មិនបានប្រាក់បៀវត្សដូចការសន្យា ករណីជាប់ពន្ធនាគារ និងការចាប់បញ្ជូនមកមាតុប្រទេសវិញជាដើម។ ជាងនេះទៅទៀត ក៏មានករណីចាប់បង្ខំឲ្យធ្វើជាទាសករនៅលើកប៉ាល់ នេសាទ ពុំមានប្រាក់ឈ្នួល ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
មួយវិញទៀតនៅឯប្រទេសចិន ស្ត្រីខ្មែររងគ្រោះជាច្រើន ត្រូវបានមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការជាមួយបុរសជនជាតិចិន ហើយរងការធ្វើបាបពីប្ដី ឬត្រូវលក់បន្តឲ្យទៅធ្វើជាស្រីបម្រើផ្លូវភេទ។ល។
លេខទូរស័ព្ទទំនាក់ទំនងស្ថានទូតទាំងបីប្រទេស៖
ប្រទេសម៉ាឡេស៊ី៖
- ស្ថានឯកអគ្គរាជទូត៖ +៦០ ១១៣ ៣០៤ ៧៥៥ ៨ / +៦០ ១០២ ៤៧១ ៩៨៦
ប្រទេសចិន៖
- ស្ថានឯកអគ្គរាជទូត៖ +៨៦ ១៨៨ ០១៤ ០៧៨ ៦៥ / +៨៦ ១៨២ ០១៣ ៨២២ ៣៦
- ស្ថានអគ្គកុងស៊ុលនៅក្វាងចូវ៖ +៨៦ ១៣៩ ២៤១ ៧០០ ០៤
- ស្ថានអគ្គកុងស៊ុលនៅហុងកុង៖ +៨៥ ២៥៥ ៨៨៨ ៥៨៩ / +៨៥ ២៦៥ ១៦៦ ៦៧៨
- ស្ថានអគ្គកុងស៊ុលនៅសៀងហៃ៖ +៨៦ ១៥៦ ០១៧ ១៨៧ ៧៧
- ស្ថានអគ្គកុងស៊ុលនៅឆុងឈីង៖ +៨៦ ១៣៦ ២៨៤ ៩៦១ ៩៣
- ស្ថានអគ្គកុងស៊ុលនៅគន់មីង៖ +៨៦ ១៣៧ ៩៥១ ៩២៣ ៩៨
- ស្ថានអគ្គកុងស៊ុលនៅណាននីង៖ +៨៦ ១៨២ ៧៦៦ ៧៧៧ ៧៨
ប្រទេសថៃ៖
- ស្ថានឯកអគ្គរាជទូត៖ +៦៦ ៩៨៤ ០៤១ ៥៥០
- ស្ថានអគ្គកុងស៊ុលនៅស្រះកែវ៖ +៦៦ ៦១៧ ៦៨៨ ៧០៦
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលការិនីខេត្តកំពង់ចាមស្នើចាត់វិធានការលើក្រុមហ៊ុននាំពលករទៅម៉ាឡេស៊ីមិនបើកប្រាក់ខែ
- សមត្ថកិច្ចមិនទាន់រកឃើញយុវជន ឃឹម សុផាត ដែលបាត់ខ្លួនក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេង
- យុវជនជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រឈមបញ្ហាច្រើនក្នុងជីវិតការងារ
- កម្មកររោងចក្រនៅព្រែកព្នៅបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៨ចំណុច
- ពលរដ្ឋចោទមន្ត្រីអន្តោប្រវេសន៍ប៉ោយប៉ែតថាប្រព្រឹត្តអំពើពុករលួយធ្វើប័ណ្ណឆ្លងដែនទៅថៃ
- លោក ប៉ាវ ស៊ីណា ស្នើអន្តរាគមន៍ជួយបញ្ឈប់បង្ខាំងតំណាងកម្មករ៨នាក់នៅក្រុងបាវិត
- គ្រួសារពលករខ្មែរស្លាប់នៅថៃអំពាវនាវឲ្យអាជ្ញាធរជួយទាមទារសំណងពីក្រុមហ៊ុនថៃ
- កម្មកររោងចក្រប៊ីយូធីហ៊្វូលវីនដូនៅក្រុងបាវិតព្រមចូលធ្វើការបណ្ដោះអាសន្ន
- កម្មកររោងចក្រប៊ីយូធីហ៊្វូលនៅបាវិតបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ១១ចំណុច