ដោយ៖ មាឃ ចាន់ | ថ្ងៃអង្គារ ទី1 កញ្ញា 2015
http://vodhotnews.com
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសផ្សព្វផ្សាយតារាងឈ្មោះឃុំ/សង្កាត និងចំនួនភូមិសម្រាប់ធ្វើការចុះឈ្មោះសាកល្បង ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកាខាងមុខ និងប្រជាពលរដ្ឋនៅក្នុងភូមិទាំងនោះចូលរួមក្នុងការចុះឈ្មោះសាកល្បងនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី៣១ ខែសីហា ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតសាកល្បងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នឹងធ្វើឡើនៅតាមឃុំ/សង្កាត់ចំនួន២៥ ដោយក្នុងនោះ ឃុំ/សង្កាត់ខ្លះជ្រើសរើសយក១ភូមិ ឃុំ/សង្កាត់ខ្លះជ្រើសយក០២ភូមិ និងឃុំ/សង្កាត់ខ្លះទៀតជ្រើសយក០៣ភូមិ ដែលជាកន្លែងចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យវីអូឌី(VOD)ដឹងបន្ថែមថា មូលហេតុដែល គ.ជ.ប ប្រកាស ផ្សព្វផ្សាយ តារាងឈ្មោះឃុំ/សង្កាត់ទាំង ២៥នេះ គឺចង់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិទាំងនោះចូលរួមការចុះឈ្មោះសាកល្បងនេះ។ លោកបន្តថា ការចុះឈ្មោះសាកល្បងនេះគឺដើម្បីសាកល្បងការងារបច្ចេកទេសថ្មីក្នុងការចុះឈ្មោះបោះឆ្នោត។
លោក ហង្ស ពុទ្ធា បន្ថែមថា “គ.ជ.ប ក៏ចង់សាកល្បងនៃការសហការរវាងអជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបម្រើឲ្យការចុះឈ្មោះ ហើយ ទី៣ការកំណត់ឃុំ/សង្កាត់នេះ ក៏ជាការអញ្ជើញប្រជាជនក្នុងការចូលរួមចុះឈ្មោះបោះឆ្នោតសាកល្បងនេះ”។
លោក ហង្ស ពុទ្ធា ឲ្យដឹងដែរថា បន្ទាប់ពីទទួលបាននូវលទ្ធផលនៃកាចុះឈ្មោះសាកល្បងនេះ គ.ជ.ប នឹងយកបទពិសោធន៍ទាំងអស់ សរសេរចូលទៅក្នុងបទបញ្ជា និងនីតិវិធី នៃការរៀបចំបញ្ជីបោះឆ្នោតថ្មី និងដាក់ចេញជាស្ថារពរ សម្រាប់ការអនុវត្តន៍ចុះឈ្មោះនៅឆ្នាំ ២០១៦។
គួរ្មឮកថា កន្លងទៅ ទាំងបក្សប្រឆាំង ទាំងអង្គការឃ្លាំងមើលការបោះឆ្នោតបានរិះគន់ថា បញ្ជីបោះឆ្នោតចាស់មានកំហុសច្រើន ដោយសារការចុះធ្វើបញ្ជីបោះឆ្នោតពេលនោះ មន្ត្រីថ្នាក់ក្រោមខ្លះសរសេរដោយដៃធ្វើឲ្យមានកំហុស ដូចជាបាត់ឈ្មោះអ្នកបោះឆ្នោត ឈ្មោះស្ទួន ដែលពួកគេអះអាងថា បានបង្កឲ្យមានភាពមិនត្រូវនៃលទ្ធផលបោះឆ្នោត ទើបមានការស្នើឲ្យប្តូរក្បាលម៉ាស៊ីនដឹកនាំ របស់ គ.ជ.ប និងស្នើឲ្យធ្វើបញ្ជីបោះឆ្នោតថ្មី៕

ឈ្មោះភូមិនៅក្នុងឃុំ/សង្កាត់នៃរាជធានីខេត្តទាំង២៥ ដែលត្រូវធ្វើការចុះឈ្មោះបោះឆ្នោតសាកល្បង
សរសេរមកលោក មាឃ ចាន់ តាមរយៈ chanmeak981@gmail.com