​កម្ពុជា​បដិសេធ​ការលាក់ខ្លួនរ​បស់​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​ថៃ​​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃអង្គារ ទី1 កញ្ញា 2015
http://vodhotnews.com


រូបថត​ជន​សង្ស័យ​ក្នុង​ការ​បំផ្ទុះគ្រាប់​បែ​កនៅក្រុងបាងកក កាលពីពេល​កន្លងមក (រូបថត៖ CNN)


មន្ត្រី​ជាន់ខ្ពស់​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធចំពោះ​ព័ត៌មាន​ដែលថា ជនសង្ស័យ​បំផ្ទុះ​គ្រាប់​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​នោះ ​កំពុងតែ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​នៅ​ថ្ងៃ​ទី១ ខែកញ្ញា​នេះបាន​ផ្សាយ​ថា កាល​ពី​ម្សិលមិញក្រុម​ប៉ូលិស​ថៃជឿថា ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​ពីរ​នាក់នៅ​ឯ​ទី​សក្ការៈអេរ៉ា​វ៉ាន និង​ផែសា​ថន កំពុងតែ​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។ 

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ VOD ថា​នេះ​គ្រាន់តែ​ព័ត៌មានបឋម​ប៉ុណ្ណោះ តែ​កម្ពុជា​មិនទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​ថៃ​ដើម្បី ស៊ើបអង្កេត​ករណី​នេះ​នៅឡើយ​។​

លោក​ថ្លែងថា៖ “​កម្ពុជា​មិន​អនុញ្ញាតិ​ឲ្យ​ចោរ​ដែល​លួច​ដុត​ផ្ទះ​គេ​ហើយ មក​ជ្រក​ពួន​នៅ​កម្ពុជា​យើង​បាន​ទេ​។ ​យើង​នឹង​ខិតខំ​សហការ​ផ្តល់​ព័ត៌មាន​ហ្នឹង ដូច​ថា​ចឹង យើង​[​កម្ពុជា​]​មិនមែន​ជា​កន្លែង​លាក់ខ្លួនរបស់​ជន​ប្រព្រឹត្តិ​បទល្មើស ដូច​ដុត​ផ្ទះ​ថៃ ហើយ​មក​លួច​ពួន​នៅ​ផ្ទះ​ខ្មែរ អត់​បាន​ទេ​”​។​

បណ្តាញ​ព័ត៌មាន​អន្តរជាតិ​នានា ឲ្យដឹងថា ការផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា បាន​សម្លាប់​មនុស្ស​ជាង​២០​នាក់​ ភាគច្រើន​ជា​ជនបរទេស​ និង​របួស​១២៥នាក់​។​

​ជនសង្ស័យ​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះ​ ត្រូវបាន​កាសែត​ថៃអះអាងថា ជា​ស្ត្រីមូស្លីម​ថៃ ​អាយុ២៦ឆ្នាំ និង​បុរស​ម្នាក់​ទៀតដែល​គេ​កំពុង​តាម​ចាប់ខ្លួន​។​

កាសែត​ថៃរាយការណ៍​ថា ការិយាល័យ​អន្តោប្រវេសន៍បាន​រកឃើញថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ បាន​ចូល​ទីប្រជុំជនប៉ោយ​ប៉ែតរបស់កម្ពុជាតាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​អារញ្ញ ក្នុង​ខេត្ត​ស្រះកែវ​៕

សូមសរសេរមកលោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles