ដោយ៖ ឈុន វួចលាង | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 05:25 PM
http://vodhotnews.com
ប្រជាពលរដ្ឋដែលបានតវ៉ានៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីឲ្យដោះលែងសកម្មជនមាតាធម្មជាតិ កាលពីពេលថ្មីៗនេះ (រូបថត៖ អ៊ិត សូធឿត)
សាលាដំបូងខេត្តកោះកុងបដិសេដចំពោះការស្នើឲ្យដោះលែងយុវជនចលនាមាតាធម្មជាតិ ទាំង៣នាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយតុលាការលើកហេតុផលថា ដើម្បីរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតមានជាថ្មី។
យោងតាមដីកាសម្រេចរបស់សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញបានឲ្យដឹងថា ការស៊ើបសួរមិនទាន់បានគ្រប់គ្រាន់ដែលជាហេតុមិអាចអនុញ្ញាតិឲ្យជនត្រូវចោទនៅក្រៅឃុំបានឡើយ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ប្រាប់វីអូឌីថា ហេតុផលដែលតុលាការលើកឡើងថា ដើម្បីបង្ការកុំឲ្យមានបទល្មើសជាថ្មី និងបន្តនីតិវិធីច្បាប់នោះ លោកយល់ថា មិនសមហេតុផលទេ។ លោកថាយុវជនទាំងនោះប្រហែលជាមិនអាចប្រព្រឹត្តម្តងទៀតទេ ហើយពួកគេត្រូវតែមានការដោះលែង និង?ទម្លាក់ការចោទប្រកាន់ ដោយសារពួកគាត់មានទីនៅច្បាស់លាស់់ និងមានឈ្មោះក្នុងអង្គការដែលបានចុះបញ្ជីត្រឹមត្រូវ។
លោកបន្តថា៖ "តុលារមិនព្រមអនុវត្តនីតិវិធី តុលាការគួរតែហៅអ្នកទាំងពីរនាក់ទៀត(ទ្រី សុវីគា និង សាន់ ម៉ាឡា)មកយកចម្លើយដែលកន្លងមកតុលាការមិនទាន់បានយកចម្លើយ ចឹងត្រូវតែបន្តនិតិវិធីយកចម្លើយពួកគាត់ឲ្យបានរហ័ស"។
អ្នកស្រី ឯក សុផល ពលរដ្ឋម្នាក់ដែលចូលរួមការតវ៉ាជាង១០ថ្ងៃ ទាមទារឲ្យដោះលែងយុវជនទាំងនោះបានឲ្យដឹងថា ដំបូងឡើយពួកយើងមានគម្រោងនឹងរំសាយការតវ៉ាក្នុងរយៈពេលពីរថ្ងៃទៀតដើម្បីរកវិធីសាស្ត្រថ្មីទៀត ប៉ុន្តែអ្នកស្រីថា ពួកគាត់ទើបតែទទួលបានលិខិតព្រមានថ្មីមួយទៀតពីអាជ្ញាធរដែលតំរូវឲ្យអ្នកតវ៉ា រំសាយឲ្យបានមុនម៉ោង៥ល្ងាចថ្ងៃទី០២ ខែកញ្ញាស្អែកនេះ។
សមត្ថកិច្ចខេត្តកោះកុងបានចាប់ខ្លួនយុវជនអង្គការការពារធម្មជាតិទាំងនោះ បន្ទាប់ពីពួកគេតវ៉ាប្រឆាំងនឹងក្រុមហ៊ុនខ្សាច់របស់វៀតណាម៕
សូមសរសេរមកកញ្ញា ឈុន វួចលាង តាមរយៈ chhun.vouchleang@yahoo.com