ដោយ៖ បូ សាវី | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 03:56 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាសហគមន៍ជិត៥០នាក់ នៅស្រុករវៀង ខេត្ដព្រះវិហារ ចោទមន្ដ្រីប៉េអឹមពីររូបថា បានប្រើអាវុធគំរាមសម្លាប់ពួកគេ ខណៈពួកគាត់៤៥នាក់ ឃាត់គ្រឿងចក្រក្រុមហ៊ុនមួយមិនឲ្យឈូសឆាយដីស្រែចម្ការរបស់ពួកគាត់។
ប្រជាសហគមន៍នៅឃុំរួសរាន់ លោក សាន រ៉េត ប្រាប់វីអូឌី(VOD) នៅព្រឹកអង្គារនេះថា នៅថ្ងៃស្អែកទី២ ខែកញ្ញានេះ ពួកគេ៤៥នាក់នាំគ្នាផ្ដិតមេដៃ ប្ដឹងសមត្ថកិច្ចប៉េអឹមស្រុករវៀងពីរនាក់គឺឈ្មោះ អឿន និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ដោយពួកគេចោទថា បានយកអាវុធភ្ជង់គំរាមសម្លាប់ពួកគាត់ ខណៈចុះរារាំងគ្រឿងក្រុមហ៊ុនមួយឈ្មោះ PNT មិនឲ្យឈូសឆាយដីពួកគាត់។ លោកថា៖ "ចង់ឲ្យដកស័ក្តិតែម្តង ហើយឲ្យដកចេញពីប៉េអឹម។ ទង្វើខុសច្បាប់ ហើយច្បាប់មានអ៊ីចឹងដែរអត់? ហើយអស់លោកជាអ្នកច្បាប់ ហើយដល់ពេលយកអាវុធមកគំរាមប្រជាពលរដ្ឋ ត្រូវតាមច្បាប់ដែរអត់? ប្រជាពលរដ្ឋទៅទប់ស្កាត់រឿងក្រុមហ៊ុនអារឈើ ហើយនិងឈូសឆាយដី"។
ប្រជាសហគមន៍នៅឃុំរៀបរយមួយរូបទៀត លោក សូ ថាល់ ឲ្យដឹងថា ប៉េអឹមម្នាក់ឈ្មោះ អឿន អះអាងថា រូបគេពាក់ស័ក្តិបួន ទើបផ្លាស់មកយាមឲ្យក្រុមហ៊ុនភីអ៊ិនធីនោះ។លោកបញ្ជាក់ថា កម្លាំងដែលការពារក្រុមហ៊ុននោះ មិនគោរពតាមកិច្ចសន្យាជាមួយអាជ្ញាធរ ដែលឲ្យបញ្ឈប់ធ្វើសកម្មភាពឈូសឆាយដីពលរដ្ឋ។ លោកថា៖ "គ្រាន់តែវាលើកកំភ្លើងភ្ជង់ ខ្ញុំគំរាមថា ឯងធ្វើក្បួនអ៊ីចឹងអត់ត្រូវទេ អត់សមស្របទេ ប្រជាពលរដ្ឋបាតដៃទទេណា ហើយមានតែកាំបិតពូថៅធម្មតា គ្នាគ្រាន់តែមកទប់ស្កាត់ដើម្បីកុំឲ្យឈូសឆាយប៉ះស្រែប៉ះចម្ការរបស់បងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់ វាច្រើនលើកច្រើនសាហើយ វាចង់បួនដប់ម្ភៃដងហើយ ប៉ុន្តែវាមិនទាន់ស្តាប់ ទោះបីអភិបាលរងស្រុកធ្វើកិច្ចសន្យាអីយ៉ាងណា ក៏វាមិនព្រមស្តាប់ដែរ"។
VOD មិនអាចទាក់ទងប៉េអឹមពីររូបនោះ ដើម្បីបំភ្លឺពីការចោទប្រកាន់ពីពលរដ្ឋនោះបានទេ។ ចំណែកអភិបាលស្រុករវៀង លោក ឯ សារ៉ូ លោកមានប្រសាសន៍ថា លោកមិនទាន់ដឹងពីករណីប៉េអឹមដកអាវុធភ្ជង់ពលរដ្ឋនៅឡើយទេ។ លោកបញ្ជាក់ថា៖ "ចាំមើលខ្ញុំសួរទៅខាងគេសិន ព្រោះថ្ងៃមុនមានសកម្មភាពនេះកើតឡើង ខាងខ្ញុំក៏បានជូនកម្លាំងសមត្ថកិច្ចដើម្បីឲ្យទៅជួយពិនិត្យមើល ខ្លាចមានបញ្ហា"។
ប្រធានផ្នែកតស៊ូមិតនៃអង្គការពន្លកខ្មែរ លោក ប៉ឹក សោភណ្ឌ យល់ឃើញថា ករណីសមត្ថកិច្ចប្រើអាវុធគំរាមពលរដ្ឋនេះ ជាការបំភិតបំភ័យពលរដ្ឋ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។ លោកបន្ដថា ករណីនេះរដ្ឋាភិបាលត្រូវចាត់វិធានការចំពោះប៉េអឹមពីររូបនោះឲ្យមានប្រសិទ្ធភាព ដើម្បីជាគំរូដល់សមត្ថកិច្ចផ្សេងទៀត។ លោកថា៖ "ច្បាប់បានចែង យោងទៅលើរដ្ឋធម្មនុញ្ញដែលពលរដ្ឋគ្រប់រូបមានសិទ្ធិប្រមូលផ្តុំ មានសិទ្ធិកៀងគរ ឬតវ៉ាគ្នាអីហ្នឹងគឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរណាស់"។
កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅថ្មីៗនេះ ប្រជាសហគមន៍ចំនួន៤៥នាក់ នៅឃុំរៀបរយ និងឃុំរួសរាន់ ខេត្ដព្រះវិហារ បានចុះចាប់រណាយន្ដអារឈើពីរគ្រឿង និងឃាត់គ្រឿងចក្រ៤គ្រឿងរបស់ក្រុមហ៊ុនភីអ៊ិនធី ខណៈធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងឈូសឆាយដីស្រែចម្ការរបស់គាត់ ដែលពួកគេអះអាងថា ក្រុមហ៊ុននោះមិនអនុវត្ដតាមកិច្ចសន្យាបញ្ឈប់ឈូសឆាយដីពលរដ្ឋនាពេលកន្លងមក៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com