ដោយ៖ យ៉ា រសាត់ | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 02:27 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកសារព័ត៌មានជាង៣០នាក់ ដែលប្រចាំក្នុងការយកព័ត៌មាននៅក្នុងខេត្តរតនគិរី ស្វែងរកអន្ដរាគមន៍ពីក្លឹបអ្នកកាសែតកម្ពុជា ករណីដែលពួកគេចោទថា អភិបាលខេត្តនេះបានផ្ញើសារគំរាមដល់ក្រុមគ្រួសារអ្នកយកព័ត៌មាន និងសេរីភាពសារព័ត៌មាន។
លិខិតរួមអ្នកសារព័ត៌មានចំនួន៣២រូប ប្រចាំការយកព័ត៌មាននៅខេត្តរតនគិរី ផ្ញើជូនក្លិបអ្នកកាសែតកម្ពុជា លើកឡើងថា កាលពីថ្ងៃទី២៤ ខែសីហា អភិបាលខេត្តរតនគិរី លោក ថង សាវុន បានផ្ញើសារតាមបណ្ដាញសង្គមឡាញ(Line) ឲ្យអ្នកយកព័ត៌មានទូរទស្សន៍ក្នុងស្រុកមួយរូប។ ពាក្យបណ្ដឹងនោះបានដកស្រង់ខ្លឹមសារនៃសាររបស់អភិបាលខេត្តរូបនោះថា៖ “ខ្ញុំឃើញអ្នកសារព័ត៌មានរាល់ថ្ងៃ ហាក់ដូចជាយកបញ្ហាបទល្មើសធ្វើជាអាជីពដូចជាបទល្មើសព្រៃឈើ មានក្រុមខ្លះដើរល្បាតចាប់ម៉ូតូដឹកឈើ រថយន្ដមួយចំនួនបើគេមិនបង់ឲ្យ ធ្វើការចុះផ្សាយ ហ្នឹងក្រុមខ្លះដើរយកព័ត៌មានដែលពាក់ព័ន្ធអាចផ្ដល់នូវប្រយោជន៍ឲ្យខ្លួន ធ្វើអ្នកសារព័ត៌មានរបៀបនេះ គឺធ្វើឲ្យខ្លួនឃ្លាតឆ្ងាយពីសង្គមហើយអ្នកដែលទទួលរងផលប៉ះពាល់គឺប្រពន្ធកូនរបស់ខ្លួន”។
សារដដែលរបស់អភិបាលខេត្តរូបនោះបន្ថែមថា៖ “បញ្ហាខាងលើនេះ ខ្ញុំមិនអនុញ្ញាតឲ្យក្រុមកាសែតដែលធ្វើអំពើខុសច្បាប់សម្រាប់ក្រពះ យកស្លាកកាសែតធ្វើអញ្ចឹងទៅទៀតទេ វាមិនសមអាជីពជាអ្នកសារព័ត៌មានគ្រប់ជ្រុងជ្រោយ"។
អ្នកយកព័ត៌មានរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្រចាំការនៅខេត្តរតនគិរី លោក កេត សុធី ប្រាប់វីអូឌី(VOD)នៅថ្ងៃនេះថា ក្រុមអ្នកយកព័ត៌មានប្រចាំនៅខេត្តរតនគិរី មានការព្រួយបារម្ភអំពីការប្រកបរបរវិជ្ជាជីវៈរបស់ពួកគេ ដោយលោកថា ក្រៅពីសាររបស់អភិបាលខេត្ត អ្នកកាសែតនៅក្នុងខេត្តនេះតែងប្រឈមនឹងការរារាំងមិនឲ្យយកព័ត៌មាន និងឃាត់ខ្លួននៅពេលចុះយកព័ត៌មានជាដើម។ លោកបន្តថា ក្រុមអ្នកកាសែតរបស់លោក គឺចង់ឲ្យតែអាជ្ញាធរខេត្តរតនគិរីផ្ដល់សេរីភាពក្នុងការចុះយកព័ត៌មានប៉ុណ្ណោះ មិនទាមទារការឈ្នះចាញ់អ្វីជាមួយអភិបាលខេត្ដនោះទេ។
លោក កេត សុធី មានប្រសាសន៍ថា៖ “គោលដៅសំខាន់របស់ពួកខ្ញុំចង់បានប៉ុណ្ណឹងទេ មិនមែនថាចង់ប្តឹងយកឈ្នះយកចាញ់អីជាមួយឯកឧត្តមអភិបាលខេត្តហ្នឹងទេ គ្រាន់តែថាសុំឲ្យមានសេរីភាពក្នុងការយកព័ត៌មានក្នុងការបញ្ចេញមតិកុំឲ្យមានភាពភ័យខ្លាចណាបង”។
អ្នកនាំពាក្យសាលាខេត្ដរតនគិរី លោក មឹង ស៊ីនាថ មានប្រសាសន៍ថា ការផ្ញើសាររបស់អភិបាលខេត្តទៅអ្នកសារព័ត៌មាននេះ គឺអភិបាលខេត្តមានគោលបំណងគិតគូរពីសុវត្ថិភាពអ្នកសារព័ត៌មាន ក្នុងអំឡុងចុះអនុវត្តការងាររបស់ខ្លួន។ លោកអះអាងថា អ្នកយកព័ត៌មានក្នុងខេត្តនោះកំពុងលូកដៃចូលកិច្ចការងាររបស់សមត្ថកិច្ចច្រើន តាមរយៈការរាយការណ៍បទល្មើសផ្សេងៗ។ លោកថា៖ “សកម្មភាពរបស់គាត់ហ្នឹង មានការប្រមូលផ្តុំដូចគាត់ហ្នឹងលូកដៃក្នុងសមត្ថកិច្ចច្រើន ដូចជាគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ដេញតាមគេ កាលណាថតគេបានគំរាមយកលុយគេ ដល់តែគេមិនឲ្យ(លុយ) ចុះផ្សាយតាមទំព័រកាសែត ឬតាមវ៉ិបសាយ អាហ្នឹងវាអ៊ីចឹង”។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា លើកឡើងថា លោកបានចាត់តាំងមន្ដ្រីរបស់លោកធ្វើការសិក្សាអំពីអ្វីដែលកើតឡើងចំពោះក្រុមអ្នកកាសែតនៅរតនគិរីនេះហើយ។ លោកថា ប្រសិនបើការស្រាវជ្រាវរកឃើញការពិត នោះក្លឹបអ្នកកាសែតនឹងស្នើឲ្យអភិបាលខេត្ដរតនគិរីបកស្រាយចំពោះករណីនោះ។ លោបន្ដថា ទោះបីអ្នកកាសែតធ្វើឲ្យមានកំហុសឆ្គងអ្វីក៏ដោយ លោកថាអាជ្ញាធរត្រូវបង្ហាញភស្ដុតាង និងចាត់វិធានការទៅតាមផ្លូវច្បាប់។ លោកថា៖ “យ៉ាងណាក៏ដោយ បើសិនជាមានការខុសឆ្គងអ្វី អាជ្ញាធរគួរតែមានវិធានការ ឬមានអ្វីដែលជាក់ស្តែងដែលទៅតាមផ្លូវច្បាប់នៃការគំរាម។ កាលណាធ្វើអ្វីមួយដែលធ្វើឲ្យប៉ះពាល់ដល់អាជីពអ្នកកាសែត ដោយមិនសមរម្យ អាហ្នឹងវាជារឿងខុសឆ្គងមួយ។ យើងចង់ឲ្យទាំងអស់គ្នាគោរពច្បាប់ គោរពវិជ្ជាជីវៈ គោរពគ្នាទៅវិញទៅមក ទាំងអ្នកកាសែត និងអាជ្ញាធរ”៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com