
បុរសម្នាក់ជាជនបរទេសដែលគេជឿថា ជាជនសង្ស័យសំខាន់នៅក្នុងការដាក់គ្រាប់បែកនៅទីសក្ការៈបូជា។ បើតាមបាងកក ប៉ុស្តិ៍ ជននេះត្រូវបានចាប់ខ្លួននៅក្បែរព្រំដែនប្រទេសកម្ពុជា និងបានប្រគល់ទៅឲ្យអាជ្ញាធរថៃបន្តនៅថ្ងៃនេះ។
Tue, 1 September 2015
ភ្នំពេញប៉ុស្តិ៍
បាងកក៖ លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់-អូចា បានប្រកាសប្រាប់នៅថ្ងៃអង្គារនេះថា បុរសបរទេសទីពីរត្រូវបានចាប់ខ្លួន នៅប៉ុស្តិ៍ត្រួតពិនិត្យមួយក្បែរព្រំដែន ថៃ-កម្ពុជា សង្ស័យជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនៅឯទីសក្ការៈបូជាដែលបានសម្លាប់មនុស្សជាច្រើននាក់ នៅកណ្តាល រាជធានីបាងកក កាលពីខែមុន។
ប្រមុខរបបសឹកយោធាថៃរូបនេះ ត្រូវបានអ្នកសារព័ត៌មានសួរដេញដោល ឲ្យមានការអធិប្បាយលើពាក្យចចាមអារាមនេះ ដែលថាមានជនសង្ស័យម្នាក់ទៀតត្រូវបានចាប់និងឃុំខ្លួននោះ។
លោក ប្រាយុទ្ធ បានឆ្លើយតបថា «វាជាការពិត។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងខេត្តស្រះកែវ»។ ខេត្តស្រះកែវ ជាខេត្តជាប់ព្រំដែនប្រទេសកម្ពុជា ដែលក្រុមប៉ូលិសថៃ បានអះអាងកាលពីម្សិលមិញ ក្នុងកាសែតបាងកក ប៉ុស្តិ៍ថា ជនសង្ស័យបំផ្ទុះគ្រាប់បែកសំខាន់ពីរនាក់ កំពុងឆ្លងកាត់ មកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា «យើងកំពុងសួរចម្លើយជនសង្ស័យ។ គេជាគោលដៅជនសង្ស័យសំខាន់បំផុត ហើយគេជាជនបរទេសម្នាក់នោះ»។
បើយោងតាមកាសែត បាងកក ប៉ុស្តិ៍ បានចុះផ្សាយតាមគេហទំព័រខ្លួន នៅល្ងាចថ្ងៃអង្គារនេះ បន្ថែមថា ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួននៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ហើយអាជ្ញាធរកម្ពុជាបានប្រគល់បន្តទៅឲ្យអាជ្ញាធរប្រទេសថៃ ថ្ងៃអង្គារនេះហើយ។
ភ្នំពេញ ប៉ុស្តិ៍ កំពុងព្យាយាមសុំការបំភ្លឺពីខាងអាជ្ញាធរពាក់ព័ន្ធនៅកម្ពុជា។
សូមបញ្ជាក់ថា នេះជាការប្រកាសចាប់ខ្លួនបានលើកទី ២ ពាក់ព័ន្ធនឹងការផ្ទុះកាលពីថ្ងៃទី ១៧ ខែសីហាដែលបានហែកច្រៀកទីសក្ការៈបូជាសាសនានៅកណ្តាលទីក្រុងបាងកក និងបានសម្លាប់មនុស្ស ២០នាក់ ភាគច្រើនជាភ្ញៀវទេសចរជនជាតិចិន មកពីតំបន់អាស៊ី។
សូមរង់ចាំអានព័ត៌មានពិស្តារ…