ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី2 កញ្ញា 2015, 03:00 PM
http://vodhotnews.com
សន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែកញ្ញា
បញ្ហានិទណ្ឌភាព អំពើពុករលួយក្នុងប្រព័ន្ធតុលាការនិងក្នុងផ្នែកនយោបាយ ត្រូវបានយកមកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយលើកទី១៦ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៥។
សន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយនេះធ្វើឡើងជារៀងរាល់២ឆ្នាំម្តង ដែលមានអ្នកចូលរួមដល់ទៅ១៥០០នាក់មកពី១៣៥ប្រទេស។ សន្និបាតលើកទី១៦នេះក៏មានការចូលរួមពីមន្រ្តីអង្គការតម្លាភាពកម្ពុជា ដែលដឹកនាំដោយនាយកប្រតិបត្តិរបស់អង្គការ លោក ព្រាប កុល។
ក្នុងបទសម្ភាសន៍មួយនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះ លោក ព្រាប កុល មានប្រសាសន៍ថាការមកចូលរួមរបស់អង្គការតម្លាភាពកម្ពុជាមានគោលបំណងពីរ គឺទីមួយ មករៀនសូត្រពីប្រទេសផ្សេងៗ សង្គមស៊ីវិលនិងអ្នកជំនាញលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងទីពីរចែករំលែកពីបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា។ លោកបន្តថាក្នុងសន្និសីទនោះ មានការជជែកលើប្រធានបទច្រើន តែលោកថាអ្វីដែលសំខាន់នោះគឺបញ្ហានិទណ្ឌភាពនិងអំណាចរបស់ពលរដ្ឋក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបញ្ជាក់ថានិទណ្ឌភាពនៅកម្ពុជាកើតចេញពីប្រព័ន្ធតុលាការមិនឯករាជ្យនិងត្រូវបានប្រើប្រាស់ក្រោមឥទ្ធិពលអ្នកមានអំណាចនិងលុយ។
លោក ព្រាប កុល បន្តថារដ្ឋាភិបាលកម្ពុជាបានចាត់វិធានការចំពោះមន្រ្តីមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋនិងការអប់រំប្រជាពលរដ្ឋឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ប៉ុន្តែលោកថាលោកចង់ឃើញវិធានការនេះមានវិសាលភាពធំជាងនេះ ពង្រឹងបន្ថែមឲ្យមានប្រសិទ្ធភាព កំណែទម្រង់ប្រព័ន្ធតុលាការ និងការចូលរួមរបស់ប្រជាពលរដ្ឋឲ្យបានច្រើន។ លោកបន្តថាគណបក្សនយោបាយប្រកួតប្រជែងយកសំឡេងឆ្នោត ត្រូវតែដាក់របៀបនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាគោលនយោបាយរបស់គណបក្ស ដើម្បីអាចទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋ។
បទសម្ភាសន៍ជាមួយលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
ប្រធានបទផ្សេងៗសម្រាប់សន្និសីទនេះរួមមានតើអំណាចប្រជាពលរដ្ឋមានឥទ្ធិពលយ៉ាងណាទៅលើអំពើពុករលួយនិងនិទណ្ឌភាព បទពិសោធន៍នៃប្រទេសនីមួយៗក្នុងការដោះស្រាយអភិបាលកិច្ចល្អនិងអំពើពុករលួយ ការប្រឆាំងអំពើពុករលួយក្នុងផ្នែកសន្តិសុខនិងការពារប្រទេស អំពើពុលរលួយនៅក្នុងប្រព័ន្ធតុលាការ អំពើពុករលួយផ្នែកនយោបាយ។
គួរបញ្ជាក់ថាថ្មីៗនេះ អង្គការជាតិនិងអន្តរជាតិរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ សមាគមអាដហុក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិនិងសម្ព័ន្ធអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ បានស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យដំណើរការនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើង។ បណ្ដាញអង្គការសិទ្ធមនុស្សទាំងនោះក៏បានស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជួយអន្ដរាគមន៍ឲ្យរដ្ឋាភិបាលបញ្ឈប់ ការរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស ការខ្វះចន្លោះនៃប្រព័ន្ធយុត្ដិធម៌ឯករាជ្យ ការរំលោភបំពានសិទ្ធិជាម្ចាស់កម្មសិទ្ធិដីធ្លីនិងផ្ទះសម្បែង ការបាត់បង់គោលការណ៍ប្រជាធិបតេយ្យនិងនិទណ្ឌភាពឬអ្នកប្រព្រឹត្តខុសច្បាប់គ្មានទោសជាដើម។
ចំណែករបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ឆ្នាំ២០១៤ ឲ្យដឹងថាអាមេរិកបារម្ភពីបញ្ហានិទណ្ឌភាពនៃការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង បញ្ហាការឃុំឃាំងមនុស្សនៅក្នុងពន្ធនាគារនិងអំពើពុករលួយក្នុងប្រព័ន្ធតុលាការជាដើម។ របាយការណ៍ក៏បានលើកឡើងថារដ្ឋាភិបាលមិនបានអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាពក្នុងការចាត់វិធានការលើមន្រ្តីដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយថាបញ្ហានិទណ្ឌភាពនៅតែមានដដែល។ របាយការណ៍បញ្ជាក់ថាអំពើពុករលួយបានកើតឡើងគ្រប់ផ្នែកនៃសង្គមកម្ពុជា ទាំងផ្នែកនីតិប្រតិបត្តិ រដ្ឋសភា និងតុលាការ ។
ទោះជាយ៉ាងណា មន្រ្តីរដ្ឋាភិបាលបានច្រានចោលរបាយការណ៍ទាំងនេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com