ដោយ ថា កិត្យា
2015-09-02
RFA

គណបក្សសង្គ្រោះជាតិ ឆ្លើយតបចំពោះការចំអកឡកឡឺយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា មេដឹកនាំបក្សមួយនេះ ពូកែកុហកបោកប្រាស់ បើទោះបីជាខ្លួនពុំមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាសកម្មជន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងការពារប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាលោកពុំបានភូតកុហកបោកប្រាស់មន្ត្រី ឬសកម្មជនដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ ដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ លោក យឹម សុវណ្ណ បញ្ជាក់ថា ការចាប់ឃុំឃាំងអ្នកទាំងនោះ គឺជារឿងនយោបាយ។ ដូច្នេះ ការលើកឡើងរបស់ លោក សម រង្ស៊ី កន្លងមក គឺជាឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហា ដើម្បីឲ្យមានការបង្រួបបង្រួមជាតិ៖ «ដំណោះស្រាយទាល់តែគណបក្សទាំងពីរ ព្រមព្រៀងគ្នាដោះស្រាយ ហើយអ្នកដែលដើរតួនាទីក្នុងការរកដំណោះស្រាយ គឺអ្នកចោទប្រកាន់ហ្នឹងហើយ គឺគណបក្សកាន់អំណាច ព្រោះទី១ ជារឿងនយោបាយ។ ទី២ គណបក្សកាន់អំណាច ហើយទី៣ អ្នកណាក៏ដឹងដែរថា គណបក្សប្រជាជន មានឥទ្ធិពលច្រើនទៅលើប្រព័ន្ធតុលាការ»។
ការបញ្ចេញប្រតិកម្មនេះ គឺនៅបន្ទាប់ពី លោក ហ៊ុន សែន បានថ្លែងចំអកនៅក្នុងសន្និបាតតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ដោយថ្លែងសំដៅដាក់ឲ្យ លោក សម រង្ស៊ី ថាបានត្រឹមតែសន្យាខ្យល់ក្នុងការដោះស្រាយរឿងឲ្យមានការដោះលែងមន្ត្រី និងសកម្មជនគណបក្សឲ្យនៅក្រៅឃុំនោះ៖ «ថាអូ! ខែ៨ ដោះចេញហើយ ឥឡូវខែ៩ ហើយ ដោះអត់ចេញ លោកឯងថាម៉េច? ប្រជាពលរដ្ឋគាំទ្រលោកឯង និយាយថាម៉េច? បើគេប្រកាសក្ដែងថា ខែ៨ ដោះរួចហើយ ឥឡូវខែ៩ ដោះមិនទាន់រួច។ ភូតត្លុកភូតតាមដំណាក់ អ៊ីចឹងមិនបានទេ បើបានជាជ្រុលភូត ភូតដល់សមុទ្រអាត្លង់ទិច ឬសមុទ្រប៉ាស៊ីហ្វិក ណោះ»។
កន្លងមក មេដឹកនាំគណបក្សសង្គ្រោះជាតិ ធ្លាប់បានលើកឡើងថា នឹងប្រើវប្បធម៌សន្ទនាចរចាជាមួយថ្នាក់ដឹកនាំបក្សកាន់អំណាច ដើម្បីឲ្យមានការដោះលែងមន្ត្រី និងសកម្មជនរបស់ខ្លួនចេញពីពន្ធនាគារព្រៃសឆាប់ៗ។
ទាក់ទិនបញ្ហានេះ នាយកវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការដែលប្រធានគណបក្សប្រជាជនកម្ពុជា ចំអកឲ្យប្រធានគណបក្សសង្គ្រោះជាតិ នោះ គឺដោយសារ លោក ហ៊ុន សែន ជាតួអង្គសំខាន់ក្នុងការដោះស្រាយបញ្ហានេះ ទើបអាចបញ្ចប់បាន៖ «គន្លឹះនៅលើ លោក ហ៊ុន សែន អ៊ីចឹងហើយបានជា លោក ហ៊ុន សែន ឡកឡឺយថា គណបក្សសង្គ្រោះជាតិ ដោះស្រាយមិនបាន គឺត្រូវហើយ មានន័យថា អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ និងតុលាការ ពុំមានអំណាចដោះស្រាយរឿងនេះឡើយ»។
រហូតមកទល់ពេលនេះ មានសកម្មជន និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ចំនួន ១៥នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស។ ទាក់ទិននឹងរឿងរ៉ាវដែលកើតឡើងកន្លងមកទាំងនេះដែរ ត្រូវបាន លោក ហ៊ុន សែន មើលឃើញថា ដោយសារមេដឹកនាំគណបក្សប្រឆាំង ពូកែបង្កហេតុតាមរយៈយុទ្ធសាស្ត្រចាក់ក្រឡេក។ យ៉ាងណាក៏ដោយ គេនៅចាំអ៊ុតមើលថា តើសកម្មជន និងមន្ត្រីបក្សប្រឆាំង នឹងមានជោគវាសនារួចខ្លួនពីពន្ធនាគារ ក្រោមការសម្របសម្រួលនយោបាយ ឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ
- រដ្ឋាភិបាលបារាំងយល់ព្រមឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើម្បីផ្ទៀងផ្ទាត់
- សភាគ្រោងសម្ពោធសៀវភៅស្ដីពីសេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រនៅថ្ងៃ៤ កញ្ញា
- គម្រោងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់អូស្ត្រាលីត្រូវពន្យារពេល
- តំណាងរាស្ត្របក្សប្រឆាំងគ្រោងធ្វើលិខិតស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរឿងជនអន្តោប្រវេសន៍
- ក្រសួងមហាផ្ទៃសន្យារកមុខអ្នកគំរាមសម្លាប់អ្នកស្រី កុយ ពិសី និងលោក សុខ ទូច
- គ.ជ.ប ផ្សព្វផ្សាយតារាងឈ្មោះឃុំសង្កាត់និងភូមិសម្រាប់ចុះឈ្មោះបោះឆ្នោតសាកល្បង
- សាលាឧទ្ធរណ៍នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ នៅថ្ងៃទី២កញ្ញា
- មន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងជំរុញឲ្យស៊ើបអង្កេតការគំរាមសម្លាប់លោក សុខ ទូច