ដោយ ហ៊ុំ ចំរើន
2015-09-02
RFA

ពលករខ្មែរ ១៧នាក់ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃ ដើរពីខេត្តឈុនបុរី ប្រទេសថៃ ត្រឡប់មកកម្ពុជា វិញតាមច្រករបៀងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥។ Photo ADHOC
ពលករខ្មែរ ១៧នាក់ដែលទៅធ្វើការនៅប្រទេសថៃ ហើយចាញ់បោកមេខ្យល់ដែលនាំទៅនោះ បាននាំគ្នាដើរពីខេត្តឈុនបុរី ត្រឡប់មកកម្ពុជា វិញចម្ងាយដីរាប់រយគីឡូម៉ែត្រ តាមច្រករបៀងខេត្តបន្ទាយមានជ័យ ប៉ុន្តែមេបញ្ជាការប៉ូលិសវរៈការពារព្រំដែនបញ្ជាក់ថា ពលករទាំងនោះទៅធ្វើការជាកម្មករកាប់អំពៅនៅខេត្តស្រះកែវ ក្បែរព្រំដែនខ្មែរ-ថៃ ត្រឡប់មកស្រុកកំណើតជារឿងធម្មតាទេ។
មេបញ្ជាការប៉ូលិសវរៈការពារព្រំដែនលេខ៩១១ ប្រចាំជាយដែនខ្មែរ-ថៃ ខេត្តបន្ទាយមានជ័យ មានប្រសាសន៍នៅថ្ងៃទី២ កញ្ញា ថា ពលករខ្មែរចំនួន ១៧នាក់នោះ កាលពីថ្ងៃទី១ កញ្ញា បាននាំគ្នាដើរពីខេត្តស្រះកែវ ប្រទេសថៃ តែពុំដឹងនៅក្នុងស្រុកណាពិតប្រាកដនោះទេ ចូលតាមច្រករបៀងបឹងសាគូ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សូរ ចាន់ណារី មេបញ្ជាការប៉ូលិសវរៈការពារព្រំដែនលេខ៩១១ បញ្ជាក់ថា ពលករទាំង ១៧នាក់នោះទៅធ្វើការជាកម្មករកាប់អំពៅនៅខេត្តស្រះកែវ ប្រទេសថៃ ទៅតាមរយៈគ្នីគ្នាដោយខ្លួនឯងអស់ជាច្រើនថ្ងៃមកហើយ គឺពុំមានមេខ្យល់នាំពួកគាត់ទៅនោះទេ។ លោកបន្តថា ពលករទាំង ១៧នាក់នោះជាបុរសទាំងអស់ ដែលមានស្រុកកំណើតនៅខេត្តកំពត ចំនួន ១៤នាក់ ខេត្តកំពង់ស្ពឺ ២នាក់ និងខេត្តបាត់ដំបង ម្នាក់ ហើយនាំគ្នាវិលត្រឡប់មកលេងស្រុកកំណើតវិញ។ យ៉ាងណាក៏ដោយ លោកពុំបានបញ្ជាក់អំពីមូលហេតុដែលពួកគាត់វិលត្រឡប់មកស្រុកកំណើតវិញ ដោយថ្មើរជើងនោះទេ៖ «ខ្ញុំអត់បានដឹងទេ ដោយសារការសាកសួរពលករមុនពេលបាយផង។ ខ្ញុំមិនដឹងថាគាត់មកវិញដោយសារបញ្ហាអីទេ ព្រោះនៅច្រករបៀងនេះ ជាទូទៅពួកគាត់តែងតែធ្វើការចេញចូលទៅមកៗស្ទើររាល់ថ្ងៃទៅហើយ»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលករខ្មែរទាំង ១៧នាក់នោះចាញ់បោកមេខ្យល់ទៅធ្វើការជាកម្មករកាប់ដើមឈើនៅខេត្តឈុនបុរី ប្រទេសថៃ បានដើរដោយថ្មើរជើងពីកន្លែងធ្វើការ ត្រឡប់មកកម្ពុជា វិញ។ លោកបញ្ជាក់ថា មូលហេតុដែលពលករសម្រេចចិត្តនាំគ្នាដើរមកស្រុកកំណើតនេះ ដោយសារពួកគាត់ទៅធ្វើការនៅទីនោះរយៈពេលប្រមាណ ១ខែមកហើយ តែថៅកែថៃ ពុំបានបើកប្រាក់ឈ្នួលឲ្យនោះទេ ទើបពួកគាត់សម្រេចចិត្តដើរវិលត្រឡប់មកវិញដោយពុំមានប្រាក់ជាប់នឹងខ្លួន៖ «ហើយគាត់ដើរមកវិញនេះ មិនមែនតិចគីឡូម៉ែត្រ គឺគាត់ដើរឆ្ងាយរាប់រយគីឡូម៉ែត្រឯណោះ ដោយសារពួកគាត់គ្មានលុយជិះឡានត្រឡប់មកវិញ។ ករណីនេះ ពួកគាត់ត្រូវបានសមត្ថកិច្ចឲ្យចុះឈ្មោះធ្វើកិច្ចសន្យាឈប់ធ្វើដំណើរទៅប្រទេសថៃ ដោយខុសច្បាប់ទៀត»។
លោក ស៊ុំ ច័ន្ទគា បន្តថា ពលករទាំងនោះទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់ ដោយសារពួកគាត់មានជីវភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងស្រុក ទើបសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស។
ទោះយ៉ាងនេះក្ដី សមត្ថកិច្ចប៉ូលិសការពារព្រំដែនបញ្ជាក់ថា ពលករទាំងនោះវិញបានត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន នៅបន្ទាប់ពីសួរនាំ និងបំពេញបែបបទនៅច្រកចេញចូលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលករខ្មែរក្នុងប្រទេសថៃចងក្រងគ្នាជាបណ្ដាញការពារសិទ្ធិការងារ
- ក្រសួងប្រកាសលេខទូរស័ព្ទជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរចំណាកស្រុកនៅក្រៅប្រទេស
- ពលការិនីខេត្តកំពង់ចាមស្នើចាត់វិធានការលើក្រុមហ៊ុននាំពលករទៅម៉ាឡេស៊ីមិនបើកប្រាក់ខែ
- សមត្ថកិច្ចមិនទាន់រកឃើញយុវជន ឃឹម សុផាត ដែលបាត់ខ្លួនក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេង
- យុវជនជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រឈមបញ្ហាច្រើនក្នុងជីវិតការងារ
- កម្មកររោងចក្រនៅព្រែកព្នៅបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៨ចំណុច
- ពលរដ្ឋចោទមន្ត្រីអន្តោប្រវេសន៍ប៉ោយប៉ែតថាប្រព្រឹត្តអំពើពុករលួយធ្វើប័ណ្ណឆ្លងដែនទៅថៃ
- លោក ប៉ាវ ស៊ីណា ស្នើអន្តរាគមន៍ជួយបញ្ឈប់បង្ខាំងតំណាងកម្មករ៨នាក់នៅក្រុងបាវិត
- គ្រួសារពលករខ្មែរស្លាប់នៅថៃអំពាវនាវឲ្យអាជ្ញាធរជួយទាមទារសំណងពីក្រុមហ៊ុនថៃ