ដោយ អ៊ុំ រង្សី
2015-09-02
RFA

\២១-កុម្ភៈ-២០១៤៖ បុប្ឆា (ឈ្មោះអ្នកនិពន្ធដាក់ឲ្យ) អង្គុយនៅតាមសួនច្បារមាត់ទន្លេ រង់ចាំភ្ញៀវមករកសេវាផ្លូវភេទ។ Photo: RFA
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងចាត់វិធានការបង្ក្រាបយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ បញ្ហាការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ នៅតែបន្តកើតមាន និងនៅតែជាក្តីបារម្ភសម្រាប់ពលរដ្ឋកម្ពុជា។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាការជួញដូរមនុស្ស បានបង្ហាញក្ដីបារម្ភជាថ្មីទៀតលើបញ្ហាការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ដែលបន្តកើតមានចំពោះពលរដ្ឋកម្ពុជា បើទោះជារបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា បញ្ហានេះមានការថយចុះក្តី។
ការលើកឡើងរបស់សង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញរបាយការណ៍ថា នៅក្នុងឆមាសទី១ ដើមឆ្នាំ២០១៥ នេះ នគរបាលបានបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទនៅទូទាំងប្រទេសបានចំនួនជាង ៥០ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ កន្លងទៅ មានការថយចុះចំនួន ២ករណី។
ករណីនេះ ត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការលីកាដូ (LICADHO) ទទួលបន្ទុកបញ្ហាការជួញដូរមនុស្ស លោក សែម ចៅសុខ មានប្រសាសន៍ថា លោកទទួលស្គាល់ថា ករណីជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទថយចុះ តែវានៅតែជាបញ្ហាប្រឈមដដែល។ លោកឲ្យដឹងទៀតថា តាមការរកឃើញរបស់អង្គការលីកាដូ បញ្ហានេះភាគច្រើនកើតឡើងក្រោមរូបភាពពីរ គឺតាមរូបភាពក្រុមហ៊ុន និងលក្ខណៈជាបុគ្គល៖ «ទី១ តាមរយៈការបញ្ជូនពលករទៅក្រៅប្រទេស ដោយប្រើក្រោមរូបភាពជាក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេស ឬរៀបការជាមួយបុរសបរទេស ហើយទី២ តាមបុគ្គលដែលជាមេខ្យល់ ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវជាដើម»។
លោកបានឲ្យដឹងទៀតថា រូបភាពជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលភាគច្រើនកើតឡើងលើស្ត្រី និងកុមារ ដោយសារតែកត្តាអត់ការងារធ្វើរបស់ពលរដ្ឋខ្មែរ កត្តារុញច្រាន និងកត្តាអូសទាញពីសំណាក់ជនខិលខូច ដើម្បីកេងចំណេញកម្លាំងពលកម្មរបស់ជនរងគ្រោះទាំងនោះ។ បញ្ហានេះ លោកស្នើឲ្យរដ្ឋាភិបាល ត្រូវតែអនុវត្តច្បាប់ដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យពលរដ្ឋបន្តក្លាយជាទាសករជនខិលខូចទាំងនោះបន្តទៀត។
ចំណែកប្រធានផ្នែកកម្មវិធីស្ត្រី និងកុមារនៃសមាគមអាដហុក (ADHOC) អ្នកស្រី លឹម មុន្នី មានប្រសាសន៍ថា អ្នកស្រីសាទរចំពោះរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែអ្នកស្រីថា កន្លងមកទោះបីកម្ពុជា មានច្បាប់ប្រឆាំងទប់ស្កាត់នូវរាល់ទម្រង់នៃការជួញដូរ និងការធ្វើអាជីវកម្មផ្លូវភេទក៏ដោយ ក៏ការអនុវត្តជាក់ស្តែងនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ហើយបញ្ហានេះ នៅតែបន្តក្លាយជាបញ្ហាអាទិភាពនៅឡើយ។ អ្នកស្រីចង់ឃើញសមត្ថកិច្ចរឹតបន្តឹងគ្រប់ទម្រង់នៃការជួញដូរ និងការធ្វើអាជីវកម្មផ្លូវភេទ៖ «ដើម្បីឲ្យពលរដ្ឋខ្មែរគេចផុតពីបញ្ហាការជួញដូរ ឬអាជីវកម្មផ្លូវភេទ រដ្ឋាភិបាលត្រូវតែបង្កើតការងារធ្វើនៅក្នុងស្រុក និងពង្រឹងច្បាប់ឲ្យមានប្រសិទ្ធភាព»។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងទៀតថា សមត្ថកិច្ចនឹងបង្កើនការតាមឃ្លាំមើលករណីបទល្មើសជួញដូរមនុស្ស នៅគោលដៅដែលស្ថិតក្នុងការសង្ស័យ ដូចជា ហាងម៉ាស្សា កន្លែងកោសជប់ ហាងលក់កាហ្វេ កន្លែងកាត់សក់ ខារ៉ាអូខេ ផ្ទះសំណាក់ និងកន្លែងកម្សាន្តសប្បាយផ្សេងៗទៀត។ ជាងនេះទៀត របាយការណ៍នោះបានបង្ហាញដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៥ មានពលករចំណាកស្រុកទៅក្រៅប្រទេសមានប្រមាណជាង ៤៣ម៉ឺននាក់ ក្នុងនោះស្រីមានប្រមាណជាង ១៩ម៉ឺននាក់ អនីតិជនជាង ១ម៉ឺននាក់ ក្នុងនោះមានស្រីជិត ៤ពាន់នាក់។ ក្នុងចំណោមពលករចំណាកស្រុកទាំងនោះ មានពលករទៅបម្រើការងារមិនស្របច្បាប់មានចំនួនជាង ២៨ម៉ឺន ៥ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួនមន្ត្រីអង្គការ អ្នកកាសែត និងតំណាងសហគមន៍១៧នាក់
- ជនជាតិដើមភាគតិចមានសន្ទុះកាន់តែខ្លាំងក្នុងការតស៊ូមតិនៅឆ្នាំ២០១៥
- មន្ត្រីអាដហុកសង្ស័យប៉ូលិសក្រុងប៉ោយប៉ែតបាញ់សម្លាប់ជនសង្ស័យលួចម៉ូតូ
- សមត្ថកិច្ចមិនទាន់រកឃើញយុវជន ឃឹម សុផាត ដែលបាត់ខ្លួនក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេង
- សង្គមស៊ីវិលនិងបក្សប្រឆាំងស្វាគមន៍ជំហររដ្ឋាភិបាលដែលមិនទទួលជនភៀសខ្លួនបន្ថែម
- ស្ថានទូតខ្មែរនៅហ្វីលីពីនជួយសង្គ្រោះនាវិកខ្មែរ៤នាក់ពីការរំលោភសិទ្ធិការងារ
- ការទទួលបានយុត្តិធម៌សម្រាប់ស្ត្រី
- សង្គមស៊ីវិលស្នើរដ្ឋាភិបាលចាត់វិធានការលើបទល្មើសរំលោភឲ្យមានប្រសិទ្ធភាព
- ក្រុមតន្ត្រីជនពិការនឹងប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀងល្បីៗដើម្បីជួយសង្គ្រោះជនពិការ