ដោយ៖ អុិត សូធឿត | ថ្ងៃពុធ ទី2 កញ្ញា 2015, 04:17 PM
http://vodhotnews.com
ក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ស្នើប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ អន្តរាគមន៍លើកលែងការចោទប្រកាន់ និងដោះលែងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ខណៈសាលាឧទ្ធរណ៍នៅព្រឹកនេះបានច្រានចោលបណ្ដឹងទាស់នឹងការឃុំខ្លួន។
លិខិតចុះថ្ងៃទី៣១ ខែសីហា ចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាចំនួន៧រូបមកពីគណបក្ស សម រង្ស៊ី ផ្ញើជូនប្រធានព្រឹទ្ធសភាលោក សាយ ឈុំ លើកឡើងថា តាមច្បាប់ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ លោក ហុង សុខហួរ គឺមិនមានកំហុសនោះទេ។ លិខិតបន្តថា លោក ហុង សុខហួរ មិនបានកោសលុប ឬក្លែងបន្លំច្បាប់ដើមនៃសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៧៩ ដែលលោកបានចែកចាយបន្តនោះទេ។
លិខិតបន្តដោយបានដកស្រង់មាត្រា១៩នៃកតិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយដែលបានចែងថា៖ “ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញយោបល់។ សិទ្ធិនេះត្រូវរាប់ទាំងសេរីភាពក្នុងការស្វែងរកព័ត៌មាន ទទួលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយមិនគិតពីព្រំដែនឡើយ ទាំងតាមផ្ទាល់មាត់ក្ដី តាមការសរសេរ ឬបោះពុម្ពក្ដី តាមទម្រង់សិល្បៈក្ដី ឬតាមរយៈចរន្តផ្សាយព័ត៌មានដទៃទៀតក្ដី”។
លិខិតដដែលបន្ថែមថា៖ “តាមច្បាប់ ឬខ្លឹមសារនៃមាត្រាខាងលើនេះ ទង្វើ ឬសកម្មភាពឯកឧត្ដម ហុង សុខហួរ គឺសមស្របទាំងស្រុងព្រោះថាឯកឧត្ដម ហុង សុខហួរ មានសិទ្ធិស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធើណែត ដែលជាព័ត៌មានដើមទាំងស្រុង មិនមែនជាការក្លែងឯកសារ និងប្រើឯកសារក្លែងដូចការចោទប្រកាន់នោះទេ ព្រោះឯកឧត្ដម ហុង សុខហួរ មិនបានកោសលុប ឬក្លែងបន្លំច្បាប់ដើមនោះឡើយ”។
ក្រុមសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី អះអាងថា លោក ហុង សុខហួរ មិនបានដឹងថាឯកសារដែលលោកចែករំលែកជាឯកសារពិត ឬមិនពិតនោះទេ ហើយប្រសិនបើក្រោយមកដឹងថាជាព័ត៌មានមិនពិត លោក ហុង សុខហួរ អាចធ្វើការកែតម្រូវ ហើយសុំទោសជាសាធារណៈ គឺគ្មានទោសទេ តែបើលោកនៅតែចចេសផ្សព្វផ្សាយបន្តទើបត្រូវផ្ដន្ទាទោស។
សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ ដែលបានចុះហត្ថលេខាលើលិខិតស្នើសុំអន្តរាគមន៍នោះប្រាប់វីអូឌី(VOD)បន្ថែមថា ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី យល់ឃើញថា ការចោទប្រកាន់លើលោក ហុង សុខហួរ មិនមានហេតុផលត្រឹមត្រូវ ទើបពួកលោកស្នើទៅប្រមុខរដ្ឋស្ដីទីពិចារណាអន្តរាគមន៍លើកលែងការចោទប្រកាន់។ ទោះយ៉ាងណា លោកថា លោកមិនទាន់បានទទួលការឆ្លើយតបពីប្រធានព្រឹទ្ធសភាលោក សាយ ឈុំ នៅឡើយទេ។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង បាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ សាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងទាស់របស់លោក ហុង សុខហួរ ប្រឆាំងនឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែ លោក ហុង សុខហួរ មិនមានវត្តមាននៅក្នុងសវនាការនៅព្រឹកនេះនោះទេ គឺមានតែវត្តមានមេធាវីការពារក្ដីប៉ុណ្ណោះ។ សាលាឧទ្ធរណ៍បានសម្រេចឲ្យបន្តឃុំខ្លួនលោក ហុង សុខហួរ ក្នុងពន្ធនាគាដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរដោយអះអាងថា ដើម្បីទុកឲ្យតុលាការជាន់ទាបដំណើរការតាមនីតិវិធី។
គួររំឭកថា សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ឲ្យចាប់ខ្លួនមកផ្តន្ទាទោស ដោយចោទថា លោកហុង សុខហួរ បានក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាមនៅឆ្នាំ១៩៧៩។ ក្រោយពីការប្រកាសឲ្យចាប់ខ្លួនពីនាយករដ្ឋមន្ត្រី សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ បានសម្រេចបញ្ជូន លោក ហុង សុខហួរ ទៅឃុំខ្លួននៅពន្ធធនាគារព្រៃសដោយចោទ ៣បទល្មើស គឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់ឲ្យមានអសន្តិសុខ៕
សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
