ដោយ៖ ទូច សុខា | ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015
http://vodhotnews.com
ក្រសួងពាក់ព័ន្ធលើកឡើងថា ការធ្លាក់ចុះតម្លៃប្រេងសាំងនៅកម្ពុជាមិនទាន់សមស្របទៅនឹងការធ្លាក់ចុះនៃតម្លៃប្រេងនៅទីផ្សារអន្តរជាតិនៅឡើយ ហើយក្រសួងគ្រោងជួបប្រជុំជាមួយក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅរសៀលនេះ ដើម្បីឲ្យមានការបញ្ចុះតម្លៃបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១ ខែសីហា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា អង្គប្រជុំបានពិភាក្សាពីស្ថានភាពនៃតម្លៃទីផ្សារប្រេងនាពេលបច្ចុប្បន្ន។ អង្គប្រជុំបានលើកឡើងថា តម្លៃប្រេងនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមិនទាន់សមស្របទៅនឹងនិន្នាការនៃការធ្លាក់ចុះនៃតម្លៃប្រេងនៅលើពិភពលោកនៅឡើយ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖“រាជរដ្ឋាភិបាលនឹងចាត់វិធានការណ៍ និងកោះអញ្ជើញក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងអស់នៅកម្ពុជាមកជួបពិភាក្សានាពេលខាងមុខ ដើម្បីឲ្យក្រុមហ៊ុនបញ្ចុះថ្លៃលក់រាយប្រេងសាំងឲ្យសមស្របទៅតាមនិន្នាការធ្លាក់ចុះនៃតម្លៃទីផ្សារអន្តរជាតិ”។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់វីអូឌី(VOD)តាមសារsmsនៅព្រឹកនេះថា នៅរសៀលនេះ មន្ត្រីរដ្ឋាភិបាលនឹងជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនប្រេងឥន្ធនៈអំពីតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅទីស្តីការក្រសួងសេដ្ឋកិច្ច។ លោកថា លទ្ធផលនៃជំនួបនេះនឹងប្រកាសជាសាធារណៈនៅក្រោយកិច្ចប្រជុំ។
តម្លៃប្រេងឥន្ធនៈដែលក្រុមហ៊ុនមួយចំនួនបានដាក់លក់សព្វថ្ងៃមានតម្លៃចន្លោះពី៣៣០០រៀល ទៅដល់៤១០០រៀលក្នុង១លីត្រ។ តម្លៃប្រេងឥន្ធនៈរបស់ក្រុមហ៊ុនសាវិម៉ិចមានតម្លៃចន្លោះពី៣៣០០រៀលទៅដល់៣៥០០រៀលក្នុង១លីត្រ។ ដោយឡែកក្រុមហ៊ុនកាល់តិច(Caltex) តេលា(Tela) សូគីមិច (Sokimex) និងភីធីធី(PTT)តម្លៃចន្លោះពី៣៨៥០រៀ ទៅ៤១០០រៀលក្នុងមួយលីត្រ។
យោងតាមវ៉ិបសាយ Globalpetrolprice (http://www.globalpetrolprices.com) ដែលបានធ្វើបច្ចុប្បន្នភាពទៅលើតម្លៃប្រេងឥន្ធនៈនៅតាមបណ្តាប្រទេសនៅលើពិភពលោកបង្ហាញថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារតាមបណ្តាប្រទេសនៅលើពិភពលោក ជាមធ្យមមានតម្លៃ១,០៧ដុល្លារ ក្នុង១លីត្រ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥។
បើតាមវ៉ិបសាយដដែលឲ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅប្រទេសក្នុងតំបន់ដូចជា ប្រទេសថៃមានតម្លៃប្រហែលជា៣៨០០រៀលក្នុង១លីត្រ នៅប្រទេសវៀតណាមមានតម្លៃប្រហែលជា៣៥០០រៀលក្នុង១លីត្រ និងប្រទេសសិង្ហបុរីមានតម្លៃប្រហែល៦១០០រៀលក្នុង១លីត្រ។
តារាងតម្លៃដែលបានផ្សព្វផ្សាយនៅលើវ៉ិបសាយរបស់អង្គការនៃប្រទេសនាំប្រេងចេញ ហៅកាត់ថាOPEC ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា តម្លៃប្រេងឆៅក្នុង១បារ៉ែលដែលមានចំណុះប្រហែលជា១២០លីត្រមានតម្លៃ៤៧,៧៧ដុល្លារ។ បើតាមOPEC ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៤ តម្លៃប្រេងឆៅមានតម្លៃប្រហែល១០៥ដុល្លារក្នុងមួយបារ៉ែល។
បើតាមរបាយកាណ៍ប្រចាំខែរបស់អង្គការOPEC ដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៥ ឲ្យដឹងថា មូលហេតុដែលនាំឲ្យតម្លៃប្រេងឆៅធ្លាក់ថ្លៃដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ អស្ថិរភាពផ្នែកហិរញ្ញវត្ថុនៅប្រទេសចិន និងក្រិច និងការចរចាបញ្ហានុយក្លែអ៊ែអ៊ីរ៉ង់ ជាមួយមហាអំណាចទាំង៥ បូកអាល្លឺម៉ង់ ដែលOPEC ចាត់ទុកថា កត្តាទាំងនេះ រួមចំណែកធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះ៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com
