កម្ពុជា​​រង់​ចាំ​លិខិត​ពី​ស្ថាន​ទូតមីយ៉ាន់ម៉ា មុន​នឹង​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅស្រុកកំណើត​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015
http://vodhotnews.com

មន្រ្តីកម្ពុជា​ឲ្យ​ដឹង​ថា​ជន​ភៀសខ្លួនជនជាតិ​មីយ៉ាន់ម៉ា(ភូមា)ដែលត្រូវ​បាន​បញ្ជូន​​ពី​អូស្ដ្រាលីមក​រស់នៅ​ក្នុង​​ប្រ​ទេស​កម្ពុជា​បាន​មួយ​រយៈ នឹងអាច​វិល​​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខនេះ ក្រោយ​ពី​ទទួល​បានឯក​សារ​ឆ្លើយ​តប​ពី​​ស្ថាន​ទូត​មីយ៉ាន់ម៉ា​ប្រ​ចាំ​ក្នុង​ប្រ​ទេសកម្ពុជា។ ​

​​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៥​ ជនភៀសខ្លួន​មកពី​អូស្ត្រាលី​ដំបូង​គេ​ចំនួន​៤​នាក់​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា​។ ជនភៀសខ្លួន​ទាំងនោះ​មាន​៣​នាក់​ជា​ជនជាតិ​អ៊ឺរ៉ង់ និង​ម្នាក់​ជា​ជនជាតិ​រូ​ហ៊ី​ន​យ៉ាម​កពីប្រទេស​មី​យ៉ាន់​​​ម៉ា​​។ រដ្ឋាភិបាល​អះអាងថាសព្វថ្ងៃ​ពួកគេ​កំពុង​ស្នាក់នៅ​ផ្ទះ​វីឡា ក្នុង​ខណ្ឌ​ច្បារអំពៅ ទីក្រុង​ភ្នំពេញ ក្រោម​ការ​ឧបត្ថម្ភ​​ពី​រដ្ឋាភិបាល​អូស្ត្រាលី​។

ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក កែម សារិន មានប្រសាសន៍​ថា​ប្រ​ទេស​កម្ពុជា​មាន​តួនាទី​ដើរ​តួជា​អ្នក​ទទួល​ជន​ភៀសខ្លួនពី​ប្រទេស​អូស្ដ្រា​លី​​ដែល​មាន​បំណងចង់​​​មក​នៅ​ប្រ​ទេ​ស​ក​ម្ពុ​ជាតែ​​ប៉ុណ្ណោះ ហើយ​​ការ​ចង់​វិ​ល​ត្រឡប់​ទៅ​នៅ​ប្រ​ទេស​កំណើត​របស់​ខ្លួន​វិញ ​ ​ជាសិទ្ធិ​របស់​ជន​ភៀស​ខ្លួន​ទាំង​នោះ។ លោកបន្ត​​ថាករណី​ដូច​ជា​ជនភៀស​ខ្លួន​អូស្ដា្រ​លីដើម​កំណើត​ភូមា​ជា​ដើម គឺ​គេ​នឹង​អាច​វិល​ត្រឡ​ប់​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ ក្រោយ​ពី​ជន​រូបនោះ​ដាក់​លិខិតប្រ​ហែល​ជាង​​​ពីរ​សប្ដាហ៍​មុនទៅ​ស្ថាន​ទូតមីយ៉ាន់ម៉ា​ប្រ​ចាំ​ទី​ក្រុង​ភ្នំពេញ​ ដោ​យ​ស្នើ​សុំ​វិល​ត្រ​ឡប់​ទៅ​​ស្រុក​កំណើតរបស់​​វិញ។

លោកបញ្ជាក់​បន្ថែម​ថា​នៅ​ពេល​នេះ​ស្ថានទូ​តមីយ៉ាន់ម៉ា​​មិន​ទាន់ចេញ​លិខិតបើក​ផ្លូវ​តាម​ការ​ស្នើ​សុំ​របស់​ជន​នោះ​នៅ​ឡើយ​ទេ។ ​លោក​ថាក្រោយ​ពេល​ស្ថានទូត​ភូមា​ចេញ​លិខិត​នោះ​រួច​ហើយក្រសួង​ការ​បរ​ទេស​កម្ពុជា​នឹង​រៀប​ចំឯក​សារ​ផ្សេង​ៗ​ជូន​បុគ្គល​នោះ​ភ្លាម។

លោក កែម សារិន មាន​ប្រ​សាសន៍​ថា៖ “​ការងារនេះយើងទទួលជនភៀសខ្លួនមកក៏ប៉ុន្ដែការវិលត្រឡប់ទៅវិញ​​គឺជាសិទ្ធិរបស់គាត់ហើយការវិលត្រឡ​ប់ទៅវិញកម្ពុជាយើងមិនអាច​​ចេញឲ្យនូវលិខិតស្នាមទេ គឺសមីខ្លួនបានទំនាក់ទំនងជាមួយស្ថានទូតភូមាហើយ ហើយយើងនឹងរង់ចាំស្ថានទូតភូមាគាត់ហ្នឹងចេញលិខិតបើផ្លូវឲ្យ នៅពេលស្ថានទូតភូមាគាត់នឹងចេញលិខិតបើផ្លូវឲ្យហើយនោះកម្ពុជានឹងចេញទិដ្ឋាការជូន ហើយពេលនោះគាត់អាចវិលត្រឡ​ប់ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញបានហើយ”។

លោក កែម សារិន បាន​បញ្ជាក់​ផង​ដែរ​ថាការ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​រូ​បនេះវិល​ត្រឡប់​​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​​ នឹង​មិន​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​កិច្ច​ព្រម​ព្រៀងទទួល​​ជន​ភៀសខ្លួន​ស្ម័គ្រ​ចិត្ត​រវាង​កម្ពុជានិង​​អូស្ដា្រ​លី​ឡើយ។ លោក​បន្ដ​ថាកម្ពុជានឹង​នៅ​តែ​បន្ដ​ទទួល​យក​ជន​ភៀសខ្លួនអូស្ដ្រាលី​ណា​ដែលព្រម​ស្ម័គ្រ​ចិត្ត​​មក​រស់​នៅកម្ពុជា​។ ​

គួរ​បញ្ជាក់​ថា ការ​ទទួល​យក​ជន​ភៀសខ្លួន​នេះ​ធ្វើ​ឡើ​ងក្រោយ​ពី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួ​ល​យក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មក​រស់នៅ​ប្រទេស​កម្ពុជា​តាម​គោល ការណ៍​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​អូស្ត្រាលី​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ប្រហែល​ជា​៣១​លាន​ដុល្លារ​អាមេរិក ។ ក្រោយមកទៀត អូស្ត្រាលី​ក៏បាន​ផ្តល់​ជំនួយ​បន្ថែម​ប្រហែល​១២​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​គាំទ្រ​ដល់​សេវា​សុខភាព ការអប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​៕

សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles