
តារាកំប្លែងជើងចាស់វ័យ ៦៧ ឆ្នាំ មានឈ្មោះពិត ម៉ៅ សាមឿន ហៅនាយវីតាមីនសេ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
Mon, 7 September 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តារាកំប្លែងមិនរីកស្ងួត នាយវីតាមីនសេ នឹងត្រូវវះកាត់ជំងឺពីរក្នុងពេលតែមួយ នៅឯមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃអង្គារទី៨ខែកញ្ញា វេលាម៉ោង៨ព្រឹកថ្ងៃស្អែក។ នេះបើតាមដំណឹងរបស់កូនស្រីនាង ប៉េងប៉ោង បានប្រាប់ប្រធានសមាគមសិល្បៈខ្មែរ លោក សុះ ម៉ាច។
អ្នកនាង មឿន និមល ហៅនាង ប៉េងប៉ោង វ័យ ៣៩ ឆ្នាំ ដែលជាកូនស្រីរបស់ លោក វីតាមីនសេ និយាយថា ឪពុកខ្លួនកាន់តែមានស្ថានភាពជំងឺទ្រុឌទ្រោមជាងគេបន្តិចព្រោះគាត់មានជំងឺទឹកនោមផ្អែមលើសឈាមឡើងជាតិអាស៊ីតនិងឡើងជាងខ្លាញ់ បើធៀបនឹងមនុស្សវ័យជាង ៦០ ឆ្នាំដូចគ្នាដែលមានភាពរឹងប៉ឹង។
ពេលនេះនាងជាកូន និងបងប្អូននៃក្រុមគ្រួសារកំពុងតែនាំលោកវីតាមីនសេទៅសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីត្រៀមវះកាត់ជំងឺបូសអន្ទង់ និងឬសដូងបាតនៅព្រឹកម៉ោង ៨ នាថ្ងៃអង្គារ ទី ៨ ខែកញ្ញានេះបើទោះបីជាកូនចៅមិនទាន់មានលទ្ធភាពផ្ដល់ការផ្គត់ផ្គង់ថ្លៃថ្នាំសង្កូវ និងថ្លៃព្យាបាលឪពុកឲ្យបានគ្រប់គ្រាន់យ៉ាងណាក្តី។
អ្នកនាង ប៉េងប៉ោង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរសព្ទទាំងអួលដើមកថា៖ «ទោះជាយ៉ាងណាយើងខ្ញុំជាកូន ត្រូវតែខ្នះខ្នែងរកការព្យាបាលព្រោះជំងឺគាត់រើឡើងវិញហើយគាត់ក៏មានជំងឺដេកមិនលក់ទៀតផងនាពេលនេះ។ គ្រូពេទ្យថាប៉ាគាត់មានជំងឺបូសអន្ទង់ ដែលជាតិខ្ទុះធ្វើទុក្ខនាំឲ្យរាងកាយលំបាក និងជំងឺឬសដូងបាតរបស់គាត់ក៏ត្រូវតែវះកាត់ចេញទើបជាការល្អប្រសើរជាងទុកវាបន្ត»។
តារាកំប្លែងជើងចាស់វ័យ ៦៧ ឆ្នាំ មានឈ្មោះពិត ម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានចាប់យកអាជីពជាតារាកំប្លែងមកចិញ្ចឹមជីវិតអស់រយៈពេលប្រមាណជាងពីរទសវត្សរ៍មកហើយ។
តារាកម្លែងជើងចាស់រូបនេះមានកូន ៥ នាក់ (ស្រី ៣) និងមានអាការៈទ្រុឌទ្រោមខ្លាំងដោយសារវ័យផង និងរ៉ាំរ៉ៃដោយជំងឺច្រើនមុខផងដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដោយសង្កេតឃើញសភាពជំងឺរបស់សិល្បករវ័យចំណាស់ប្រុសពីររូបគឺលោក សួស សងវាចាដែលទើបបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃចន្ទនេះ និងលោកវីតាមីនសេមានអាការៈជំងឺស្រដៀងគ្នាគឺលើសឈាម ឡើងជាតិអាស៊ីតនិងឡើងជាងខ្លាញ់ដែលជាហេតុបណ្តាលមកពីការទទួលទានអាហារមិនសូវតមនិងខ្វះការហាត់ប្រាណដើម្បីរក្សាសុខភាពខ្លួនឲ្យបានល្អ លោកសុះម៉ាចប្រធានសមាគមសិល្បៈខ្មែរក៏បានផ្ញើសារដាស់តឿនមួយទៅដល់បណ្តាក្រុមសិល្បករ-ការិនីខ្មែរទាំងអស់ឲ្យប្រុងប្រយ័ត្នចំពោះការថែទាំសុខភាពខ្លួនឯងផង កុំធ្វេសប្រហែសឲ្យសោះ។
លោក សុះម៉ាច បានលើកឡើងថា «ខ្ញុំសុំផ្តាំផ្ញើដល់មិត្ត សិល្បករ-ការិនី ទាំងអស់ឲ្យតោងយកនូវការប្រុងប្រយ័ត្នងាកមកថែទាំសុខភាពខ្លួនឯងផង បើទោះបីជាមានការមមាញឹកនឹងការងារសិល្បៈយ៉ាងណាក៏ដោយ។ ជាពិសេសអ្នកធាត់ៗ ត្រូវឈ្លាតយកពេលហាត់ប្រាណខ្លះផងដើម្បីរក្សាសុខភាពឲ្យបានល្អ»៕