ដោយ ហ៊ុំ ចំរើន
2015-09-07
RFA

ពលរដ្ឋចុះឈ្មោះធ្វើតេស្ដឈាមរកមេរោគអេដស៍ នៅមណ្ឌលសុខភាព ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។ RFA/Hum Chamroeun
ពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មកដល់ពេលនេះបានបាត់បង់ជីវិតជាបន្តបន្ទាប់ចំនួន ១០នាក់ ក្នុងចំណោមអ្នកដែលផ្ទុកមេរោគអេដស៍ជិត ៣០០នាក់។
ចំណែកពលរដ្ឋដែលនៅរស់កំពុងលេបថ្នាំពន្យារអាយុជីវិតជារៀងរាល់ថ្ងៃ ហើយធ្វើឲ្យពួកគាត់មិនអាចចេញទៅធ្វើការងារឆ្ងាយពីផ្ទះសម្បែង ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបានដូចពេលមុននោះទេ។
តើពួកគាត់ជួបការលំបាកអ្វីខ្លះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរយៈពេលជិតមួយឆ្នាំមកនេះ?
ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា រយៈពេលជិតមួយឆ្នាំមកនេះ ពួកគាត់មួយចំនួនប្រកបរបរធ្វើស្រែធ្វើចម្ការ ដោះស្រាយជីវភាពគ្រួសារជាធម្មតា។ ប៉ុន្តែមនុស្សពេញកម្លាំងដែលធ្លាប់ចេញទៅស្វែងរកការងារធ្វើឆ្ងាយពីផ្ទះសម្បែង ដូចនៅប្រទេសថៃ ជាដើម ពួកគាត់មិនបានចេញទៅធ្វើការរយៈពេលយូរនៅទីនោះ ដូចកាលពីមុនមិនទាន់មានផ្ទុកមេរោគអេដស៍នោះទេ។
ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅភូមិរកា ម្នាក់ សុំមិនបញ្ចេញឈ្មោះ ថ្លែងឲ្យដឹងថា ចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៤ រហូតមក គឺរស់នៅតែផ្ទះពុំបានចេញទៅធ្វើការងារឆ្ងាយពីភូមិស្រុកនោះទេ។
ពលរដ្ឋរូបនេះបន្តថា មូលហេតុដែលពុំបានចេញទៅណាឆ្ងាយពីផ្ទះសម្បែង ដោយសារជាប់រវល់ទៅជួបគ្រូពេទ្យស្ទើរជារៀងរាល់ខែ មើលថែជំងឺប្រចាំកាយរបស់ខ្លួនផង និងបញ្ហាសុខភាពមិនល្អ គ្មានកម្លាំងកំហែងធ្វើការងារធ្ងន់មិនកើតផង៖ «ពីមុនខ្ញុំធ្លាប់ធ្វើការចំណាកស្រុកដែរ តែឥឡូវខ្ញុំអត់បានទៅទេ ដោយសារកូនខ្ញុំក៏កើតអេដស៍ ម្ដាយខ្ញុំក៏កើត និងបារម្ភខ្លាចទៅបើកថ្នាំពន្យារអាយុជីវិតមិនទាន់ផង។ ម្យ៉ាងទៀតខ្ញុំក៏ទៅធ្វើការងារឲ្យគេមិនកើតដែរ ទើបខ្ញុំសម្រេចចិត្តនៅផ្ទះតែម្ដងទៅ»។
ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ជាច្រើនទៀតក៏ត្អូញត្អែរស្រដៀងគ្នាដែរ គឺចាប់តាំងពីផ្ទុកជំងឺអេដស៍ក្នុងខ្លួនមក ពិបាកក្នុងការទៅស្វែងរកការងារធ្វើឆ្ងាយពីផ្ទះដូចគ្នា។ អ្នកភូមិរកា ម្នាក់ទៀតលើកឡើងថា សព្វថ្ងៃរូបគាត់លេបថ្នាំពន្យារអាយុជីវិតតាមការណែនាំរបស់គ្រូពេទ្យជារៀងរាល់ថ្ងៃ ហើយត្រូវទៅជួបគ្រូពេទ្យញឹកញាប់ មិនអាចចេញទៅធ្វើការងារនៅប្រទេសថៃ បាននោះទេ។
ពលរដ្ឋនេះបន្តទៀតថា សព្វរស់នៅពឹងផ្អែកទៅលើកូនធ្វើការនៅប្រទេសថៃផង និងប្រាក់ឧបត្ថម្ភការអប់រំផ្ដល់កម្លាំងចិត្តម្ដងម្កាលពីសប្បុរសជន ក្នុង និងក្រៅស្រុក អាជ្ញាធរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលនានាផង។ ប៉ុន្តែទៅថ្ងៃអនាគតរូបគាត់ពុំដឹងថា សុខភាពទាំងផ្នែកផ្លូវចិត្ត និងផ្លូវកាយទៅយ៉ាងនោះទេ ពីព្រោះចាប់តាំងពីផ្ទុកមេរោគអេដស៍មក រវល់គិតពីសុខភាពរបស់ខ្លួន ហើយគ្មានកម្លាំងកំហែងចេញទៅធ្វើការងាររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ៖ «នៅពេលដែលមានអង្គការមកនិយាយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ ពេលនោះខ្ញុំសប្បាយចិត្តបានខ្លះ តែនៅពេលដែលគាត់ចេញផុតទៅ ខ្ញុំនៅម្នាក់ឯង ពេលនោះក្នុងអារម្មណ៍របស់ខ្ញុំមិនសប្បាយចិត្តនោះទេ»។
ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា អំពាវនាវឲ្យក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធនានា បន្តផ្ដល់ជំនួយជាថវិកា ជាពិសេសគឺថ្នាំពន្យារអាយុជីវិតឲ្យបានគ្រប់គ្រាន់ទៅដល់ពួកគាត់បន្តទៀត ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានសុខភាពប្រសើរឡើង៖ «ប្រាក់ដែលអង្គការ និងសប្បុរសជនឧបត្ថម្ភឲ្យខ្ញុំកន្លងទៅវាមិនគ្រប់គ្រាន់ក្នុងក្រុមគ្រួសារខ្ញុំទេ តែប្រាក់នោះគ្រាន់ជួយដោះស្រាយគ្រួសារបានខ្លះ នៅពេលដែលយើងចេញទៅរកប្រាក់ចំណូលមិនបាន»។
ទាក់ទងនឹងបញ្ហានេះដែរ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក ស៊ូ សានិត មានប្រសាសន៍ថា ក្រសួងសុខាភិបាល និងបន្តផ្ដល់ថ្នាំពន្យារអាយុជីវិតដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា រហូតអស់មួយជីវិត។ បើទោះជាថ្នាំពន្យារអាយុជីវិតដែលឧបត្ថម្ភប្រជាពលរដ្ឋអស់នៅឆ្នាំ២០១៧ ខាងមុខនេះក៏ដោយ គឺក្រសួងសុខាភិបាល និងស្វែងរកជំនួយជួយដល់ប្រជាពលរដ្ឋបន្តទៀត៖ «នៅថ្ងៃទី១៨ ខែកញ្ញា នេះ ខាងខ្ញុំមានគម្រោងអញ្ជើញស្ថាប័នពាក់ព័ន្ធមួយចំនួន ពិភាក្សារិះរកមធ្យោបាយជួយប្រជាពលរដ្ឋរយៈពេលវែង។ ចំណែកនៅថ្នាក់ជាតិ ដែលមានក្រសួងសុខាភិបាល និងអាជ្ញាធរអេដស៍នោះ គឺមានផែនការរយៈពេលវែងមួយហើយ។ ដោយផែនការនេះបានឆ្លងគណៈរដ្ឋមន្ត្រីរួមមកហើយដែរ នៅតែការសម្រេចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ខ្ញុំជឿថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអនុម័តហើយ នឹងមានថវិកាមួយចំនួនទម្លាក់តាមស្ថាប័នពាក់ព័ន្ធដើម្បីយកទៅអភិវឌ្ឍន៍នៅឃុំរកា»។
លោក ស៊ូ សានិត បន្តថា នៅឆ្នាំ២០១៦ ខាងមុខនេះ ខាងក្រសួងសុខាភិបាល នឹងបើកមន្ទីរពេទ្យបង្អែកកម្រិតទីមួយ ដែលអាចមានគ្រែសម្រាកព្យាបាលសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងឃុំរកា នោះតែម្ដង ព្រមទាំងទាក់ទងទៅខាងស្ថាប័នធារាសាស្ត្រមួយចំនួននៅក្នុងខេត្ត ដើម្បីធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយទឹកឲ្យប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ ដាំដុះផលដំណាំបានគ្រប់រដូវ ដោះស្រាយជីវភាពគ្រួសារ។
ទោះយ៉ាងនេះក្ដី ប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង ដែលបានចុះតាមដានផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន លោក ប៉ក់ សុកជាតិ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា រហូតមកទល់ពេលនេះទទួលបានថ្នាំពន្យារអាយុជីវិតមានជាង ២២០នាក់ហើយ។ ទោះយ៉ាងនេះក្ដីលោកថា ពលរដ្ឋវ័យចាស់ជរាពួកគាត់មិនព្រមលេបថ្នាំពន្យារអាយុជីវិតនោះទេ ដោយហេតុថា នៅពេលដែលពួកគាត់លេបថ្នាំនោះម្ដងៗ ធ្វើទុកនៅក្នុងខ្លួនរបស់គាត់។
លោក ប៉ក់ សុកជាតិ៖ «ចាស់ៗដែលគាត់មានអាយុ ៥០ ទៅ ៦០ឆ្នាំ ដែលមានរោគផ្សេងៗបន្ថែម ដូចជារោគសួតជាដើម ធ្វើឲ្យគាត់មានការលំបាកលេបថ្នាំ។ ក្នុងនោះមាន ៥នាក់ ដែលយើងកំពុងចុះជួយផ្ដល់ប្រឹក្សាធ្វើយ៉ាងណាឲ្យគាត់លេបថ្នាំពន្យារអាយុជីវិត»។
កាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នាំគ្នាទៅជួសឈាមនៅមណ្ឌលសុខភាពឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជាបន្តបន្ទាប់ ទើបមានការភ្ញាក់ផ្អើលពីការរីករាលដាលឆ្លងមេរោគអេដស៍របស់ភូមិរកាស្ទើរតែទាំងអស់។ អ្នកភូមិ និងមហាជនមានការសង្ស័យថា ការឆ្លងមេរោគអេដស៍នេះ ដោយសារការចាក់ថ្នាំរបស់គ្រូពេទ្យគ្មានវិជ្ជាជីវៈក្នុងភូមិម្នាក់។ បច្ចុប្បន្នគ្រូពេទ្យរូបនោះ ត្រូវបានតុលាការធ្វើការចោទប្រកាន់ចំនួន ៣ករណី ទី១ ប្រព្រឹត្តដោយចេតនាធ្វើឲ្យអ្នកដទៃឆ្លងមេរោគអេដស៍ ទី២ អំពើឃោរឃៅពាក់ព័ន្ធនឹងឃាតកម្ម និងបើកកន្លែងព្យាបាលសុខភាពដោយខុសច្បាប់។
អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឲ្យដឹងថា ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ មានអ្នកស្លាប់ចំនួន ១០នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន ២៩០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជ្រូកឈឺងាប់ជាបន្តបន្ទាប់ដោយសារជំងឺត្រចៀកខៀវក្នុងស្រុកពីរនៅខេត្តសៀមរាប
- អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាទី១០ស្លាប់
- មន្ទីរពេទ្យគន្ធបុប្ផាប្រកាសពីការកើនឡើងនៃជំងឺគ្រុនឈាមលើកុមារ
- ពលរដ្ឋរស់នៅក្បែរស្ថានីយបូមទឹកបឹងកប់ស្រូវស្នើសុំបម្លែងទឹកស្អុយឲ្យបាត់ក្លិន
- ផលិតករភាពយន្តខ្មែរនិងម្ចាស់រោងកុនលក់សំបុត្រយកថវិកាបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា
- គ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៊ីផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃ
- ពលរដ្ឋស្នើរដ្ឋាភិបាលរៀបចំកន្លែងរង់ចាំនៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផា
- មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុចុះចាប់ចាហួយនិងតំណាប់ដូងផលិតនៅវៀតណាម
- ពលរដ្ឋ៖ មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យទេវតា