​តុលាកា​បើក​សវនាកា​រលើ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​រឿង​ចែក​ឯកសារ​ទាក់ទង​នឹង​វៀតណាម​

ដោយ៖​ សាន សែ​ល​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 05:14 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​​តុលាការ​ខេត្ត​តាកែវ បើក​សវនាការ​ដើម្បី​កាត់ទោស​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ នៅ​ស្រុក​ព្រៃកប្បាស់ លោក ឈា តាំង​ស៊ន នៅ​ថ្ងៃរសៀល​ថ្ងៃទី​៧ ខែកញ្ញានេះ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួនដោយ​ចោទ​ថា ផ្សាយ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនការ​របស់​វៀតណាម​មកលើ​កម្ពុជា​។​

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តតាកែវ លោក ម៉ៅ សុផល ប្រាប់ ​VOD ​ថា លោក ឈា តាំង​ស៊ន ត្រូវ​សមត្ថកិច្ច​នាំ​ចូល​សវនាកា​រ ដោយ​មាន​មេធាវី​ចំនួន​ពីរ​រូប ចូល​ការពារ​ក្តី​។ លោក​បញ្ជាក់ថា មិន​មាន​ប្រជាជនមក​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​លោក ឈា តាំង​ស៊ន នោះទេ ហើយ​មាន​កម្លាំង​នគរបាល​ប្រមាណ​៥​នាក់ មក​ការពារ​សន្តិសុខ អំឡុង​ពេល​តុលាការ​ជំនុំជម្រះ​សំណុំរឿង​សកម្មជន​បក្សប្រឆាំង​រូបនេះ​។​

លោក ឈា តាំង​ស៊ន ជា​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​កប្បាស និង​ជា​គ្រូបង្រៀន​ដែល​ចូលនិវត្តន៍​។ លោកត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ​ទី៥ ខែកញ្ញា បន្ទាប់ពី​លោក​បាន​បង្ហោះ​ច្បាប់​ចម្លង​នៃ​ឯកសារ​ស្តីពី​យុទ្ធសាស្ត្រ ២០ចំណុច​របស់​វៀតណាម ដើម្បី​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក​។​

​លោក ឈា តាំង​ស៊ន ត្រូវ​ចោទ​ពី​បទ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ញ៉ុះញ​ង់​ឲ្យមាន​ការរើសអើង​ជាតិ​សាសន៍ ដោយ​ផ្អែក​តាម​មាត្រា​៤៩៤ និង​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក ណៃ វ៉ង់​ដា ជា​អនុប្រធាន​ស៊ើបអង្កេត​សិទ្ធិមនុស្ស ​និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​អាដហុក​។ លោកពន្យល់ថា ករណីនេះប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ឈា តាំង​ស៊ន បាន​មាន​កំហុស លោក​នឹង​ត្រូវ​ប្រឈម​ការ​ជាប់ពន្ធ​នាគារ​ចន្លោះ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​។​

​សម្រាប់​លោក វ៉ង់​ដា ដែល​តាមដាន​ការចាប់ខ្លួន​នេះ យល់ឃើញថា អាជ្ញាធរ​កំពុង​ព្យាយាម​បំបាក់ស្មារតី និង​គំរាម​ដល់​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង ចំ​ពេល​ដែល​ចំនួន​នៃ​ការគាំទ្រ​របស់​បក្ស​សង្គ្រោះ​ជាតិ​កើនឡើង​។ លោកថា៖ "រឿ​ងទាំងអស់ហ្នឹង គឺ​អាច​ធ្វើ​ឲ្យ​​មាន​ការ​ព្រួយបារម្ភ​ថា​ ការ​បោះឆ្នោត​នៅ​ថ្ងៃខាង​មុខ​នេះ អាច​មាន​ការ​ប្រជែងខ្លាំង មាន​ន័យ​ថា ចំនួន​អ្នក​គាំទ្រ​ច្រើនសម្រាប់​គណបក្ស​ប្រឆាំង​។ អ៊ីចឹង​ហើយ​បាន​ជាមូល​ហេតុមួយទៀត​នៃ​ការ​ចាប់​ខ្លួន​ហ្នឹង​ បើតាម​យើង​ពិនិត្យ​មើល​ករណីហ្នឹង​"

ស្រប​ពេល​នេះ​ដែរ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការចាប់ខ្លួន​អតីត​គ្រូបង្រៀន​រូបនេះ​។ សមាគម​មួយ​នេះ ហៅ​ការចាប់ខ្លួន​នេះ​ថា រំលោភ​លើ​សិទ្ធិ​មនុស្ស​«​យ៉ាងធ្ងន់ធ្ងរ​» ហើយ​បំបិទ​សិទ្ធិ​ការ​ចែកចាយ និង​ទទួលបាន​ពត៌មាន​របស់​ប្រជាពលរដ្ឋ​។ សមាគម​គ្រូបង្រៀន​នេះ ទាមទារ​ឲ្យមាន​ការដោះលែង​លោក ឈា តាំង​ស៊ន ឲ្យមាន​សេរីភាព​ឡើងវិញ​។​

​រហូតមកដល់​ពេលនេះ មាន​យ៉ាងតិច​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​រូប​ហើយ ត្រូវ​ចាប់​ឃុំខ្លួននិង​កាត់ទោស ខណៈ​គណបក្សប្រឆាំង​បើក​កាយ​ពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​៕

សូមសរសេរមកលោក​ សាន សែ​ល​ តាមរយៈ sel@vodhotnews.com

What Next?

Recent Articles