​អ្នកភូមិ​នៅ​ខេត្ដ​ព្រះវិហារ ផ្ដាច់​ស្ពាន​មិនឲ្យ​អភិបាលរងខេត្ដ​ឆ្លងកាត់​​

ដោយ៖​ បូ សា​វី​​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 04:36 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាពលរដ្ឋ​ប្រហែល​៦០០​នាក់ នៅ​ស្រុក​សង្គម​ថ្មី ខេត្ដ​ព្រះវិហារ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​កាត់ផ្ដាច់​ស្ពាន​មួយ​កន្លែង​មិនឲ្យ​អភិបាលរងខេត្ដធ្វើដំណើរ​ឆ្លងកាត់ ដោយ​ពួកគេ​អះអាងថា មន្ដ្រី​រូប​នោះ​មក​រំដោះ​យក​គ្រឿងចក្រ​ពី​ពួកគេ ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ ដោយ​គ្មាន​ដំណោះស្រាយ​រឿង​ដីធ្លី​។

ករណីនេះកើតឡើង ​បន្ទាប់ពីអ្នកភូមិ​បាន​ចាប់​គ្រឿងចក្រ​មួយ​គ្រឿងរបស់​ក្រុមហ៊ុន អ៊ែម​ភឺល​ហ្វ​ខឺស មក​រក្សាទុក​នៅ​ក្នុង​វត្ដ​មួយ ក្នុង​ឃុំ​ស្ដៅ ស្រុក​សង្គម​ថ្មី ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធររ​ក​ដំណោះស្រាយ ករណី​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​នោះ កាលពី​ចុងខែ​កក្កដា ​ឆ្នាំ​២០១៥​កន្លង។​

​ពលរដ្ឋ​មួយរូប​នៅ​ឃុំ​ស្ដៅ ស្រុក​សង្គម​ថ្មី លោក កែ ឡូត ប្រាប់ ​VOD ​ថានៅ​ម៉ោង​១២ ​ថ្ងៃទី​៧ ​ខែកញ្ញា​នេះ អភិបាលរង​ខេត្ដ​ព្រះវិហារ លោក ស៊ូ សិរី និង​អភិបាលស្រុក​សង្គម​ថ្មី បាន​មក​រំដោះ​យក​គ្រឿងចក្រ​មួយ​គ្រឿង​នោះ ប្រគល់​ឲ្យ​ក្រុមហ៊ុនអ៊ែម​ភឺល​ហ្វ​ខឺស​វិញ ដោយ​គ្មាន​សន្យា​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជា​មុន​នោះ​ទេ​។ ​លោក​បន្ដថា បន្ទាប់​ពី​អភិបាលរង​ខេត្ដ​រូបនោះ ឲ្យ​កម្មក​របើក​គ្រឿងចក្រ​នោះ​ទៅឲ្យ​ក្រុមហ៊ុន​វិញ អ្នកភូមិ​ប្រហែល​៦០០​នាក់បាន​រារាំង ដោយ​ពួកគាត់​កាត់ផ្ដាច់​ស្ពាន​មិនឲ្យ​ធ្វើដំណើរ​ត្រឡប់ទៅវិញ​។

ទោះជា​យ៉ាណា លោក កែ ឡូត បន្ដថា គ្រឿងចក្រ​នោះត្រូវបាន​ពលរដ្ឋ​យក​មក​រក្សាទុក​នៅ​កន្លែង​ដដែល ចំណែក​អភិបាលខេត្ដ​រង និង​មន្ដ្រី​មួយចំនួនក៏​មិន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​ដែរ​។

ពលរដ្ឋ​នៅ​ភូមិ​តាបោះ​មួយ​រូប​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះឲ្យដឹងថា ពួកគាត់​ទាមទារឲ្យ​អាជ្ញាធរ​ផ្អាក​សកម្មភាព​គ្រឿងចក្រ​ឈូសឆាយដី និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន អ៊ែម​ភឺល​ហ្វ​ខឺស​នោះ ប្រគល់​ដី​ជិត​ស្ទឹង​ឲ្យ​អ្នកភូមិ​វិញ​។

ករណីនេះអភិបាលរង​ខេត្ដ​ព្រះវិហារ លោក ស៊ូ សិរី មានប្រសាសន៍ថា លោក​ចង់​រក​ដំណោះស្រាយ​មួយ​សមរម្យ​ជូន​គាត់ ប៉ុន្ដែ​ក្រុម​អ្នកភូមិ​មិន​យល់​ពី​ច្បាប់ និង​មិន​ស្ដាប់​ការបកស្រាយ​របស់​អាជ្ញា​ធរ​។ ​លោក​បន្ដថា ក្រុមហ៊ុន​មិន​បាន​ឈូសឆាយដី​ដូច​ការលើកឡើង​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្ដែ​លោក​ថា​ការតវ៉ា​នេះ ដោយសារ​មាន​អ្នកនយោបាយ​ញុះញង់​ពីក្រោយ​។​

​កាលពី​ថ្ងៃ​ទី​៦​ ខែកញ្ញា​ម្សិលមិញ​នេះ អ្នកភូមិ​ប្រហែល​៥០០​ទៅ​៦០០​នាក់ មកពី​ស្រុក​សង្គម​ថ្មី និងស្រុក​គូ​លេន ខេត្ដ​ព្រះវិហារ បាននាំគ្នា​ដុត​កម្ទេច​គ្រឿងចក្រ​មួយគ្រឿង ម៉ាស៊ីនភ្លើង​មួយ​គ្រឿង ដុត​រោង​យាម​ក្រុមហ៊ុន និង​ផ្ទះ​កម្មករ​ចំនួន​១១​ផ្ទះ ព្រមទាំង​ចាប់យក​គោយន្ដ​មួយគ្រឿង ម៉ាស៊ីន​អារឈើ​៥​គ្រឿង និង​ម៉ាស៊ីនភ្លើង​យកទៅ​រក្សាទុក។ ​អ្នកភូមិ​អះអាងថា មូលហេតុ​ដែល​ពួកគេ​ធ្វើ​បែប​នេះ​ ដោយសារ​ក្រុមហ៊ុន​អ៊ែម​ភឺល​ហ្វ​ខឺស​នោះឈូសឆាយ​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់ និង​មិន​អនុវត្ដ​តាម​កិច្ចសន្យា ដែលថាបញ្ឈប់​ឈូសឆាយ​ដី​ស្រែ និង​ដី​ចម្ការ​របស់​អ្នកភូមិ​៕

សូមសរសេរមកលោក ​បូ សា​វី​ តាមរយៈ savy@vodhotnews.com

What Next?

Recent Articles