GMAC​ ថាអ្នក​បញ្ជា​ទិញ​កំពុង​បាត់បង់​ទំនុកចិត្ត​ដោយសារ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 05:23 PM​
http://vodhotnews.com


​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​(GMAC)​ លើកឡើងថា ការទាមទារ​ឲ្យមាន​ការកំណត់​ក្នុង​ច្បាប់​សហជីព​ថា កម្មករ​ត្រឹម​១០​រូប​អាច​បង្កើត​ជា​សហជីព​មួយ​បាន និង​ការទាមទារ​ដំឡើង​ប្រាក់ខែ​គោល​សម្រាប់​កម្មករ កំពុង​ធ្វើឲ្យ​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​បាត់បង់​ទំនុកចិត្ត​។​

សេចក្ដីថ្លែងការណ៍​របស់​សមាគម​រោងច​ក្រ​កម្ពុជា ​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​បញ្ជា​ទិញ​សម្លៀកបំពាក់​ម៉ាក​យីហោ​ល្បីៗ​មកពី​សហរដ្ឋអាមេរិក បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា តាមរយៈ​គណៈប្រតិភូ​ដឹកនាំ​ដោយ​សភា​ពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក ប្រចាំ​ទីក្រុង​ហុងកុង​។ គណៈប្រតិភូ​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បង់​ក្លា​ដេស និង​វៀតណាម​ផងដែរ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ឧស្សាហកម្ម​កាត់ដេរ​តាម​បណ្ដា​ប្រទេស​ទាំងនេះ​។​

សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា ក្រោយពេល​ទស្សនកិច្ច ថ្នាក់​ដឹកនាំ​ប្រតិភូ​ទាំងនោះ​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​មួយ​ចំនួន​ អំពី​ការ​កំណត់​ផ្សេងៗ​នៅក្នុង​សេចក្ដីព្រាងច្បាប់​សហជីព ដូច​ជា​ការកំណត់​ឲ្យមាន​កម្ម​ករ​២០​ភាគរយ ​ក្នុង​រោងចក្រ​មួយ​ទើប​អាចបង្កើត​សហជីព​បាន តែ​ក្រុម​សហជីព​បាន​ទាមទារ​ឲ្យ​បន្ថយ​កម្រិត​កម្មករ​ត្រឹម​១០​នាក់​។ សេចក្ដីថ្លែងការណ៍​នោះ​បញ្ជាក់ថា​៖ “​សំណើសុំ​ឲ្យ​កម្មករ​១០​នាក់​អាច​បង្កើត​បាន​សហជីព​មួយ [​នឹង​]​រឹតតែ​បង្កើន​នូវ​ភាពភ័យខ្លាច ដោយសារតែ​មាន​សហជីព​រាប់សិប​ស្ថាប័ន​ដែល​មាន​ផែនការ​ខុសៗ​គ្នា​នៅក្នុង​រោងចក្រ​តែមួយ ក៏ដូចជា​បង្ក​ឲ្យ​លទ្ធភាព ក្នុង​ការចរចា​ស្វែងរក​កិច្ចព្រមព្រៀង​រួម​កាន់តែ​ទន់ខ្សោយ​ថែមទៀត​”​។​

​សេចក្ដី​ថ្លែង​កាណ៍​ដដែល​បន្តថា តាម​ការស្ទង់មតិ​ពី​ម្ចាស់​រោងចក្រ​កន្លងមក ម្ចាស់​រោងចក្រ​ក៏​មាន​ការព្រួយបារម្ភ​ផងដែរ ជុំវិញ​ការចរចា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដែល​បាន​ចាប់ផ្ដើម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្មករ​ទទួលបាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​២៨​ភាគរយ​រួចហើយ​។ សេចក្ដីថ្លែងការណ៍​បន្ត​ទៀតថា ការទាមទារ​នេះ​គឺ​នៅ​ខណៈពេល​ដែល​ម្ចាស់​រោងចក្រ​ភាគច្រើន​ក្នុង​ការស្ទង់មតិ​លើកឡើងថា ការនាំ​ចេញ​ផលិត​សម្លៀក​បំពាក់​របស់​ពួកគេ​នឹង​ធ្លាក់ចុះ​ចន្លោះ​ពី​១០​ទៅ​៣០​ភាគរយ នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០១៥​នេះ​។​

សេចក្ដីថ្លែងការណ៍​នោះ​បន្ដថា​៖ “២​ភាគ​៣ នៃ​សមាជិក​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ បាន​និយាយថា ពួកគេ​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​បន្ថែម​ទៀត​បាន​ទេ ពីព្រោះ​វា​លឿន​ពេក​បើ​ធៀប​នឹង​ការដំឡើង​កាលពី​ពេល​ថ្មីៗ។ ២៧​ភាគរយ​នៃ​សមាជិក​ដែល​ចូលរួម​ក្នុង​ការស្ទង់មតិ​បាន​ឆ្លើយថា ការដំឡើង​ត្រឹម​១​ទៅ​៥​ដុល្លារ គឺជា​ការដំឡើង​ប្រកបដោយ​និរន្តរភាព​។ រោងចក្រ​ចំនួន​៧​ភាគរយ​ប៉ុណ្ណោះ​ដែល​ឆ្លើយថា ពួកគេ​អាច​ដំឡើង​លើសពី​៥​ដុល្លារ​បាន​”​។​

​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ(GMAC) លោក ខេន លូ ប្រាប់​ VOD ​បន្ថែមថា ការបង្ហាញ​ពី​ការព្រួយបារម្ភ​របស់​អ្នក​បញ្ជា​ទិញ ​គឺ​អ្នកបញ្ជា​ទិញ​ចង់​ឲ្យ​ស្ថាប័ន​ដែល​ពាល់​ព័ន្ធ​នឹង​ឧស្សាហកម្ម​កាត់ដេរ ធ្វើការ​ពិចារណា​ចំពោះ​ផលប៉ះពាល់​ដល់​អ្នក​ទិញ​ទាំងនោះ ក្នុង​ការទាមទារ​ឲ្យមាន​ការកែប្រែ​នៅក្នុង​ច្បាប់​សហជីព​នេះ​។ លោក ខេន លូ មានប្រសាសន៍ថា​៖ “​គាត់​អ្នកបញ្ជា​ទិញ​មែន ប៉ុន្ដែ​គាត់​លើក​ដើម្បីឲ្យ​អ្នកពា​ក់​ព័ន្ធខាង​សហជីព​ក៏ដោយ កម្មករ​ក៏​ដោយ ខាង​រោងចក្រ​ក៏ដោយ រដ្ឋាភិបាល​ក៏​ដោយ ឲ្យដឹង​ពី​អ្នកបញ្ជា​ទិញ​ថា អ្នក​បញ្ជា​ទិញ​កំពុង​គិតគូរ​ពី​ចំណុច​អ្វីខ្លះ ហើយ​ប្រសិនបើ​គាត់​គិតថា​នៅ​កន្លែង​នោះ​មាន​សហជីព​ច្រើនពេក ហើយ​អាច​ប៉ះពាល់​រោងចក្រ​មិនអាច​ដំណើរការបាន អញ្ចឹង​គាត់​លែង​កម្មុង (​បញ្ជា​ទិញ​) ពី​ស្រុក​ខ្មែរ តម្លៃ​ថ្លៃ​ក៏​ដូចគ្នា​ដែរ​គាត់​លែង​ទិញ ពី​ស្រុក​ខ្មែរ អត់​មាន​ខ្សែ​ដែល​ចង​អ្នកបញ្ជា​ទិញ​ឲ្យ​ទិញ​ពី​ស្រុក​ខ្មែរ​ទេ​”​។​

ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក អាត់ ធន់ មានប្រសាសន៍ថា លោក​មិន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នោះ​ទេ ដោយ​លោក​ថា អ្នក​បញ្ជា​ទិញ​តែង​គាំទ្រ​ច្បាប់​ណា​គោរព​សិទ្ធិសេរីភាព​សហជីព និង​កម្មករ​។ លោក​បន្ដថា នៅក្នុង​ប្រទេស​កម្ពុជា ឧបសគ្គ​ក្នុង​វិស័យ​កាត់ដេរ​គឺ​ករណី​ថៅកែ​រោងចក្រ​គាបសង្កត់​ទៅលើ​កម្មករ​ទៅ​វិញ​នោះ​ទេ មិនមែន​ករណី​ច្បាប់​សហជីព និង​ករណី​ប្រាក់​ឈ្នួល​កម្មករ​នោះ​ឡើយ​។​

លោក អាត់ ធន់ មានប្រសាសន៍ថា​៖ "​បញ្ហា​លក្ខខណ្ឌ​ការងារ​នៅក្នុង​ស្រុក​ខ្មែរ ​មិនមែ​ន​បញ្ហា​ច្បាប់​សហជីព បញ្ហា​ប្រាក់​ឈ្នួល​ទេ គឺ​បញ្ហា​ថៅកែ​មិន​គោរព​ច្បាប់ ថៅកែ​មិន​គោរព​សិទ្ធិ​កម្មករ នៅពេល​ដែល​កម្មករ​ត​វ៉ា ទៅ​ជា​មិន​គោរព​សិទ្ធិ​គេ ឬ​មិន​បង់​ទូទាត់​ឲ្យគេ ឬ​សង​ទៅតាម​ផ្លូវច្បាប់ បែរ​ជា​ទៅ​ស្នើ​ឲ្យ​បង្កើត​ច្បាប់​(​សហជីព​) ដើម្បី​រឹតបណ្ដឹង​កម្មករ​ទៀត ហើយ​ដល់​ពេល​យើង​(​សហជីព​)​ស្នើ​កុំ​ឲ្យ​បង្កើត​ច្បាប់​រឹតបណ្ដឹង ទៅ​ជា​ថា​អ្នក​បញ្ជា​ទិញ​ហ្នឹង​មិន​ពេញចិត្ត​”​។ 

លោក អាត់ ធន់ បន្ដថា តាម​ឯកសារ​របស់​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ​(ILO) ការនាំចេញ​របស់​ផលិតផល​កាត់ដេរ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​មាន​ការកើនឡើង​ជាង​១០​ភាគរយ ហើយ​ចំនួន​នេះ​នឹង​នៅតែ​បន្ដ​កើនឡើង​ទៀត​នៅក្នុង​ឆមាស​បន្ទាប់​។​

គួរបញ្ជាក់​ថា កាលពី​ពាក់កណ្ដាល​ខែ​សីហា ក្រុម​សហជីព​ជាង​៣០​បាន​យក​លិខិត​ដាក់​ទៅ​ក្រសួង​ការងារ​ជា​ថ្មី​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​នេះ បញ្ចេញ​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព​ចុងក្រោយ ដោយ​អះអាង​ថា​មាត្រា​មួយចំនួន​មិនទាន់​កែ ឬ​លុបចោល​ឲ្យស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព​នេះ​បាន​តាក់តែង​ឡើង​តាំងពី​ឆ្នាំ​២០០៨​។ ច្បាប់​នោះ​មាន​១៧​ជំពូក និង​៩១​មាត្រា ក្នុងនោះ​យ៉ាងតិច​៣០​មាត្រា ត្រូវបាន​សហជីព​ជំរុញ​ឲ្យ​កែ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដែល​មាន​ស្រាប់​ទើប​អាច​ធានា​សិទ្ធិ​សហជីព​និង​កម្មករ​បាន​។​

​ចំណែក​កាលពី​ចុងខែ​សីហា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​កំពុង​ជួបប្រទះ​ការលំបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​និង​ក្នុង​តំបន់ ដោយសារ​តែ​ផលិតភាព​ទាប ចលាចល​ការងារ និង​សម្ពាធ​ប្រាក់​ឈ្នួល​។ GMAC​ក៏​បាន​អះអាង​ថា​កត្តា​សំខាន់ៗ​ដែល​រាំងខ្ទប់​ដល់​ផលិតភាព​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​នោះ​គឺ​កត្តា​ចំនួន​ថ្ងៃ​ឈប់សម្រាក​ច្រើន​និង​តម្លៃ​ថាមពល​អគ្គិសនី​ខ្ពស់​។ សមាគម​បន្តថា​ការចំណាយ​លើ​ថ្លៃ​ថាមពល​អគ្គិសនី​សម្រាប់​រោងចក្រ​នៅ​កម្ពុជា​ខ្ពស់ជាង​វៀតណាម ​និង​ឥណ្ឌូនេស៊ី​១៥០​ភាគរយ ​និង​ខ្ពស់​ជាង​បង់​ក្លា​ដេស​៣៣​ភាគរយ​៕

​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles