Tue, 8 September 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ការបង្ហាញភក្តីភាពស្នេហ៍កើតឡើងដោយចិត្ត និងចិត្ត និងប្រកាសផងថាស្នេហ៍នេះមិនមែនជាស្នេហាលេងសើចនៅចំពោះមុខតុលាការសាលាដំបូងរាជធានីភ្នំពេញបានធ្វើឲ្យលោក អ៊ិន សុភិន ស្ងាត់មាត់ដូចគេចុកដែលមុននោះលោកបានធ្វើសន្និសីទកាសែតផ្អើលអស់ពិភពសិល្បៈតាមវាយលោក ប៉ែន ចំរ៉ុង រឿងស្រឡាញ់កូនស្រី។ ពេលនេះការបញ្ជាក់ពីបងប្រុសលោក ប៉ែន ចំរ៉ុង បានឲ្យដឹងថាគូស្នេហ៍ដ៏ចម្រូងចម្រាស កញ្ញា ភិន សុដាលីស កូនស្រីសំណព្វចិត្តផលិតកម្មមហាង្ស និង ប៉ែន ចំរ៉ុង នឹងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ ២០១៦ ។
ភាពច្របូកច្របល់នៅក្នុងគ្រួសារថៅកែផលិតកម្មមហាហង្សបានកើតកាន់តែខ្លាំងបន្ទាប់លោក អ៊ិន សុភិន ប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៧ ខែសីហា តាមវាយ ប៉ែន ចំរ៉ុង ក្រោយពីចោទថា តារាម្នាក់នេះជាន់ឈ្លីកិត្តិយសគ្រួសារលោក។
ទោះជាយ៉ាងណាក្ដីដុំភ្លើងក្នុងចិត្តលោកហាក់ថមថយកម្ដៅក្រោយពីកូនស្រីសំណព្វចិត្ត និងលោក ប៉ែន ចំរ៉ុង បណ្តើរគ្នាចូលទៅបំភ្លឺនៅមុខតុលាការថាស្នេហាពួកគេទាំងពីរមិនមែនជាស្នេហាលេងសើចគឺកើតឡើងដោយចិត្ត និងចិត្តធ្វើឲ្យលោក អ៊ិន សុភិន និងភរិយា មានវត្តមានទីនោះស្ងាត់មាត់ដូចគេចុក។
ក្រៅពីឃើញកញ្ញា ភិន សុដាលីស ដឹកដៃ ប៉ែន ចំរ៉ុង ទាំងញញឹមពព្រាយទៅចូលរួមខួបកំណើតសង្សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញមិនអាចសុំការបកស្រាយពីលោក អ៊ិន សុភិន និងកូនស្រីនោះបានទេខណៈលោក ប៉ែន ចំរ៉ុង ក៏ដូចគ្នា។ ប៉ុន្តែបងប្រុស លោក ប៉ែន ចំរ៉ុង ដែលទទួលទូរស័ព្ទជំនួសនោះបានអះអាងថា៖ «រឿងប្តឹងប្ដល់ចំពោះប្អូនប្រុសខ្ញុំពេលនេះបានចប់ហើយបន្ទាប់ពីពួកគេទាំងពីរដឹកដៃគ្នាចូលទៅបំភ្លឺក្នុងពាក្យបណ្តឹងនេះរួចហើយ»។
ឆ្លើយឆ្លងជាមួយ ភ្នំពេញប៉ុស្តិ៍ បងប្រុសលោក ប៉ែន ចំរ៉ុង បានប្រាប់ថា៖ «ពេលនេះអ្វីៗប្រសើរឡើងបណ្តើរៗហើយ ហើយពេលនេះបន្ទាប់ពីលោក អ៊ិន សុភិន បន្ធូរឥរិយាបថនោះកិច្ចពិភាក្សាពីគម្រោងជីវិតសម្រាប់អនាគតក្មេងៗនេះក៏ចាប់ផ្តើមហើយដែរគឺចាស់ទុំទាំងសងខាងកំពុងតែឈានទៅរកការមូលមាត់គ្នាសម្រេចថ្ងៃចូលរោងការហ្នឹង»។
គួររំឭកថាប្រកាសក្នុងសន្និសីទកាសែតប្រកាសតាមវាយលោក ប៉ែន ចំរ៉ុង នោះ លោក អ៊ិន សុភិន ធ្លាប់អះអាងថាលោកមិនអាចលើកកូនស្រីឲ្យ ប៉ែន ចំរ៉ុង ទេព្រោះ ប៉ែន ចំរ៉ុង ជាមនុស្សអន់ចរិត និងមានស្រីច្រើននោះ។
លោកក៏បានប្រកាសផងថាបើ ចំរ៉ុង មាន ១ លានដុល្លារថ្លៃបណ្ណាការនោះលោកនឹងព្រមលើកកូនឲ្យ។ សួរនាំពីសំណួរនេះបងប្រុសរបស់ ប៉ែន ចំរ៉ុង បានប្រាប់ថា៖ «រឿងនេះខ្ញុំមិនអាចនិយាយបានទេ។ តែពេលនេះអ្វីៗវាផ្តើមមកភាពប្រសើរអស់ហើយ»។
បន្តពីចមើ្លយសម្រាលបន្ទុកនេះបងប្រុសរបស់តារាសម្ដែងលោក ប៉ែន ចំរ៉ុង ក៏បញ្ជាក់ឲ្យដឹងផងដែរថា៖ «ទំនងនឹងមិនធ្វើពិធីភ្ជាប់ពាក្យទេសម្រាប់ ដាលីស និង ចំរ៉ុង ប៉ុន្តែអាពាហ៍ពិពាហ៍ពួកគេទាំងពីរនឹងលេចចេញនៅដើមឆ្នាំ ២០១៦ ខាងមុខនេះព្រោះថាពេលនេះពួកយើងជាចាស់ទុំបានពិភាក្សាគ្នាបណ្តើរៗពីរឿងនេះហើយ»៕

