ដោយ៖ នួន បូរិន | ថ្ងៃអង្គារ ទី8 កញ្ញា 2015, 03:12 PM
http://vodhotnews.com
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ នៅព្រឹកនេះលើកឡើងថា កម្មករនិយោជិតអាចនឹងធ្វើកូដកម្ម និងបាតុកម្មគ្រប់ពេល ប្រសិនជាការកំណត់ប្រាក់ឈ្នួលអប្បបរមាមិនសមរម្យ។
លោក អាត់ ធន់ លើកឡើងបែបនេះក្នុងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ជាមួយក្រសួងការងារ និងតំណាងនិយោជក។ លោកថា ក្នុងករណីដែលនិយោជកផ្តល់ប្រាក់ឈ្នួលអប្បបរមា មិនសមរម្យតាមភាពជាក់ស្តែងក្នុងសេដ្ឋកិច្ចទីផ្សារដល់កម្មករនិយោជិត នោះកូដកម្ម និងបាតុកម្មនឹងអាចកើតឡើងគ្រប់ពេល។
កន្លងមកសហជីព និងកម្មករនិយោជិតបានធ្វើយុទ្ធនាការផ្សេងៗ ក្នុងការទាមទារប្រាក់ខែគោលឲ្យបានចំនួន១៧៧ដុល្លារ ដោយពួកគេលើកឡើងថាប្រាក់ខែរបស់ពួកគេដែលទាបជាង១៧៧ដុល្លារ មិនអាចចំណាយគ្រប់គ្រាន់សម្រាប់តម្លៃទំនិញលើទីផ្សារដែលតែងកើនឡើងជាលំដាប់នោះទេ។ តែក្រសួងការងារបានសម្រេចដំឡើងប្រាក់ឈ្នួលគោលដល់កម្មករនិយោជិតក្នុងឆ្នាំ២០១៥ ត្រឹម១២៨ដុល្លារ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។
សម្រាប់ប្រធានសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ ស៊ូអៀង លើកឡើងថា ការផ្តល់ប្រាក់ឈ្នួលអប្បបរមាត្រូវតែឆ្លុះបញ្ចាំងនូវកម្រិតសេដ្ឋកិច្ចទីផ្សារ ស្របទៅនឹងជីវភាពរស់នៅរបស់កម្មករនិយោជិត ដើម្បីឲ្យនិយោជកអាចផ្តល់ប្រាក់ឈ្នួលបានសមស្រប ជាជាងការផ្តល់តាមផ្លូវនយោបាយ។
ក្នុងសិក្ខាសាលានោះដែររដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង មានប្រសាសន៍ថា ភាគីនិយោជិត និងនិយោជកត្រូវគោរព និងអនុវត្តច្បាប់ជាជាងការធ្វើបាតុកម្មដែលធ្វើឲ្យខូចប្រយោជន៍ទាំងសងខាង។
ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ទាំងក្រសួងការងារ សហជីព និងភាគីនិយោជកបានជួបប្រជុំចំនួន៣ដងមកហើយ ប៉ុន្តែមិនទាន់អាចកំណត់ពីចំនួនជាក់លាក់នៅឡើយ។ ទោះជាយ៉ាងណាភាគីទាំងបីបានសម្រចបើកកិច្ចប្រជុំចុងក្រោយក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា នាខែតុលានេះ ដើម្បីប្រកាសចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com
