ឥណ្ឌា​សន្យា​ឈប់​សង់​ប្រាសាទ​របស់​ខ្លួន​តាម​រចនាបទ​អង្គរវត្ត​របស់​ខ្មែរ

ដោយ ថា កិត្យា
2015-09-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

Naveen Srivastara 620
លោក ណាវីន ស្រ៊ីវ៉ាស្ត្រា (Naveen Srivastara) (ឆ្វេង) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា និង​លោក ហោ ណាំហុង (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​ជំនួប​នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Tha Kitya


ក្រុមហ៊ុន​ឯកជន​របស់​ប្រទេស​ឥណ្ឌា សម្រេច​ផ្អាក​ការ​សាងសង់​ប្រាសាទ​ដែល​យក​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ការ​ផ្អាក​នេះ នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា ចេញ​មុខ​អន្តរាគមន៍​តាម​ការ​តវ៉ា​ទាមទារ​របស់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​ទៅ។

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ឥណ្ឌា ប្រចាំ​កម្ពុជា លោក ណាវីន ស្រ៊ីវ៉ាស្ត្រា (Naveen Srivastara) សន្យា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ក្នុង​ជំនួប​សម្ដែង​ការ​គួរ​សម​នា​ទីស្ដីការ​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា ថា ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀត្រាស់ (MAHAVIR MANDIR TRUST) យល់ព្រម​កែប្រែ​រចនាបថ​មិន​យក​លំនាំ​តាម​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សន្ទរី មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​បិទ​ទ្វារ​នោះ​ថា រដ្ឋាភិបាល​ឥណ្ឌា បាន​យល់​ច្បាស់​អំពី​តម្លៃ​ខាង​វប្បធម៌ និង​តម្លៃ​ខាង​ប្រវត្តិសាស្ត្រ​របស់​ប្រាសាទ​អង្គរវត្ត​កម្ពុជា។ ដូច្នេះ រដ្ឋាភិបាល​ឥណ្ឌា សន្យា​ថា​នឹង​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​ខ្លួន បន្ត​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​នោះ​ទេ៖ «រដ្ឋាភិបាល​ឥណ្ឌា បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឥណ្ឌា ធ្វើ​ការ​ប្ដូរ​រចនាបថ ដើម្បី​កុំ​ឲ្យ​ប្រាសាទ​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​នោះ យក​លំនាំ​តាម​ប្រាសាទ​អង្គរវត្ត​កម្ពុជា គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ខុស​គ្នា»

ការ​ចេញ​មុខ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ឥណ្ឌា នៅ​ពេល​នេះ គឺ​នៅ​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការ​បរទេស​ឥណ្ឌា ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា កន្លង​ទៅ។

បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​សរសេរ​ថា ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀត្រាស់ មាន​ឈ្មោះ​ថា វីរ៉ាត់ រ៉ាម៉ាយ៉ាន់ ម៉ាន់ឌៀ (Viraat Ramayan Mandir) ដែល​នឹង​ត្រូវ​សាងសង់​កម្ពស់​ជាង ១១៥​ម៉ែត្រ ជាមួយ​កំពូល​ប៉ម ១៨ លើ​ផ្ទៃ​ដី ២០០​ហិកតារ ដោយ​ចំណាយ​ថវិកា​ប្រហែល ៧៨​លាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​សាងសង់​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​ខ្មែរ ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​តម្លៃ​មនុស្ស​ជាតិ​លេច​ធ្លោ​ជា​សកល។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ កម្ពុជា នឹង​នៅ​តែ​បន្ត​តាម​ដាន​ចំពោះ​ករណី​នេះ​បន្ត​ទៅ​ទៀត ថា​តើ​ក្រុមហ៊ុន​ឥណ្ឌា អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន​បាន​ប៉ុណ្ណា?

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ដាក់​ប្រាសាទ​ទាំងឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំង​មូល ព្រម​ទាំង​បរិវេណ និង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​អង្គរ ដែល​មាន​ទំហំ​ប្រមាណ​ជាង ៤០០​គីឡូ​ម៉ែត្រ​ការ៉េ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩២។ ប្រាសាទ​បុរាណ​នេះ រក​ចំណូល​ឲ្យ​កម្ពុជា បាន​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ តាម​រយៈ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles