ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃអង្គារ ទី8 កញ្ញា 2015, 08:45 AM
http://vodhotnews.com
មុនបញ្ជូនស្វាមីទៅកាន់ប្រទេសវៀតណាមដើម្បីព្យាបាល ភរិយារបស់តារាចម្រៀងលោក សួស សងវាចា បានថ្លែងប្រាប់ថា ស្ថានភាពជំងឺរបស់ស្វាមីគឺមានបញ្ហាជាច្រើន ដោយក្រុមគ្រូពេទ្យក៏បានបង្ហាញឲ្យឃើញខ្លាចលោកនឹងពិបាកគេចពីពិការភាព បើទោះជាបានឆ្លងផុតការវះកាត់។ យ៉ាងណាក៏ដោយ អ្នកស្រីជាភរិយាថា មានអារម្មណ៍ធូរទ្រូង បន្ទាប់ពីមានសប្បុរសជនបានផ្ដល់ការជ្រោមជ្រែងជួយឲ្យអ្នកស្រីអាចបញ្ជូនស្វាមីទៅវះកាត់ដល់ប្រទេសវៀតណាម។
អ្នកស្រី វ៉ាន់ សុភា ភរិយារបស់លោកសួស សងវាចា ថ្លែងប្រាប់ VOD កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែកញ្ញា ប៉ុន្មានម៉ោងមុនចេញទៅប្រទេសវៀតណាមថា លោក សួស សងវាចា មិនមានតែបញ្ហាឈាមកកក្នុងខួរក្បាលមួយមុខនោះទេគឺមានជំងឺច្រើនទៀត ទើបធ្វើឲ្យអ្នកស្រីបារម្ភខ្លាចស្វាមីមានបញ្ហាពិការភាព បន្ទាប់ពីត្រូវកម្រើកខ្លួនលែងបានក្នុងពេលបញ្ជូនចូលពេទ្យជោរ៉ៃនៅភ្នំពេញនោះ។ អ្នកស្រីមានប្រសាសន៍ថា មុនពេលកម្រើកខ្លួនអត់បានមួយចំហៀង លោក សួស សងវាចា មិនមានអាការៈដួលបោកក្បាលនោះទេ ប៉ុន្តែមកពីសម្ពាធឈាមច្រាលបុកទៅកាន់ខួរក្បាល ទើបបណ្ដាលឲ្យមានឈាមកកទៅបំផ្លាញប្រព័ន្ធប្រសាទក្នុងខួរក្បាល ហើយបណ្ដាលឲ្យលោកកម្រើកខ្លួនមិនបាន មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អ្នកស្រី វ៉ាន់ សុភា មានប្រសាសន៍ថា៖ "ក្រោយពីគ្រូពេទ្យថតមើលខួរក្បាល គាត់មានឈាមកកក្នុងក្បាល ប៉ុន្តែនោះមិនមែនជាបញ្ហាតែម្យ៉ាងដែលខ្ញុំត្រូវបារម្ភនោះទេ គឺមានបញ្ហាច្រើនទៀត ព្រោះប៉ុន្មានឆ្នាំហ្នឹង គាត់មានជំងឺកៀបសរសៃត្រង់ចង្កេះ បណ្ដាលឲ្យគាត់មានអាការៈចុកចាប់ អង្គុយឬឈរយូរអត់បានទេ អាហ្នឹងក៏ខាងពេទ្យបារម្ភខ្លាចគាត់ពិការដែរ"។ អ្នកស្រីបញ្ជាក់ថា លោក សួស សងវាចា មានបញ្ហាឆ្អឹងត្រគាក និងកៀបសរសៃដែលតម្រូវឲ្យមានការព្យាបាលយូរមកហើយ ប៉ុន្តែមកពីក្រុមគ្រួសារមិនសូវធូរធារ ទើបចេះតែទ្រាំលេបថ្នាំ និងចាក់ថ្នាំនៅពេលសភាពជំងឺនេះធ្វើទុក្ខម្ដងៗ។
អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា៖ "មុនធ្លាក់ខ្លួនកម្រើកមួយចំហៀងខ្លួនអត់កើតហ្នឹង គាត់ធ្វើទុក្ខចង្កេះចូលពេទ្យច្រើនដងហើយ អញ្ចឹងហើយទើបខ្ញុំភ័យមែនទែន នៅពេលថតឃើញថាគាត់មានឈាមកកក្នុងខួរក្បាល ហើយថែមទាំងកម្រើកខ្លួនអត់បានមួយចំហៀងខ្លួនអញ្ចឹង"។ មុនចាកចេញទៅវៀតណាម អ្នកស្រីប្រាប់ថា លោក សួស សងវាចា មិនត្រូវបានក្រុមគ្រូពេទ្យធានាពីឱកាសជាដូចដើម១០០%នោះទេ ដរាបណាលទ្ធផលវះកាត់មិនទាន់លេចចេញលទ្ធផល។ លោកត្រូវក្រុមគ្រួសារបញ្ចូនចេញទៅកាន់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ដោយមិនទាន់មានសេចក្ដីរាយការណ៍ថាបានវះកាត់ ឬមានស្ថានភាពបែបណានៅឡើយទេ។

លោក សួស សងវាចា កាលស្នាក់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ មុនបញ្ជូនទៅវៀតណាម (រូបពីហ្វេសប៊ុក)
អ្នកស្រី វ៉ាន់ សុភា ក៏បានឲ្យដឹងដែរថា ការសម្រេចចិត្តបញ្ជូនចេញគឺបន្ទាប់ពីខាងពេទ្យជោរ៉ៃនៅភ្នំពេញ មើលឃើញពីស្ថានភាពឈាមកកក្នុងខួរក្បាល និងបញ្ហាកៀបសរសៃឈាមធ្ងន់ធ្ងរនៅត្រង់ចង្កេះរបស់ស្វាមី ដែលនឹងអាចបណ្ដាលឲ្យលោកពិការបានគ្រប់ពេល។ យ៉ាងណាមិញ នេះមិនមែនជាជំងឺតែម្យ៉ាងដែលធ្វើឲ្យអ្នកស្រីភ័យបារម្ភនោះទេ ដ្បិតលោក សួស សងវាចា នៅមានអាការៈដែលធ្លាប់ធ្វើទុក្ខមួយទៀត។ អ្នកស្រីមានប្រសាសន៍ថា៖ "ក្រៅពីមានបញ្ហាឈាមកកក្នុងខួរក្បាល និងបញ្ហានៅត្រង់ចង្កេះធ្ងន់ធ្ងរហើយនោះ បង(សួស សងវាចា)គាត់ឧស្សាហ៍ក្ដៅហើយសន្លប់ៗម្ដងៗដែរ ប៉ុន្តែអត់ដឹងថាគាត់កើតអីទេ អញ្ចឹងហើយទើបខ្ញុំអស់ស្រឡះចិត្តទេអូន នៅពេលឃើញគាត់កម្រើកខ្លួនមួយចំហៀងអត់បាន ហើយមុនហ្នឹងក៏ធ្លាប់ត្រូវក្រុមគ្រូពេទ្យព្រមានថា បើចេះតែទុកគាត់អញ្ចឹង ប្រយ័ត្នមានបញ្ហាពិការនោះ"។ អ្នកស្រីប្រាប់ថា លោកសួស សងវាចា មានស្មារតីនឹងន៎ជាធម្មតានោះទេ បើទោះជាលោកមិនអាចកម្រើកខ្លួនបានមួយចំហៀង ប៉ុន្តែនិយាយស្ដីមានសភាពគ្រលរៗ ខុសប្លែកពីមនុស្សធម្មតា។
ក្រោយដឹកបញ្ជូនទៅកាន់ប្រទេសវៀតណាម ទូរស័ព្ទគ្រប់ខ្សែរបស់លោកមិនអាចទាក់ទងបានទេ ខណៈដែលកញ្ញា សុន ស្រីពេជ្រ ដែលតាមដានរឿងនេះ ក៏អះអាងថាមិនទាន់បានទទួលដំណឹងថ្មីពីលោក សួស សងវាចា ដូចគ្នា។
អ្នកស្រី វ៉ាន់ សុភា បានយំរៀបរាប់មុនចេញទៅប្រទេសវៀតណាមថា ស្វាមីរបស់ខ្លួនមានជំងឺប្រចាំកាយបីប្រភេទ គឺលើសឈាម ឡើងជាតិស្ករ ត្បៀតសរសៃត្រង់ចង្កេះ និងមានអាការៈឧស្សាហ៍ឡើងកំដៅបណ្ដាលឲ្យសន្លប់ មុននឹងមានសភាពធ្ងន់ធ្ងរកម្រើកមួយចំហៀងខ្លួនលែងបាន ព្រោះតែឈាមកកក្នុងសរសៃឈាម មុនដឹកចេញទៅវៀតណាមនោះ។ អ្នកស្រីប្រាប់ថា លោកមានវ័យ៥០ឆ្នាំ និងជាតារាចម្រៀងដែលមិនសល់ប្រាក់ធំដុំ ក្រៅពីអាចចិញ្ចឹមកូនទាំង៣ ឲ្យបានរៀនសូត្រទាំងលំបាកនោះទេ៕
សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
