​​មនុស្ស​យ៉ាងតិច៥នាក់ស្លាប់ ដោយ​សារ​ឆេះក្លឹបកម្សាន្ត​​នៅ​ចាក់អង្រែក្រោម​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com


អគ្គិភ័យនៅក្លឹបកម្សាន្តឃីនៅចាក់អង្រែក្រោម (រូបថត​ដោយ​ប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន)


មន្រ្តីជំនាញ​ខាង​អគ្គិភ័យ​​ឲ្យ​ដឹង​ថា​មនុស្ស​យ៉ាងតិច៥នាក់បានស្លាប់​នៅក្នុង​ហេតុការណ៍​​​ឆេះ​ក្លឹបកម្សាន្ត​មួយ នៅក្នុង​ភូមិទួលរកា សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​យប់ថ្ងៃ​ចន្ទ ដែល​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​លើ​សុវត្ថិភាព​នៅ​តាម​បណ្តាក្លឹប​កម្សាន្ត​ពេល​រាត្រី​ផ្សេង​ទៀត។​

ហេតុការណ៍នេះ​បាន​កើតឡើង​នៅ​ម៉ោង​ជាង​៨យប់ នៅក្នុង​ក្លឹបកម្សាន្ត​មួយ​ឈ្មោះឃី តាម​បណ្តោយផ្លូវ​ជាតិ​លេខ​២។

ប្រធាន​ការិយា​ល័យនគរបាល​​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​ដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ  លោក នេត វណ្ណថា ប្រាប់វីអូឌី(VOD)នៅព្រឹក​ថ្ងៃ​អង្គារនេះ​ថា​រហូត​មក​ដល់​ពេលនេះ មនុស្ស​៥នាក់ដែល​ជា​ស្រ្តីបម្រើ​ការ​នៅក្នុង​ក្លឹប​កម្សាន្តនោះ​បាន​ស្លាប់ ហើយ​បុរស២នាក់​បាន​រង​របួស​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ លោក​បន្ត​ថា​បើ​តាម​ជន​រងគ្រោះ​សម្រាកនៅមន្ទីរពេទ្យ ភ្លើង​ឆេះ​បាន​ចាប់ផ្តើម​ពី​កន្លែង​ចាក់ភ្លេង​របស់​ឌីជេ។ លោក​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា​តើ​មូល​ហេតុ​នៃ​អគ្គិភ័យនោះ​បណ្តាល​មក​ពី​អ្វី​នោះទេ។

​ប្រភពនៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​កាលពីយប់​ថ្ងៃ​ចន្ទ​ថា​ការសន្និដ្ឋាន​ដំបូង​នៃ​​អគ្គិភ័យនោះ​ដោយ​សារ​ឆ្លងចរន្តអគ្គិសនី​។​

លោក នេត វណ្ណ ឲ្យ​ដឹង​ទៀត​ថាសមត្ថកិច្ច​ជំនាញ​កំពុង​តែ​ដោះ​ស្រាយ​ហានិភ័យ​នៃ​អគ្គិភ័យ​នៅកន្លែង​តូចចង្អៀតក្នុង​រាជធានីភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​នានា ប៉ុន្តែ​លោក​ថា​មិន​ទាន់​មាន​ចំណាត់​ការ​ណាមួយច្បាស់​លាស់​ទាក់​ទង​នឹង​ក្លឹបកម្សាន្ត​ពេល​យប់នោះទេ។ លោក​បញ្ជាក់​បន្ថែមមន្រ្តី​ជំនាញ​បាន​ណែនាំ​អាជ្ញាធរ​ខណ្ឌ​ឲ្យ​ជួយ​ពិនិត្យ​មើល​បញ្ហា​ទាំងនេះ។​

គួរ​រំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ​២០១៣ ​ក្លឹប​កម្សាន្តឃីនេះបាន​ឆេះ​ម្តង​រួចមក​ហើយ​ ដែ​ល​បណ្តាល​​ឲ្យ​មនុស្ស​​៣នាក់​ស្លាប់។

គួរ​បញ្ជាក់​ថា កាលពីខែមីនា ឆ្នាំ​២០១៥ មនុស្ស​​៥​នាក់​បាន​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​មួយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ចំណែកកាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ក្លឹប​កម្សាន្ត​មាន​យីហោ​ហ៊ី​ប​ហប នៅ​ក្រុង​សៀមរាប ដែល​បណ្តាលឲ្យ​មនុស្ស​៦​នាក់​ស្លាប់និង​២​នាក់​រងរបួស៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles