ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ​ប្រមាណ​៦០​នាក់​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2015-09-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដីធ្លី បាត់ដំបង ៦២០
ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​ព្រំ​ប្រទល់​ស្រុក​ថ្មគោល ឆ្ពោះ​ទៅ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Hum Chamroeun


ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្រោម​តំណក់​ទឹក​ភ្លៀង​តាម​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​ព្រំ​ប្រទល់​ស្រុក​ថ្មគោល ឆ្ពោះ​ទៅ​សាលា​ខេត្ត​បាត់ដំបង ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ដោះស្រាយ និង​បញ្ឈប់​កោះ​ហៅ​ពួក​គាត់​ឡើង​តុលាការ​បន្ត​ទៀត។

«សំឡេង​ប៉ះ​ទង្គិច​គ្នា​ពេល​តវ៉ា»

ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នៅ​ឃុំ​បឹងប្រាំ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សមត្ថកិច្ច ខណៈ​ក្រុម​អ្នក​តវ៉ា​ដើរ​តាម​ដង​ផ្លូវ នៅ​ចំណុច​មុខ​ប្រៃសណីយ៍ រហូត​ដល់​សាលា​ខេត្ត​បាត់ដំបង។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ សមត្ថកិច្ច​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​នោះ​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​រារាំង​នេះ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​មុខ​សាលា​ខេត្ត​បាត់ដំបង។

ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ថា មូលហេតុ​ដែល​ពួក​គេ​នាំ​គ្នា​តវ៉ា​ក្រោម​តំណក់​ទឹក​ភ្លៀង​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឲ្យ​បាន​ឆាប់ និង​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រពន្ធ​តុលាការ កោះ​ហៅ​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ទៅ​សាកសួរ​នៅ​សាលា​ដំបូង​ខេត្ត​បន្ត​ទៀត៖ «ខ្ញុំ​មក​នេះ​ដើម្បី​ចង់​ជួប​លោក​អភិបាល​ខេត្ត​ជា​លើក​ចុង​ក្រោយ ពីព្រោះ​យើង​មាន​ឯកសារ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដាក់​ជូន​លោក​អភិបាល​ខេត្ត​ដោះស្រាយ​រួច​ហើយ។ តែ​មិន​ការ​ដោះស្រាយ​នោះ គឺ​មាន​តែ​តុលាការ​កោះ​ហៅ​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ​មក​សួរ​នាំ​ទៅ​វិញ ជាពិសេស​អាជ្ញាធរ​ភូមិ-ឃុំ​តែ​ម្ដង សុំ​កុំ​ឲ្យ​ពួក​គាត់​ប្ដឹង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​ទៀត»

ការ​តវ៉ា​នេះ ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទាំង​ភ្លៀង​រលឹម ដោយ​ខ្លះ​មាន​កូន​តូច​ជាប់​នឹង​ដៃ និង​ខ្លះ​ទៀត​ពាក់​អាវ​ភ្លៀង​ដើរ​ពី​ព្រំប្រទល់​ស្រុក​ថ្មគោល រហូត​ដល់​សាលា​ខេត្ត​បាត់ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ ៨​គីឡូ​ម៉ែត្រ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​រង​រដ្ឋបាល​នៃ​សាលា​ខេត្ត​បាត់ដំបង លោក ឆាយ ម៉ាទីណាល់ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ជា​រឿង​របស់​តុលាការ ខាង​សាលា​ខេត្ត​ពុំ​មាន​អំណាច​ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ខ្ញុំ​សួរ​នាំ​ប្រជាពលរដ្ឋ​ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត​ទេ តែ​ការ​សួរ​ប្រជាពលរដ្ឋ​នេះ អាជ្ញាធរ​មិន​បាន​សន្យា​អ្វី​ដល់​ប្រជាពលរដ្ឋ​នោះ​ដែរ ព្រោះ​រឿង​នេះ​ខាង​តុលាការ​កោះ​ហៅ​ប្រជាពលរដ្ឋ មិន​ពាក់ព័ន្ធ​នឹង​សាលា​ខេត្ត​ឡើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី បន្ទាប់​ពី​ការ​តវ៉ា​ប្រមាណ​កន្លះ​ម៉ោង មន្ត្រី​សាលា​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ ជួប​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​មុខ​សាលា​ខេត្ត​រយៈពេល​ប្រមាណ ១​ម៉ោង។ ប្រជាពលរដ្ឋ​អះអាង​ថា មន្ត្រី​សាលា​ខេត្ត​បាត់ដំបង ប្រាប់​ពួក​គាត់​ថា នឹង​នាំ​រឿង​នេះ​ទៅ​ជម្រាប​លោក​អភិបាល​ខេត្ត ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ធ្វើ​ការ​តវ៉ា​នេះ ដោយសារ​ពួក​គាត់​ជួប​ការ​លំបាក​គ្មាន​ដី​ដាំ​ដុះ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។ លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​ពួក​គាត់​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៖ «រឿង​ទំនាស់​នេះ​កាល​ណា​ប៉ះពាល់​អ្នក​មាន​លុយ​ជាង គេ​ប្ដឹង​ប្រជាពលរដ្ឋ​ឡើង​តុលាការ។ បញ្ហា​នេះ​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​តុលាការ​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ ពីព្រោះ​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​នៅ​ឡើយ»

ដីធ្លី​ដែល​ប្រជាពលរដ្ឋ​មាន​ទំនាស់​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង មាន​ទំហំ​ចំនួន​ជាង ១​ពាន់​ហិកតារ (១.០៨០​ហិកតារ)។ ផ្ទៃ​ដី​ទាំង​នេះ កាល​ពី​ឆ្នាំ​១៩៩៧ ជា​ដី​សមាហរណកម្ម​របស់​រដ្ឋាភិបាល សម្រាប់​បែង​ចែក​ឲ្យ​មន្ត្រី​យោធិន​កាត់​រំសាយ​របស់​ប្រជាពលរដ្ឋ​ចំនួន ២២៣​គ្រួសារ មាន​ទំនាស់​គ្នា ដោយសារ​ភាព​មិន​ច្បាស់​ទៅ​លើ​ប្លង់​កម្មសិទ្ធិ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ដែល​ភាគី​ម្ខាង​មាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពី​ក្រោយ​ខ្នង ដែល​ធ្វើ​ឲ្យ​ជម្លោះ​នេះ​អូស​បន្លាយ​មិន​អាច​ដោះស្រាយ​បាន​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក។ ក្រុម​អ្នក​តវ៉ា​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដោះស្រាយ​មិន​ចេញ​ទៀត នោះ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles