ដោយ ដែន អយុធ្យា
2015-09-17
RFA

ឆ្នេរសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Den Ayuthyea
ថ្នាក់ដឹកនាំ និងមន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តជាប់សមុទ្រចំនួន២ គឺខេត្តព្រះសីហនុ និងខេត្តកោះកុង កំពុងពិនិត្យតាមដានស្ថានភាពជំនន់ព្យុះភ្លៀងនាមូលដ្ឋានរៀងៗខ្លួន និងត្រៀមមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដែលអាចជួបគ្រោះអាសន្នណាមួយកើតឡើង។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងលោក ប៊ុន លឺត អភិបាលខេត្តកោះកុង បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ថា ស្ថានភាពទឹកភ្លៀង ឬព្យុះដែលកើតមានប៉ុន្មានថ្ងៃមកនេះ មិនប៉ះពាល់ដល់អាយុជីវិត ឬលំនៅឋានប្រជាពលរដ្ឋធ្ងន់ធ្ងរទេ។
បញ្ហានេះ លោក យន្ត មីន បញ្ជាក់ថា បានប្រកាសដល់មន្ត្រីស្ថាប័នពាក់ព័ន្ធនៅទូទាំងខេត្តព្រះសីហនុ មានកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ អង្គភាពស្ថាប័នពាក់ព័ន្ធ មានមន្ត្រីបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ឬកងទ័ពជើងទឹកជាដើម ឲ្យត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋ ឬភ្ញៀវទេសចរ។
លោកបន្តថា ចាប់តាំងពីថ្ងៃទី១៤ មកដល់ថ្ងៃទី១៧ ខែកញ្ញា មានផ្ទះប្រក់ស័ង្កសីតូចៗមួយចំនួន ត្រូវខ្យល់បក់ប៉ើងដំបូល ប៉ុន្តែត្រូវកម្លាំងកងរាជអាវុធហត្ថ និងនគរបាលស្នងការដ្ឋានខេត្តព្រះសីហនុ បានជួយជួសជុល និងជួយសង្គ្រោះប្រជាពលរដ្ឋ។
បញ្ហានេះដែរ លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បានដាក់ពង្រាយកម្លាំងជំនាញចុះប្រចាំការនៅតាមទីតាំងផ្សេងៗគ្នារហូតដល់មូលដ្ឋាននៅទូទាំងខេត្តព្រះសីហនុ ដើម្បីឃ្លាំមើលស្ថានភាពជំនន់ទឹកភ្លៀង និងត្រៀមជួយសង្គ្រោះដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសនៅស្ពានស្ទឹងសំរោង ស្រុកកំពង់សីលា តាមបណ្តោយផ្លូវជាតិលេខ៤ ដែលអាចត្រូវទឹកជន់លិចផ្លូវជាតិ។
ផ្ដើមពីបញ្ហានេះ លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវប្រុងប្រយ័ត្នពីស្ថានភាពព្យុះភ្លៀងកំពុងវាយលុកខេត្តជាប់សមុទ្រមួយនេះ។ យ៉ាងនេះក្តី លោកអះអាងថា មិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិត ឬមានជំនន់ជន់លិចលំនៅឋានប្រជាពលរដ្ឋធ្ងន់ធ្ងរ ដោយសារជំនន់ព្យុះភ្លៀងនេះទេ គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា។ ជាងនេះ ទូកនេសាទ និងទូកដឹកភ្ញៀវទេសចរទៅកម្សាន្តតាមកោះ ត្រូវសមត្ថកិច្ច នគរបាល និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ចុះហាមឃាត់មិនឲ្យចេញធ្វើសកម្មភាពទេ ចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញា មកម្ល៉េះ ដើម្បីរក្សាសុវត្ថិភាព។ ត្រង់ចំណុចនេះ លោក ជួន ណារិន បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអាជ្ញាធរហាមមិនឲ្យធ្វើដំណើរទៅសមុទ្រ ដោយសារបារម្ភសុវត្ថិភាព។
មេឃុំកែវផុស លោក នង ឌីណារ៉ា បានឲ្យដឹងដែរថា ដោយសារតែអាកាសធាតុមិនអំណោយផល ឬមានព្យុះភ្លៀង នាំឲ្យកំពង់ផែកែវផុស ត្រូវផ្អាកសកម្មភាពលើកដាក់ទំនិញជាបណ្ដោះអាសន្ន។
ដោយឡែកនៅខេត្តកោះកុង ឯណោះវិញ លោក ប៊ុន លឺត អភិបាលខេត្តនេះបានអះអាងប្រាប់វិទ្យុអាស៊ីសេរី ថា ស្ថានភាពទឹកជំនន់មិនធ្ងន់ធ្ងរទេ ប៉ុន្តែអាជ្ញាធរខេត្តនេះបានហាមភ្ញៀវទេសចរ ពិសេសអ្នកនេសាទមិនឲ្យចុះទូកនេសាទសមុទ្រ ឬទៅកម្សាន្តតាមកោះនោះទេ ព្រោះព្យុះភ្លៀងមានរលកធំៗប៉ុន្មានថ្ងៃមកនេះ។ លោកថា មានផ្ទះប្រក់ស័ង្កសីតូចៗរបស់ប្រជាពលរដ្ឋចំនួន ៣ខ្នងនៅស្រុកកោះស្ដេច ត្រូវខ្យល់ព្យុះប៉ើងដំបូល ប៉ុន្តែមិនមានពលរដ្ឋរងរបួសទេ។
ទាក់ទិនបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះមួយមានប្រភពមកពីសមុទ្រចិនខាងត្បូង។ ព្យុះនេះនឹងជះឥទ្ធិពលដល់កម្ពុជា បង្កឲ្យផ្ទៃមេឃមានពពកច្រើនដេរដាស និងមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា។ លើសពីនេះទៀត នឹងបង្កឲ្យបណ្ដារាជធានី-ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និងខេត្តសៀមរាប ប្រឈមជំនន់ទឹកភ្លៀង។
ផ្ដើមពីបញ្ហានេះ ប្រកាសរបស់ក្រសួងធនធានទឹក បានស្នើដល់ប្រជាពលរដ្ឋរស់នៅតំបន់ខ្ពង់រាប ឬនៅជាប់សមុទ្រ មានអ្នកនេសាទ និងភ្ញៀវទេសចរទៅកម្សាន្តតាមសមុទ្រជាដើម ត្រូវផ្អាកសកម្មភាពចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ដើម្បីការពារសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ការពារព្រៃឈើជាំពេនខេត្តព្រះវិហារថាមានអ្នកលួចចូលកាប់ឈើខុសច្បាប់
- ក្រសួងបរិស្ថានគ្រោងបញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុនៅកម្រិតថ្នាក់មត្តេយ្យសិក្សា
- អាជ្ញាធរមិនទាន់ប្រកាសអាសន្នករណីជំនន់ទឹកភ្លៀងនៅខេត្តកំពត
- ពលរដ្ឋជាង១.៥០០គ្រួសារក្នុងស្រុកទឹកឈូកំពុងរងគ្រោះដោយទឹកជំនន់
- ប្រធានសហគមន៍ការពារព្រៃឈើខេត្តរតនគិរីអះអាងថាចង់លាលែងពីតំណែង
- ក្រសួងធនធានទឹកប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង
- ពលរដ្ឋថាសកម្មភាពជីករ៉ែមាសខុសច្បាប់៣កន្លែងបន្តកើតមានឡើងវិញនៅខេត្តរតនគិរី
- អភិបាលថ្មីខេត្តព្រះសីហនុបង្កើតក្រុមការងារចម្រុះពិនិត្យសកម្មភាពជីកដីភ្នំនិងលុបអូរ
- គណៈកម្មការទី៣រដ្ឋសភាប្រតិកម្មនឹងរដ្ឋសភាឡាវអនុម័តគម្រោងសង់ទំនប់ដនសាហុង