ដោយ៖ សាន សែល | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015, 04:19 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ថ្លែងប្រាប់ VOD ថា ខេត្តនៅតាមជាប់មាត់សមុទ្រដូចជា ខេត្តកំពត និងខេត្តព្រះសីហនុ កំពុងមានភ្លៀងធ្លាក់ខ្លាំង ដោយទទួលរងរងឥទ្ធិពលខ្យល់ព្យុះដែលបក់មកពីប្រទេសវៀតណាម។
លោក ចាន់ យុត្ថា ណែនាំឲ្យប្រជានេសាទសមុទ្រ និងអ្នកចង់ទៅកម្សាន្តនៅតាមបណ្តាកោះ គួរផ្អាកសកម្មភាពរហូតដល់ថ្ងៃទី១៨ ខែកញ្ញា រង់ចាំទឹកស្រកដើម្បីចៀសផុតពីគ្រោះថ្នាក់នានា។
អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះប្រាប់បន្ថែមថា ស្ថានភាពទឹកជំនន់នៅតាមខេត្តជាប់មាត់ទន្លេ មិនមានស្ថានភាពធ្ងន់ធ្ងរដែលគំរាមដល់ជីវិតប្រជាជននោះទេ។ ក៏ប៉ុន្តែ លោកបានដាស់តឿនដល់អ្នកដែលរស់នៅជាប់តំបន់ភ្នំក្រវាញ និងភ្នំដងរែង ឲ្យបន្ថែមការប្រុងប្រយ័ត្ន ដោយសារកម្រិតទឹកភ្លៀងនៅតំបន់ភ្នំ នឹងកើនឡើង ដែលអាចបណ្តាលកម្ពស់ទឹកស្ទឹងឡើងខ្ពស់អតិបរមា។
ចំណែកអ្នកនាំពាក្យគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ឲ្យដឹងថា ទឹកជំនន់នៅឃុំចំនួនប្រាំ ក្នុងស្រុកទឹកឈូ ខេត្តកំពត មានសភាពធ្ងន់ធ្ងរជាងគេ បើប្រៀបធៀបទៅនឹងកន្លែងផ្សេងទៀត។ លោកបញ្ជាក់ថា មានប្រជាជនប្រមាណ៣៦០០គ្រួសាររងគ្រោះ ហើយដីស្រែប្រហែល១៥០០ហិកតាត្រូវលិចលង់។
នៅម៉ោង៣រសៀល ថ្ងៃទី១៧ ខែកញ្ញានេះ ស្ថានភាពទឹកជំនន់នៅខេត្តកំពតមានសភាពធូរស្រាល ដោយទឺកស្រកចុះប្រមាណ២ ទៅ៣តឹក ក៏ប៉ុន្តែផ្ទៃមេឃមានសភាពអាប់អួរ ហើយមានមេឃខ្មៅ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃទី១៤ ដល់១៨ ខែកញ្ញា ប្រទេសកម្ពុជារងសម្ពាធទាបពីសមុទ្រចិនភាគខាងត្បូង ដែលបណ្តាលឲ្យផ្ទៃមេឃនៅមាត់សមុទ្រ និងលើផ្ទៃសមុទ្រមានសភាពអាប់អួរ និងមានភ្លៀង ព្រមទាំងខ្យល់បក់បោកខ្លាំង។ រលកកម្ពស់ទឹកសមុទ្រ អាចកើនឡើងពីចន្លោះ១ម៉ែត្រ ទៅ២ម៉ែត្រកន្លះ។
បើតាមសេចក្តីជូនដំណឹង តំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀងរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ និងខេត្តសៀមរាប៕
សូមសរសេរមកលោក សាន សែល តាមរយៈ sel@vodhotnews.com
