​ស្ត្រី​ខ្មែរ​៥​នាក់​ទៀត​ដែល​ចាញ់បោក​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015, 04:02 PM​
http://vodhotnews.com

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ឲ្យដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​អន្តរាគមន៍​ជួយ​ស្ដ្រី​ខ្មែរ​រងគ្រោះ​៥​នាក់​ទៀត​ដែល​ចាញ់បោក​មេខ្យល់​យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យដឹងថា ស្ត្រី​ទាំង​៥​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នោះ​សុទ្ធតែ​បាន​រង​ការ​វាយ​ធ្វើបាប​ពី​ប្តី​ជនជាតិ​ចិន​របស់​ពួកគេ​។ ស្ត្រី​៣​នាក់​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម និង​ស្ត្រី​២​នាក់​ទៀត​មាន​ស្រុកកំណើត​នៅ​ខេត្ត​កណ្ដាល​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ស្ត្រី​ខ្មែរ​រងគ្រោះ​ទាំង​៥​នាក់​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃស្អែក វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​តាម​ជើងយន្តហោះ​MH754​។​

​ក្រសួងការបរទេស​ឲ្យដឹង​ដែរថា ករណី​ស្ដ្រី​ខ្មែ​ររៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន និង​ត្រូវបាន​ប្តី​វាយ​ធ្វើបាប ហើយ​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា អន្តរាគមន៍​ជួយសង្គ្រោះ អោយ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន​កើតឡើង​សឹងតែ​ជា​រៀងរាល់ថ្ងៃ​។ ក្រសួងការបរទេស​បន្តថា ក្រសួង ធ្លាប់​បាន​អញ្ជើញ​សាមីខ្លួន​ដែល​បាន​ដាក់​ពាក្យសុំច្បាប់​អនុញ្ញាត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​មក​ជម្រាប​ជូន​ពី​ហានិភ័យ​ដែល​បាន និង​កំពុង​កើតមាន​ចំពោះ​ស្ដ្រី​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ន​ដើម្បី​ពួកគេ​បានដឹង ក្នុង​គោលបំណង​ឲ្យធ្វើ​ការ​ត្រិះរិះ​ពិចារណា​អោយបាន​ហ្មត់ចត់​។​

​ក្រសួងការបរទេស​បន្ថែមទៀតថា ក្រសួង​តែងតែ​ធ្វើ​ការអំពាវនាវ​ជា​ញឹកញាប់​ដល់​មាតា​បិតា អាណាព្យាបាល និង​ស្ត្រី​ខ្មែរ​ដែល​ជា​ជន​ងាយ​រងគ្រោះ​ឲ្យ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​ចំពោះ​បញ្ហា​នេះ ហើយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​លួងលោម ភូតកុហក ឆបោក អូសទាញ បញ្ជុះ​បញ្ជូ​លរបស់​ពួកមេ​ខ្យល់ដែល​មានគំនិត​ទុច្ចរិត​ទាំងនោះ​។​

​នាយិកា​អង្គការ​សីល​ការ លោកស្រី ធីតា ឃឺះ បាន​មានប្រសាសន៍​នា​ពេល​កន្លងមក​ថា ស្ត្រី​ជនរងគ្រោះ​ទាំង​នោះ​សុខចិត្ត​ប្រថុយប្រថាន​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ទាំងនោះ ដោយសារតែ​ជីវភាព​ក្រីក្រ​។ លោកស្រី​បន្ត​ថា មេខ្យល់​តែងតែ​ប្រើ​កលល្បិច​បោក​បញ្ឆោត​អំពី​ការ​បាន​អត្ថប្រយោជន៍​ច្រើន​ក្រោយពេល​រៀបការ ដែល​ជា​កត្តា​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​ដែល​ក្រីក្រ​ងាយ​នឹង​ជឿ​លើ​ការ​បោក​បញ្ឆោត​ទាំងនោះ​។​

​លោកស្រី ធីតា ឃឹះ បន្តទៀតថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​និង​ការ​ឆបោក​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ច្រើន​បន្ថែមទៀត និង​ត្រូវមាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ដល់​ជនល្មើស​ឲ្យបាន​តឹងរ៉ឹង​។​

​គួរបញ្ជាក់​ថា កាលពី​សប្ដាហ៍​មុន ស្ដ្រី​ខ្មែរ​រងគ្រោះ​ចំនួន​៥​នាក់​ដែល​ចាញ់បោក​មេខ្យល់​យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ត្រូវ​បាន​ជួយសង្គ្រោះ​ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ សុន្ទ​រី រយៈពេល​៨​ខែ ក្នុង​ឆ្នាំ​២០១៥​នេះ ក្រសួង​បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​រៀបការ​ជាមួយ បុរស​ជនជាតិ​ឲ្យ​វិល​មក​កម្ពុជា​វិញ​បាន​ចំនួន​៦៩​នាក់​។ ដោយឡែក​ក្នុង​ករណី​ថ្មី​ក្នុង​ខែកញ្ញា​នេះ​ទៀត ចំនួន​ស្ត្រី​ខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​និង​បាន​ជួយ​សង្គ្រោះ​មក​កម្ពុជា​វិញ​នឹង​ឡើង​ដល់​ចំនួន​៧៩​នាក់​៕

សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

What Next?

Recent Articles