ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​៤ទៀត​ត្រូវ​បន្ថយ​រយៈ​ពេល​វិនិយោគមក៥០ឆ្នាំ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com


មន្រ្តីក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​សម្រេច​បន្ថយ​រយៈ​ពេល​វិនិយោគ​របស់ក្រុមហ៊ុនដីសម្បទាន​សេដ្ឋកិច្ច​ចំនួន​​៤​ទៀត​ មក​ត្រឹម​៥០ឆ្នាំ ដោយ​កាត់បន្ថយ​ពី៧០ឆ្នាំ​ឬ​៩០ឆ្នាំ។​

នាយខុទ្ទ​កាល័យ​ក្រសួង​បរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប្រាប់វីអូឌីនៅព្រឹកថ្ងៃ​សុក្រនេះ​ថា​ក្រោយ​ពី​​ប្រជុំអន្តរក្រសួង​កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ទៀត​​(៣នៅខេត្ត​សៀមរាប​និង​១នៅបន្ទាយមានជ័យ​)បន្តនីតិវិធីក្នុង​ការ​អភិវឌ្ឍ(ស្ថិតនៅក្រោម​ការ​តាមដាន​) តែ​បន្ថយ​ការ​វិនិយោគមកត្រឹម​៥០ឆ្នាំ។ លោក​បន្ត​ថា​បើ​តាម​លោក​ដឹង ក្រុមហ៊ុន​ចំនួន​៣​គ្រប់គ្រង​ដោយ​ខ្មែរ​និង​១​មាន​ការ​ចូល​រួម​ពី​បរទេស​ទេស។ លោក​បន្ត​ថា​ក្រុមហ៊ុន​ទាំង៤នោះ​មាន​ទំហំដីមិន​តិច​ជាង​២ម៉ឺនហិកតានោះទេ ហើយ​ដាំដំណាំកសិកម្ម​គឺ​កៅ​ស៊ូនិង​ដំឡូង​។​

លោកបន្ត​​ថា​ក្រសួង​នឹងរៀប​ចំ​ផែន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ធ្វើ​យ៉ាងម៉េច​ឲ្យ​ក្រុមហ៊ុន​មាន​​ការ​អនុវត្ត​តាម​ផែន​ការមេនិង​កិច្ច​សន្យា។

ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​ផ្តល់គោល​ការណ៍​គម្រោង​វិនិយោគសម្បទាន​ដី​សេដ្ឋកិច្ច​ដល់ក្រុមហ៊ុន​១១៣​ដែលមានផ្ទៃដីសរុប​៦១​០២​៩៦,៧៥ហិកតា​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ក្រសួង​បរិស្ថាន។​ ​ គម្រោង២៣​(ផ្ទៃដី​សុរប​៩០៦៨២ហិកតា)ត្រូវ​បានរដ្ឋាភិបាលសម្រេច​ដកហូត​សិទ្ធិវិនិយោគ​ គម្រោង​៤(ផ្ទៃដី​១៥៧​៩៩​ហិកតា)ត្រូវ​បាន​កាត់បន្ថយ​ទំហំ​ផ្ទៃ​ដី វិនិយោគ​និង​គម្រោង​ចំនួន២០​(ផ្ទៃដីសរុប​១៣១៧​១៧,៧៥ហិកតា​)​ត្រូវ​បាន​រដ្ឋាភិបាល​ទុក​ពេល​ឲ្យ​៦ខែ​ទៅ​១ឆ្នាំ ដើម្បី​បន្ត​នីតិវិធី​(ស្ថិតនៅក្រោម​ការ​តាម​ដាន​)ហើ​យ​គម្រោ​ង​​ចំនួន​៤១​(ផ្ទៃដីសរុប​ជិត​២០ម៉ឺនហិកតា)​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឲ្យ​បន្ត​អនុវត្ត​គម្រោង​ ដោយ​​កាត់​បន្ថយ​រយៈពេល​នៃ​កិច្ច​សន្យា​មក​ត្រឹម​៥០ឆ្នាំ។​

លោក ស្រ៊ុន ដារិទ្ធិ មាន​ប្រសាសន៍ថា​​ជា​គោល​ការណ៍​រដ្ឋាភិបា​ល​​មិន​សិទ្ធិ​បន្ថយ​រយៈ​ពេលនៃ​ការ​វិនិយោគ ដោយ​មិន​មាន​ការ​ផ្តល់សំណងអ្វីឡើយ បើទោះ​ជាមាន​កា​រ​ត​វ៉ាក៏​ដោយ​។ លោក​បញ្ជាក់​ថា​៖ "(ការ​សម្រេច​កាត់បន្ថយ​វិនិយោគដីមកត្រឹម​៥០ឆ្នាំ) ការសម្រេច​ផ្នែកនយោបាយ​ស្រប​ទៅ​តាម​ច្បាប់។ ច្បាប់រដ្ឋប្បវេណីអនុញ្ញាតឲ្យ​យើង​ធ្វើអញ្ចឹង”

លោក ស្រ៊ុន ដារិទ្ធិ បន្ត​ថាក្រុមហ៊ុន​ដែលរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បន្ត​នីតិវិធី​និង​ស្ថិតក្រោម​ការ​តាម​ដាន រដ្ឋាភិបាល​នឹង​កាត់បន្ថយមក​​​រយៈ​ពេល៥០ឆ្នាំ​​ដូចគ្នា ដោយ​គ្រាន់តែ​រង់​ចាំសេចក្តីជូនដំណឹង​(សជណ)តែ​ប៉ុណ្ណោះ​​។​ លោក​បន្ថែម​ថា​ក្រុមហ៊ុន​ខ្លះគ្រាន់តែ​ទទួល​បាន​គោល​ការណ៍​ដី​សម្បទាន​ពី​រដ្ឋាភិបាលច្រើន​ឆ្នាំ​មក​ហើយ​​ ​ ប៉ុន្តែ​មិន​ទាន់​មាន​កិច្ច​សន្យាជាមួយ​ក្រសួង​បរិស្ថាន​ ដូច្នេះលោក​ថា​រដ្ឋាភិបាល​អាច​ដក​ហូត​ដី​មក​បាន ​នៅពេលសិក្សាឃើញ​ថា​មាន​ភាពមិនប្រក្រតី។

​អ្នក​នាំពាក្យ និង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​លោក អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី៥ខែ​សីហា​ក្រុមហ៊ុន​ចំនួន៧៧ដែល​ស្ថិត​នៅក្រោម​ក្រសួងកសិកម្ម ត្រូវ​បាន​​ត្រួតពិនិត្យ និង​វាយតម្លៃ​ ដែល​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន១០ ត្រូវ​បាន​ដកហូត ​ក្រុមហ៊ុន៦ត្រូវ​បាន​ឲ្យ​សម្រួល​ផ្ទៃដី​ក្រុមហ៊ុន៥៤ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​នីតិវិធីនិង​ក្រុមហ៊ុន៧ ត្រូវ​បាន​ទុក​ពេល​ឲ្យ​ពី៦ខែ​ទៅ​១​ឆ្នាំ​ ដើម្បី​បន្ត​នីតិវិធី​។​

បើ​តាម​មន្រ្តី​ក្រសួង​កសិកម្ម ​មាន​ក្រុមហ៊ុន​សរុប​ចំនួន១២២លើ​​ផ្ទៃដី​សរុប​​ចន្លោះ​ពី១,២លាន​ហិកតា​ទៅ ១,៣លាន​ហិកតា​ដែល​បាន​ទទួល​ការ​អនុញ្ញាតនិង​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិនិយោគ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញសេ​ចក្តីប្រកាសផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យ​ពិនិត្យ​មើលឡើ​ងវិញនូវដីសម្បទានដែលមានស្រាប់ទាំងអស់៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles