ខ្មែរក្រហម​ទុក​ឱ្យ​ជនជាតិ​ចាម​ម្នាក់​រស់​ព្រោះ​ចេះ​មុជ​ទឹក​និង​រំលាយ​ដែក

ដោយ ឡេង ម៉ាលី
2015-09-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ដើម​បណ្ដឹង​រដ្ឋប្បវេណី ចាម ៦២០
ដើម​បណ្ដឹង​រដ្ឋប្បវេណី ជនជាតិ​ចាម ឈ្មោះ ហ៊ីម ម៉ាន ឆ្លើយ​ប្រាប់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo courtesy of ECCC


អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កញ្ញា បាន​បន្ត​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​ចាម នៅ​វត្ត​អូរត្រកួន ឃុំ​ពាមជីកង ខេត្ត​កំពង់ចាម។

ដើម​បណ្ដឹង​រដ្ឋប្បវេណី ឈ្មោះ ហ៊ីម ម៉ាន និង​ប្រពន្ធ​របស់​លោក ជា​ជន​រងគ្រោះ​ដែល​បាន​រួច​ជីវិត​ពី​ការ​កាប់​សម្លាប់​របស់​ពួក​សន្តិសុខ​ខ្មែរក្រហម​នៅ​វត្ត​អូរត្រកួន នោះ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី ហ៊ីម ម៉ាន បញ្ជាក់​ប្រាប់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា ផ្លូវ​ចិត្ត​របស់​លោក​ប៉ះពាល់​ខ្លាំង ពេល​ដែល​ពួក​ខ្មែរក្រហម ប្រមូល​ជនជាតិ​ចាម នៅ​ក្នុង​ឃុំ​ពាមជីកង យក​ទៅ​សម្លាប់​អស់៖ «ខ្លួន​ខ្ញុំ​នេះ​វា​ទ្រុឌទ្រោម​តាំង​ពី​ថ្ងៃ​ហ្នឹង​មក។ វា​គ្មាន​អី​សង្ឃឹម។ ចិត្ត​ខ្ញុំ​វា​ចង់​ឆ្កួត​បន្តិច​អី​បន្តិច ព្រោះ​វា​អស់​ពូជ​អម្បូរ អស់​ខាង​សាសនា​រលីង។ តាំង​ពី​សាច់​ញាតិ សាច់​សារ​លោហិត​ក្នុង​ភូមិ​រលីង ខ្ញុំ​គ្មាន​សង្ឃឹម​ទេ។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា បើ​មាន​កម្លាំង​ជួយ បើ​មាន​លទ្ធភាព​ជួយ គឺ​ខ្ញុំ​ជួយ​ហើយ។ ប៉ុន្តែ​ខ្ញុំ​គ្មាន»

លោក ហ៊ីម ម៉ាន ថ្លែង​ថា ពួក​សន្តិសុខ​ខ្មែរក្រហម​នៅ​ក្នុង​ភូមិ​សាច់សូរ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​ចាត់​ទុក​ជនជាតិ​ចាម ថា​ជា​ខ្មាំង​ទី​មួយ​របស់​ខ្លួន បន្ទាប់​ពី​ជនជាតិ​ខ្មែរ។ លោក​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ជនជាតិ​ចាម ៣០​គ្រួសារ គេ​ចាប់​ទៅ​សម្លាប់​នៅ​វត្ត​អូរត្រកួន គឺ​មាន​តែ​ប្អូន​ជីដូន​មួយ និង​ប្រពន្ធ​លោក​ និង​លោក​ទេ ដែល​រត់​រួច​ជីវិត ហើយ​ពួន​ក្នុង​បឹង​កំប្លោក​ជិត​កន្លែង​សម្លាប់​នោះ។

លោក​អះអាង​ថា លោក​ឮ​ពួក​ខ្មែរក្រហម​វាយ​សម្លាប់​ជនជាតិ​ចាម ដែល​ប្រមូល​បាន​នោះ៖ «ខ្ញុំ​នៅ​ក្រាប​ជា​មួយ​ប្រពន្ធ​ខ្ញុំ​ហ្នឹង ឮ​សម្រែក។ គ្រាន់​តែ​វាយ​ហ្នឹង​ក៏​ឮ​ដែរ។ ឮ​សម្រែក​ថា “អល់ឡោះ ប៉ូលើយ” ស្រែក​ហៅ​អល់ឡោះ។ ស្រែក​អ៊ីចឹង ស្រែក​ថា អល់ឡោះ អល់ឡោះ​ជា​ម្ចាស់។ អ៊ីចឹង​រឿង​អី​ដែល​ក្រៅ​ពី​សាសនា​មូស្លីម​ទៅ​ស្រែក​ថា អល់ឡោះ? មាន​តែ​បងប្អូន​ខ្ញុំ ម៉ែ​ខ្ញុំ ប្អូន​ខ្ញុំ បងប្អូន​អ្នក​ភូមិ​អ្នក​ផង​ទាំង​អស់​ហ្នឹង​ចាម ដែល​ប្រមូល​ទៅ​ជា​មួយ​ខ្ញុំ ដែល​ខ្ញុំ​គេច​រួច​ហ្នឹង។ ខ្ញុំ​ឮ​ស្នូរ​ហ្នឹង​ដោយ​ខ្ញុំ​ក្រាប​នៅ​ក្បែរ​ហ្នឹង»

លោក ហ៊ីម ម៉ាន បន្ត​ថា លោក និង​ប្រពន្ធ​ពួន​នៅ​ក្នុង​បឹង​កំប្លោក​ជិត​កន្លែង​សម្លាប់​នោះ​ជាង​បី​ខែ មុន​នឹង​ពួក​សន្តិសុខ​ដាវ​វែង​ចាប់​ខ្លួន​បាន​ម្ដង​ទៀត។ ប៉ុន្តែ ក្រោយ​ពេល​ចាប់​ខ្លួន​បាន​ម្ដង​ទៀត គណៈ​ស្រុក​ខ្មែរក្រហម​សម្រេច​ទុក​ជីវិត​ឱ្យ​លោក​រស់ គឺ​ដោយសារ​គេ​ត្រូវ​ការ​ជំនាញ​មុជ​ទឹក និង​ស្ល​ដែក​របស់​លោក៖ «តាម​ចៅហ្វាយ​ស្រុក កាន ហ្នឹង​វា​ថា ទុក​ទៅ​ម្នាក់​នេះ​គ្មាន​ទាក់ទង​ពី​ណា​ទេ។ វា​ដឹង​ថា​ខ្ញុំ​អត់​ទៅ​ណា ខ្ញុំ​នៅ​តែ​ក្នុង​បឹង​ហ្នឹង។ អ៊ីចឹង​វា​ឱ្យ​ខ្ញុំ​រស់​ដោយសារ​តែ​ខ្ញុំ​ចេះ​មុជ​ទឹក​បាត​ទន្លេ ព្រោះ​ចាម​អ្នក​ចេះ​មុជ​ទឹក​អស់​ហើយ​ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ទេ។ អ៊ីចឹង​វា​ទុក​ខ្ញុំ ហើយ​អ្នក​រំលាយ​ដែក​​ធ្វើ​ស្លាបព្រា និង​ផាល​អី ខ្ញុំ​អ្នក​រំលាយ​ដែក»

ដើម​បណ្ដឹង​រដ្ឋប្បវេណី ហ៊ីម ម៉ាន ជម្រាប​អង្គ​ជំនុំជម្រះ​ទៀត​ថា ជនជាតិ​ចាម ក្នុង​ភូមិ​សាច់សូរ ត្រូវ​ពួក​សន្តិសុខ​ប្រមូល​ទៅ​សម្លាប់​ទាំង​អស់ ក្នុង​ទិសដៅ​ធ្វើ​ឱ្យ​ភូមិ​នោះ​មាន​តែ​ជនជាតិ​ខ្មែរ។ ទោះ​ជា​ដូច្នេះ​ក្ដី លោក​អះអាង​ថា នៅ​មុន​ពេល​របប​ខ្មែរក្រហម​ដួល​រលំ​បន្តិច ជនជាតិ​ខ្មែរ​មាន​វ័យ​ចាស់ៗ ក៏​ត្រូវ​គេ​ប្រមូល​បម្រុង​យក​ទៅ​សម្លាប់​ដែរ។

ស្រប​ពេល​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង កំពុង​រក​ការ​ពិត​ក្នុង​រឿង​សម្លាប់​ជនជាតិ​ចាម នៅ​វត្ត​អូរត្រកួន​នេះ ភាគី​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​ការពារ​ជនជាប់ចោទ សុទ្ធតែ​ទាមទារ​ដាក់​ភស្តុតាង និង​កោះហៅ​សាក្សី​បន្ថែម​ទៀត​រៀងៗ ខ្លួន។ ភស្តុតាង និង​សាក្សី​ទាំង​នោះ គឺ​យក​មក​ពី​ សំណុំរឿង ០០៤ ដែល​ក្នុង​នោះ ក៏​មាន​ជន​សង្ស័យ​ម្នាក់ គឺ​លោក អោ អាន ឬ​ហៅ​ថា តា អាន។ តា អាន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​មនុស្ស នៅ​មន្ទីរ​សន្តិសុខ​អូរ​ត្រកួន។ ដោយសារ​ការ​ទាមទារ​នេះ​ស្មុគស្មាញ និង​មាន​សំណើសុំ​ជា​ច្រើន​ទៀត អង្គ​ជំនុំជម្រះ​សាលាដំបូង​សម្រេច​លើក​សវនាការ​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ហ៊ីម ម៉ាន ទៅ​ធ្វើ​ជា​បន្ត​ទៀត នៅ​ចន្ទ ទី​២៨ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles