ព្រាប សុវត្ថិ​ ស្ម័គ្រ​ច្រៀង​ផ្ដល់កម្លាំង​ចិត្ត​សិស្ស​ប្រឡងជាប់​ថ្នាក់ទី ១២​

តារា​ចម្រៀង ព្រាប សុវត្ថិ និង​លោក ពុយ គា មន្រ្តីជាន់​ខ្ពស់​នៅសាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ AUPP។ រូបថត ហ្វេសប៊ុក

តារា​ចម្រៀង ព្រាប សុវត្ថិ និង​លោក ពុយ គា មន្រ្តីជាន់​ខ្ពស់​នៅសាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ AUPP។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ​នៅ​ម៉ោងបីកន្លះ​រសៀល​ថ្ងៃ​នេះ តន្ត្រី​ចាប់​ឆ្នោត​ផ្ដល់​សំណាង​លើកទឹកចិត្ត​​សិស្សទើប​នឹង​ប្រ​ឡង​ជាប់បាក់ឌុបឆ្នាំ ២០១៥ ដែល​ជា​តន្ត្រី​ដ៏​កម្រ​ នឹង​ប្រគំ​ឡើងយ៉ាង​គ្រលួច​ គួ​ចផ្តាំព្រះសូរិយា​ មុន​យាងចូល​ទ្រនំ​ នៅ​ក្នុងសាកលវិទ្យាល័យ​​អាមេរិកាំងភ្នំពេញ (AUPP) ក្រោយ​វត្ត​មាន​ជា​ពិសេស​ពី​កំពូល​តារាចម្រៀង​ឫកពាថ្លៃថ្នូរ​តែ​ម្នាក់​គត់ ​មក​ពី​ផលិតកម្ម​ហង្សមាស​ លោក ព្រាប​ សុវត្ថិ ស្ម័គ្រ ​ផ្ដល់​សំណាង​ផ្ទាល់​។

វាពិតជា​ត្រេក​អរណាស់​សម្រាប់​សិស្សានុសិស្ស ដែល​ទើប​សម្រេច​បាន​ជយលាភី​ ក្រោយ​ពី​ប្រើវេលា​សិក្សា​អស់​រយៈពេល ១២ ឆ្នាំ ដែល​កំពូល​តារា​ចម្រៀងលោក ព្រាប សុវត្ថិ​ ​ក៏​ស្ម័គ្រចូល​ខ្លួន​មក​ជួយ​មួយ​ផ្នែកទាំង​ផ្ដល់ការកម្សាន្ដ​អារម្មណ៍​ និង​ផ្ដល់​ឱកាស​សិក្សា​ ក្រោមឈ្មោះ​អាហារូបករណ៍​ផងនោះ​។

បង្ហាញពី​ចំណាប់​អារម្មណ៍​ដែល​លោកស្ម័គ្រចិត្ត​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​ តន្ត្រី​ចាប់ឆ្នោតផ្ដល់​សំណាងលើកទឹក​ចិត្ត​​សិស្សទើប​នឹង​ប្រឡង​ជាប់បាក់​ឌុបឆ្នាំ ២០១៥ ​តារាចម្រៀង​ចាស់​វស្សា​ទីផ្សាររាង​មាំ​លោក​ ព្រាប សុវត្ថិបានប្រាប់​ថា៖​ «ខ្ញុំ​ជា​អ្នកចម្រៀង​ គ្មាន​អ្វីដែលខ្ញុំ​អាច​ជួយ​បាន​ផ្នែកអប់រំ ជំនាញ​ខ្ញុំ(​ច្រៀងរាំ) ហើយ​កាល​ដែល​អាចជួយ​បាន​ដល់ផ្នែក​អប់​រំ​ពេល​នេះ​ក៏តាមរយៈ​ជំនាញ​ខ្ញុំដែរ​»។


PPP-preap-sovat

ជា​មួយ​សម្ដី​សារភាព​ដ៏​មាន​អត្ថន័យ​នេះ កំពូល​តារា​ចម្រៀង​ដែល​​ទទួល​បានប្រជាប្រិយ​ភាព​ ក្នុង​ឋានៈជាគណៈកម្មការ​ផ្តល់ពិន្ទុក្នុងកម្ម​វិធី​ប្រឡង​ចម្រៀង​ថ្នាក់​អន្តរជាតិ​ នៅ​ក្រោម​ដំបូលផលិតកម្ម​ហង្សមាស​ លោក ព្រាប សុវត្ថិ បាន​ថ្លែង​បន្ត​ថា៖ «​មាន​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​​នេះ ខ្ញុំ​ស្ម័គ្រ​ច្រៀង​ដោយ​មិន​គិត​ថវិកាឡើយ​ ធ្វើ​ឡើង​សម្រាប់​អបអរ​សិស្ស​ជាប់​បាក់ឌុប​ទាំងអស់។​ ខ្ញុំ​ជា​អ្នកចាប់​ឆ្នោត​​ផ្សង​សំណាង បើ​សិន​ប្អូន​ណា​ឈ្នះ គឺ​បាន​ចូលរៀន​ដោយ​ឥត​បង់​លុយ​រហូត​ចប់​បរិញ្ញាបត្រនៅ​សាលា​សាកលវិទ្យាល័យ​ AUPP»។

បន្ត​ពី​ការបញ្ជាក់​ថា សន្លឹក​ឆ្នោត​នាំសំណាង​ដល់​សិស្ស​ ដែល​នឹង​ទទួល​បាន​ពី​​ដៃ​របស់​លោក​ក្នុង​ការប្រគំតន្ត្រី​ថ្ងៃនេះ​ មាន​តែ​ចំនួន ៨ សន្លឹក មិនអាច​លើស​បាននោះ ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ បាន​បង្ហើប​ពី​ជំហរ​បើក​ទូលាយ​ក្នុង​ការ​ស្ម័គ្រ​ទទួលយក​ការប្រគំ​តន្ត្រី​បែបនេះ​ ប្រសិ​ន​​បើ​ជា​ព្រឹត្តិការណ៍​ជួយសង្គម​​ ហើយ​​ពេលវេលាទំនេរ​ពី​ការងារ​សិល្បៈ​ដ៏មមាញឹក​របស់​លោក​អំណោយ​ផល។​

លោក ព្រាប សុវត្ថិ លើក​ឡើង​​ថា៖ «ការ​ប្រគំតន្ត្រី​បែប​នេះ​ ជួយ​ជំរុញ​ទឹក​ចិត្ត​សិស្ស​ក្រីក្រ​បាន​ច្រើន​ដល់​ការ​រៀន​សូត្រ ឬ​ជួយ​ក្មេង​កំព្រា និង​សិស្ស​ជាប់​និទ្ទេស​ល្អ​អី​ជា​ដើម។ ប្រសិនបើ​ជា​ខាង​សាលា​ផ្សេងៗ​គាត់​មាន​កម្មវិធី​ប្លែកៗ លើកទឹក​ចិត្ត​សិស្ស​នោះ​ យើង​​អាច​សិក្សា និង​សហការ​គ្នា​បាន​។ ក្នុងន័យ​រៀបចំកម្មវិធី​បែប​ហ្នឹង ចំ​ពេល​ខ្ញុំ​ទំនេរផង​ដែរ»។

នេះ​មិន​មែន​ជា​លើក​ទីមួយ​ឡើយ​ដែល​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ស្ម័គ្រ​ចិត្ត​ច្រៀង​មិនគិត​កម្រៃ​ ហើយ​កន្លង​មកលោក​ក៏​​ធ្លាប់​បាន​បរិច្ចាគ​ប្រាក់ផ្ទាល់ខ្លួនខ្ទង់ពាន់​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កាកបាទ​ក្រហមទៀត​ផង។

​​បង្ហាញពី​ទឹក​ចិត្ត​មនុស្សធម៌​ដែល​មិន​បាន​ផ្សព្វផ្សាយ លោក​រៀបរាប់​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ធ្លាប់​បាន​ជួយ​កុមារ​កំព្រា​នានា​​ជា​ច្រើន ដែល​គាត់​ខ្វះ​ខាត គ្មាន​ទី​ពឹង​មិនអាច​ធ្វើឲ្យ​ជីវិត​រុងរឿង​បាន។ ខ្ញុំ​បាន​យក​គាត់​ទៅ​ដាក់​តាម​​អង្គការ​នានា និង​ស្នើ​សុំ​ឲ្យ​អង្គការ​ជួយ​ជា​ដើម»៕


What Next?

Recent Articles