ដោយ អ៊ុំ រង្សី
2015-09-17
RFA

ក្រុមគណៈមេធាវីអន្តរជាតិ ធ្វើសន្និសីទសារព័ត៌មានស្ដីពីយុត្តិធម៌ទល់នឹងអំពើពុករលួយ ការតស៊ូឆ្ពោះទៅរកឯករាជភាពនៃអំណាចតុលាការក្នុងប្រទេសកម្ពុជា រៀបចំដោយវិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ (International Bar Association’s Human Rights Institute) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Um Rainsey
របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ (International Bar Association’s Human Rights Institute) ប្រចាំទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បង្ហាញថា វិសាលភាពនៃអំពើពុករលួយលើប្រព័ន្ធតុលាការ គឺជាឫសគល់ និងជាបញ្ហាប្រឈមចំពោះឯករាជភាពនៃប្រព័ន្ធតុលាការកម្ពុជា។ ទន្ទឹមគ្នានេះ គណៈមេធាវីអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ទាន់លើការអនុវត្តច្បាប់ដោយឯករាជ្យ ដើម្បីដោះស្រាយបញ្ហាអយុត្តិធម៌ក្នុងសង្គម។
របាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ បានគូសបញ្ជាក់វិសាលភាពនៃអំពើពុករលួយលើប្រព័ន្ធតុលាការ ចំណែកឯផ្នែកនយោបាយក៏មានការដាក់សម្ពាធពីសំណាក់អ្នកមានអំណាច បានជះឥទ្ធិពលខ្លាំងដល់ការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
របាយការណ៍នេះត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីយុត្តិធម៌ ទល់នឹងអំពើពុករលួយ ការតស៊ូឆ្ពោះទៅរកឯករាជភាពនៃអំណាចតុលាការក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា។
នាយកវិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ លោក ហ្វីលីព តាមីនជីស (Phillip Tahmindjis) បានឲ្យដឹងនៅក្នុងសន្និសីទកាសែតនោះថា របាយការណ៍ដែលបានស្រាវជ្រាវកាលពីខែមេសា កន្លងទៅរបស់គណៈប្រតិភូនៃគណៈមេធាវីអន្តរជាតិ រកឃើញច្បាប់បីដែលទើបអនុម័តដែលរួមមាន ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ព្រមទាំងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការ។
លោកបន្តថា មាត្រាមួយចំនួននៃច្បាប់ទាំងបីនេះ បានជះឥទ្ធិពលអវិជ្ជមានលើឯករាជភាពនៃប្រព័ន្ធតុលាការ និងអាចធ្វើឲ្យមានការផ្ទេរអំណាចយ៉ាងច្រើនពីតុលាការទៅលើនីតិប្រតិបត្តិ ហើយលោកថា នេះ គឺជាក្តីបារម្ភរបស់ពលរដ្ឋកម្ពុជា ក៏ដូចជាគណៈមេធាវីអន្តរជាតិដែលរដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់ជាបន្ទាន់។
ជាងនេះទៀត របាយការណ៍ដដែលបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានទទួលតួនាទីដ៏មានអំណាចបំផុតទាំងផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែងក្នុងប្រព័ន្ធយុត្តិធម៌ និងឥទ្ធិពលលើផ្នែកស្ទើរតែទាំងអស់របស់ចៅក្រម ហើយអំណាចនោះរួមមាន ឥទ្ធិពលផ្លូវការយ៉ាងច្រើនលើថវិកាធនធាន ការបណ្តុះបណ្តាល ការតែងតាំង ការដំឡើងតំណែងរយៈពេលកាន់តំណែង និងការដកចេញនៅក្នុងប្រព័ន្ធតុលាការ ត្រូវបានចែងក្នុងច្បាប់ថ្មីទាំងបីនោះ។
បញ្ហាប្រឈមទាំងនេះ កំពុងតែជំរុញឲ្យប្រព័ន្ធតុលាការកម្ពុជា មានការស៊ីសំណូក និងអំពើពុករលួយកាន់តែច្រើនទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកនយោបាយដែលមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ទទួលបានសិទ្ធិស្មើគ្នា។
ឆ្លើយតបនឹងរបាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលរបាយការណ៍នេះថាគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់តុលាការកម្ពុជា។ លោកដាក់ការសង្ស័យថា របាយការណ៍នេះធ្វើឡើងចំពោះក្រុមដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលប៉ុណ្ណោះ៖ «វាមិនមានអ្វីថ្មី និងជារឿងចម្លែកទេ បើពួកគាត់នាំគ្នាសរសេរតែអ្វីដែលសម្រេចជោគជ័យរបស់រដ្ឋាភិបាល ភាពរីកចម្រើន អានោះបានជារឿងចម្លែក ចឹងរបាយការណ៍ដែលបង្ហាញតែពីភាពខ្មៅងងឹតរបស់រដ្ឋាភិបាល វាជារឿងធម្មតាទៅហើយ»។
ចំណែកឯនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សោកស្ដាយដែលរដ្ឋាភិបាលច្រានចោលរបាយការណ៍ ព្រោះរបាយការណ៍នេះបានឆ្លុះបញ្ចាំងពីតថភាពពិតរបស់សង្គមកម្ពុជា បច្ចុប្បន្ន។ អ្នកស្រីបន្តថា រដ្ឋាភិបាលគួរតែពិចារណា និងយកអនុសាសន៍ដែលមានក្នុងរបាយការណ៍នេះទៅស្ថាបនាឡើងវិញ៖ «យើងគួរតែទទួលស្គាល់នូវចំណុចខ្សោយរបស់យើង បើយើងពិតជាចឹងធ្វើឲ្យប្រព័ន្ធតុលាការមានកំណែទម្រង់ពិតមែន រដ្ឋាភិបាលត្រូវតែយកមកគិត មកសិក្សាបន្ថែម»។
ក្នុងរបាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ ក៏បានដាក់អនុសាសន៍ជូនរដ្ឋាភិបាលកម្ពុជា ត្រូវតែប្ដេជ្ញាធានាការពារការបែងចែកអំណាចនៅក្នុងប្រទេសកម្ពុជា គោរពឯករាជភាពរបស់ប្រព័ន្ធតុលាការ និងគណៈមេធាវី ដើម្បីលុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលស្នើអ្នកស្រី រ៉ូណា ស្មីត យកបញ្ហារំលោភសិទ្ធិមនុស្សពិភាក្សាជាមួយរដ្ឋាភិបាល
- សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាពីបក្សសម រង្ស៊ី
- ក្រសួងការបរទេសអន្តរាគមន៍ជួយស្ត្រីខ្មែរពីប្រទេសចិន៥នាក់បន្ថែមទៀត
- មន្ត្រីកម្ពុជានឹងទៅសម្ភាសជនភៀសខ្លួននៅកោះណាវរូដែលចង់មករស់នៅកម្ពុជាបន្ថែមទៀត
- តុលាការខេត្តស្វាយរៀងជម្រះក្តីរឿងរដ្ឋបាលព្រៃឈើប្ដឹងប្រធានសហគមន៍និងសកម្មជនដីធ្លី
- អង្គការខ្មែរក្រោមស្នើកុំចាប់បញ្ជូនខ្មែរក្រោមមិនទាន់មានលិខិតរស់នៅត្រឹមត្រូវចេញពីកម្ពុជា
- ប្រវត្តិអ្នករាយការណ៍ពិសេសថ្មីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
- មន្ត្រីសិទ្ធិមនុស្សរិះគន់រដ្ឋាភិបាលអំពីគម្រោងចាប់បញ្ជូនម៉ុងតាញ៉ាទៅវៀតណាមវិញ
- សង្គមស៊ីវិលទាមទារឲ្យដោះលែងសកម្មជននយោបាយនិងរកយុត្តិធម៌ជូនអ្នកស្លាប់