Fri, 18 September 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: កញ្ញា លី អ៊ីវ៉ាធីណា ជាតារាចម្រៀង កូនកាត់ចិន ជ្រកក្រោមដំបូលផលិតកម្មថោន តែងជួយការងារមនុស្សធម៌ជួយអ្នកក្រីក្រ និងក្មេងកំព្រាស្ងាត់ៗ ប៉ុន្តែត្អូញថា ជាតារាចម្រៀងគ្មានលុយទិញសម្លៀកបំពាក់ថ្លៃៗឡើងឆាកដូចតារាចម្រៀងគេឯទៀត បានបង្ហាញភាពភ្ញាក់ផ្អើលក្នុងគណនីហ្វេសប៊ុកថា៖ «ថ្ងៃនេះស៊យ ឡានត្រូវបានឡានគេបុកហើយរត់បាត់ទៀត»។
នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កញ្ញា លី អ៊ីវ៉ាធីណា បានបង្ហាញពីហេតុការណ៍នាងជួបគ្រោះថ្នាក់ចរាចរណ៍ឲ្យមហាជនក៏ដូចជាមិត្តភក្កិដឹងនោះ ដោយនាងសរសេរថា៖ «ស៊យណាស់ ខ្ញុំត្រូវឡានបុកពីចំហៀង ចេះសំណាងអត់មានរបួសអី ស្តាយណាស់ វាបុកយើងហើយ បើករត់យ៉ាងលឿន កុំអីដឹងគ្នាហើយ បើកប្រញាប់ ទៅងាប់ហើយមើលទៅ»។
ក្នុងសារអមដោយបង្ហាញស្លាកស្នាមខូចខាតរថយន្ដផ្នែកចំហៀងនេះ ដ្បិតថាក្នុងន័យ លី អ៊ីវ៉ាធីណា បានសរសេរចុងក្រោយថា (បើកប្រញាប់ ទៅងាប់ហើយមើលទៅ) នោះ ប៉ុន្តែតបនូវការសាកសួរសុខទុក្ខពីមិត្តភក្តិយ៉ាងច្រើន បើទោះជាអ្នកខ្លះសរសេរដាក់ទំនាយអ្នកបើកឡានបុកនាង ដោយពាក្យធ្ងន់ៗក្តី តែតារាចម្រៀងកូនកាត់ចិន រមែងខកស្នេហ៍វ័យ ៣០ ឆ្នាំ រូបនេះ មិនបានសរសេរតបតដាក់ទំនាយអ្នកបង្កហេតុឡើយ។
ផ្ទុយទៅវិញ ក្រៅពីប្រាប់ថា៖ «មិនអីទេ សុខសប្បាយ ខូចតែឡានធ្វើអស់ជាង ៣០០ ដុល្លារហ្នឹង កញ្ញា លី អ៊ីវ៉ាធីណា ក៏សរសេរពាក្យតថា៖ «ធើ្វបុណ្យបានច្រើនហើយបុណ្យមកជួយផុតគ្រោះថា្នក់បៀតបៀនរាងកាយឲ្យជួបតែសេចក្ដីសុខទៅ»។
ក្នុងជំនួបជាមួយ ភ្នំពេញ ប៉ុស្តិ៍ តារាចម្រៀងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា បានបញ្ជាក់ថា៖ «មកពេលនេះរថយន្តខ្ញុំបានធ្វើវារួចរាល់ហើយ ដោយធ្វើវាអស់ចំនួនជាង ៣ រយដុល្លារ។ ព្រោះវាខូចតែមួយចំហៀងនៅកន្លែងគេបុក ចំណែកមនុស្សខាងក្នុងក៏មិនមានអីដែរ»។
តារាចម្រៀងពោរពេញដោយទឹកចិត្តមនុស្សធម៌ រមែងជួយរកថវិកាផ្តល់ឲ្យជនក្រីក្រកុមារកំព្រា ប៉ុន្តែមិនចង់ចេញមុខនោះ កញ្ញា លី អ៊ីវ៉ាធីណា ក៏បានរៀបរាប់ពីដំណើរដែលនាំឲ្យរថយន្តនាងត្រូវគេបើកឡានមកបុក ដោយនាងប្រាប់ថា៖ «នៅល្ងាចថ្ងៃទី ១៦ ម្សិលម្ង៉ៃ ម៉ោងប្រហែលជា ៦ កន្លះ ខ្ញុំបានចេញឡានពីផ្ទះ ក្នុងដំណើរទៅញ៉ាំអាហារ ប៉ុន្តែមិនទាន់បានទៅដល់កន្លែងញ៉ាំអាហារទេ ដែលទើបនឹងចេញក៏ជួបគ្រោះស៊យបែបនេះតែម្តង»។
តារាចម្រៀងវ័យ ៣០ ឆ្នាំ ដែលបដិសេធមិនទាន់រកម្ចាស់ស្នេហ៍បាន ក្រោយបែកស្នេហាពីបុរសកូនកាត់ចិនដូចគ្នា ដែលរំពឹងដឹកដៃគ្នាចូលរោងការនោះ នាងបានបញ្ជាក់ឲ្យដឹងថា៖ «ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ឡានគេមក បុកនេះ មិនត្រូវបាន ភាគីបង្កនោះសងមួយរយ ឬមួយរៀលទេ ហើយក៏មិនបានចុះមកសុំទោសដែរ។ ពោលគឺឡានអ្នកបើកបុកនេះ ម៉ាកធុនត្រា បុកហើយក៏បើករត់ទៅបាត់»។
ក្នុងអារម្មណ៍សោកស្ដាយ ខាតទាំងពេលវេលា បង់ទាំងទ្រព្យលុយកាក់នោះ លី អ៊ីវ៉ាធីណា បានលើកឡើងថា៖ «លុយ ៣ ទៅ ៤០០ ដុល្លារខ្ញុំក៏មិនមែនជាអ្នកមានទេ តែលុយប៉ុណ្ណឹងបើបានយកទៅជួយអ្នកក្រីក្រ កុមារកំព្រានោះខ្ញុំមិនស្តាយទេ តែនេះបែរជាយកមកចាយរឿងគេឲ្យគ្រោះខ្ញុំស្តាយ»។
តារាចម្រៀងរូបនេះបានពោលទៀតថា៖ «ហេតុអ្វីអ្នកបើកបរ មានលុយទិញឡានថ្លៃៗ ហើយម៉េចបានជាខ្វះភាពទទួលខុសត្រូវ ម៉េចក៏មិនទទួលខុសត្រូវដើម្បីរក្សាភាពថ្លៃថ្នូរជាអ្នកមាន មានឡានថ្លៃជិះ ម៉េចបានជាធ្វើចរិត អ៊ីចឹងនាំឲ្យថោកដល់សង្គមខ្មែរទៅវិញ»៕
